
ទ្វារដែលបើកចំហ
ដោយAlistair Begg
November 20, 2026
«ចូរសរសេរផ្ញើទៅទេវតានៃពួកជំនុំ ដែលនៅក្រុងភីឡាដិលភាថា ព្រះអង្គដ៏បរិសុទ្ធ ហើយពិតប្រាកដ ដែលទ្រង់កាន់កូនសោរបស់ហ្លួងដាវីឌ ដែលទ្រង់បើក ហើយគ្មានអ្នកណាបិទ ក៏បិទ ហើយគ្មានអ្នកណាបើកបាន ទ្រង់មានបន្ទូលសេចក្ដីទាំងនេះថា អញស្គាល់ការដែលឯងធ្វើហើយ មើល អញបានបើកទ្វារចំហនៅមុខឯង គ្មានអ្នកណាអាចនឹងបិទបានទេ ពីព្រោះទោះបើឯងមានអំណាចតែបន្តិចក៏ដោយ គង់តែបានកាន់តាមពាក្យអញដែរ ហើយមិនបានលះបង់ឈ្មោះអញទេ»។ វិវរណៈ ៣:៧-៨
ក្នុងកណ្ឌគម្ពីរវិវរណៈ កូនសោនោះគឺជានិមិត្តរូបតំណាងឲ្យអំណាចរបស់ព្រះគ្រីស្ទ ហើយទ្វារតំណាងឲ្យឱកាស ។ ដូចនេះ នៅពេលដែលព្រះអង្គផ្ញើសំបុត្រនោះទៅពួកជំនុំនៅទីក្រុងភីឡាដិលភា ព្រះអង្គកំពុងប្រកាសអំពីអង្គទ្រង់ ជាអ្នកកាន់កូនសោនោះ ដែលបើកទ្វារចូលទៅរកសេចក្តីសង្គ្រោះ និងបើកទ្វារឲ្យគេមានឱកាសបម្រើ ។ អាចនិយាយម្យ៉ាងទៀតថា ពេលណាយើងបានដើរចូលតាមទ្វារចង្អៀត ដែលនាំទៅរកជីវិត យើងរកឃើញថា ជីវិតនោះគឺត្រូវមានការបម្រើ ។
ពួកជំនុំនៅទីក្រុងភីឡាដិលភា បានចូលតាមផ្លូវទៅរកសេចក្តីសង្គ្រោះ តែឥឡូវនេះ បានប្រឈមមុខដាក់ការទាស់ប្រឆាំង និងការគំរាមកំហែងនៃគ្រាវេទនានៅពេលអនាគត ។ ដូចនេះ គិតមកត្រឹមពេលនោះ ពួកគេ «មិនបានបដិសេធព្រះនាមព្រះគ្រីស្ទ»ទេ ហើយពួកគេក៏មិនបានរាថយ ក្នុងការប្រកាសសេចក្តីពិត អំពីព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់ពួកគេ ក្នុងទីក្រុងដែលព្រះអង្គបានដាក់ឲ្យពួកគេនៅ ។ ប៉ុន្តែ នៅពេលដែលពួកគេបានឃើញពពកខ្មៅកាន់តែច្រើនមុនពេលខ្យល់ព្យុះបក់មក ពួកគេប្រហែលជាគ្រាន់តែចង់ជិះរទេះក្រឡឹងជុំវិញ ប្រកាសដកថយ ហើយសម្រេចចិត្តថា ពេលនេះមិនអំណោយផលសម្រាប់ការផ្សាយដំណឹងល្អទេ ។ នៅពេលដែលពួកគេពិចារណា អំពីបញ្ហាទាំងអស់ដែលពួកគេប្រឈមមុខដាក់ ពួកគេងាយនឹងសន្និដ្ឋានថា ការរស់នៅដែលមានការបម្រើយ៉ាងដូចនេះ ចាំបាច់ត្រូវរង់ចាំឱកាសដែលអំណោយផលជាងនេះ ។
