
ខ្វាក់ពីកំណើត
ដោយAlistair Begg
November 22, 2026
«ពួកផារិស៊ី ដែលនៅជាមួយនឹងទ្រង់ បានឮពាក្យនោះ ក៏ទូលសួរថា តើយើងខ្ញុំខ្វាក់ដែរឬអី ?»។ យ៉ូហាន ៩:៤០
រឿងដែលមិននឹកស្មានដល់ ដែលគួរឲ្យសោកសៅមួយ ក្នុងបទគម្ពីរយ៉ូហាន ជំពូក៩ គឺជារឿងដែលបុរសពិការភ្នែកម្នាក់ បានមើលឃើញវិញ តែមនុស្សជាច្រើនមានភ្នែកពីរដែលអាចមើលឃើញ តែខ្វាក់ខាងវិញ្ញាណ ។
កណ្ឌគម្ពីរយ៉ូហានបានរាប់បញ្ចូលរឿងនេះ ព្រោះរឿងនេះស្ថិតក្នុងចំណោមទីសំគាល់ ដែល «បានចែងទុកតែប៉ុណ្ណេះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះពិត ហើយឲ្យអ្នករាល់គ្នាបានជីវិត ដោយសារព្រះនាមទ្រង់ ដោយមានសេចក្ដីជំនឿ» (យ៉ូហាន ២០:៣១)។ ព្រះយេស៊ូវបានប្រោសបុរសខ្វាក់ភ្នែកឲ្យមើលឃើញ ហើយព្រះអង្គក៏អាចប្រទានជីវិតដល់យើង ។ ដូចដែលព្រះអង្គបានបើកភ្នែកខាងសាច់ឈាមរបស់បុរសនេះឲ្យមើលឃើញជាយ៉ាងណា នោះព្រះអង្គក៏អាចបើកភ្នែកខាងវិញ្ញាណរបស់បុរសស្រ្តីទាំងឡាយផងដែរ ។
ហើយព្រះយេស៊ូវត្រូវតែបើកភ្នែកខាងវិញ្ញាណរបស់បុរសស្ត្រីជាច្រើន ព្រោះព្រះគម្ពីរបានចែងច្បាស់ថា មនុស្សប្រុសស្រីទាំងអស់បានខ្វាក់ខាងវិញ្ញាណពីកំណើតមក ។ យើងប្រហែលគិតថា យើងមើលឃើញសេចក្តីពិតច្បាស់ តែក្នុងការបដិសេធន៍ព្រះយេស៊ូវ យើងកំពុងមានភាពខ្វាក់ខាងវិញ្ញាណ ដែលនឹងនាំទៅរកផលវិបាកអស់កល្បជានិច្ច ។ បាបបានធ្វើឲ្យយើងខ្វាក់ខាងវិញ្ញាណ ហើយយើងមិនអាចធ្វើឲ្យខ្លួនឯងមើលឃើញខាងវិញ្ញាណ ឲ្យបានលើសអ្នកសុំទានខ្វាក់ភ្នែកនោះ ដែលមិនអាចធ្វើឲ្យភ្នែកខ្លួនឯងភ្លឺបាន ។ ទាល់តែយើងបានដឹងអំពីសណ្ឋានពិតរបស់យើង តាមព្រះគម្ពីរប៊ីប ទើបភ្នែក និងត្រចៀកខាងវិញ្ញាណរបស់យើងបើកឡើង មើលឃើញ និងស្តាប់ឮអំពីសណ្ឋានពិតរបស់យើង ។
ព្រះគម្ពីរប៊ីបចែងថា យើងខ្វាក់ ក្នុងន័យថា បាបធ្វើឲ្យយើងងងឹតងងល់មិនអាចយល់សេចក្តីពិតបាន ។ បាបមានផលប៉ះពាល់មកលើអារម្មណ៍ ឆន្ទៈ ក្តីស្រឡាញ់ និងប្រាជ្ញារបស់យើង ។ តាមបទពិសោធន៍របស់យើង យើងមិនអាចរកឃើញកន្លែងជ្រកកោន ឲ្យរួចពីសណ្ឋានដែលជាប់មានបាបនោះឡើយ ។ យើងមិនត្រូវចាញ់ការល្បួងឲ្យគិតថា មនុស្សមិនពិតជាខ្វាក់ទាំងស្រុង ដូចដែលព្រះគម្ពីរបានចែងនោះទេ ។ មិត្តភក្តិ និងអ្នកជិតខាងរបស់យើង ដែលយើងទៅចែកចាយដំណឹងល្អដល់ពួកគេ មិនមែនកំពុងតែរស់នៅក្នុងចន្លោះកណ្តាលរវាងការជឿ និងការមិនជឿ រវាងការមើលឃើញ និងភាពខ្វាក់នោះទេ ។ ពួកគេមើលមិនច្បាស់ ហើយក៏មិនមានការយល់ដឹង អំពីភ្នែកខាងវិញ