ទោះជាយ៉ាងណាក៏ដោយ ព្រះគ្រីស្ទបានជំរុញពួកគេមិនឲ្យរាថយពីការត្រាស់ហៅរបស់ពួកគេទេ ។ ទ្វារបានចំហហើយ ឥឡូវនេះ ពួកគេត្រូវចូលតាមទ្វារនោះ! ពួកគេនឹងជៀសមិនរួចពីទុក្ខវេទនានោះទេ តែព្រះអង្គសន្យាថា នឹងទ្រទ្រង់ពួកគេ នៅពេលដែលពួកគេប្រឈមមុខដាក់ទុក្ខវេទនាទាំងអស់នោះ ។ ព្រះអង្គប្រាប់អ្នកជឿដែលកំពុងទទួលរងសម្ពាធធ្ងន់ធ្ងរទាំងនោះថា បើពួកគេគ្រាន់តែដើរចូលតាមទ្វារនោះ ហើយមានចិត្តស្មោះត្រង់ចំពោះការត្រាស់ហៅ ពួកគេនឹងបានឃើញមនុស្សជាច្រើនប្រែចិត្តជឿព្រះ ក្នុងចំណោមមនុស្សដែលទាស់ប្រឆាំងពួកគេ (វិវរណៈ ៣:៩)។
ចុះចំណែកយើងវិញ ? តើយើងបានត្រៀមខ្លួនដើរចូលតាមទ្វារនៃឱកាសផ្សាយដំណឹងល្អនោះ ដោយដឹងថា ព្រះយេស៊ូវត្រាស់ហៅមនុស្ស ឲ្យមានជំនឿដែលនាំឲ្យបានសង្គ្រោះ តាមរយៈការផ្សព្វផ្សាយរបស់អ្នក ដែលមិនព្រមបដិសេធព្រះនាមព្រះអង្គឬទេ ? តើយើងហ៊ាននិយាយថា «ឱព្រះអម្ចាស់យេស៊ូវគ្រីស្ទ ទូលបង្គំមានកម្លាំងតិចទេ តែទូលបង្គំត្រៀមខ្លួនជាស្រេច ដើម្បីផ្សាយដំណឹងល្អ ទោះនៅទីណា នៅពេលណា ហើយត្រូវផ្សាយដល់នរណាក៏ដោយ» ?
ចូរអធិស្ឋានសូមឲ្យអ្នកមានឱកាស ដែលអ្នកនឹងនិយាយ ហើយធ្វើអ្វីម្យ៉ាង ។ ចូរអធិស្ឋានសូមឲ្យអ្នកមានចក្ខុវិស័យ និងភាពប៉ិនប្រសប់ ដោយជើងម្ខាងឈរលើព្រះគម្ពីរប៊ីប ហើយម្ខាងទៀតឈរនៅលើវប្បធម៌ ដើម្បីឲ្យអ្នកចែកចាយសេចក្តីពិតអំពីព្រះយេស៊ូវ តាមរបៀប ដែលតភ្ជាប់ជាមួយមនុស្សដែលកំពុងស្តាប់ ។ បើអ្នកមិនរាថយ តែអ្នកបន្តចែកចាយដំណឹងល្អ ដោយចក្ខុវិស័យ ការបន្ទាបខ្លួន ដោយការដឹកនាំពីព្រះអង្គ និងដោយភាពប៉ិនប្រសប់ នោះមនុស្សដែលមើលឃើញអ្នកជាសត្រូវនៅថ្ងៃនេះ នឹងក្លាយជាបងប្អូនប្រុសស្រីរបស់អ្នក នៅថ្ងៃណាមួយ ដោយអំណាចនៃព្រះវិញ្ញាណរបស់ព្រះអង្គ និងអំណាចនៃព្រះបន្ទូលទ្រង់។
ខគម្ពីរជញ្ជឹងគិត៖ វិវរណៈ ៣:៧-១៣
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ១របាក្សត្រ ២៨-២៩ និង លូកា ៤:៣១-៤៤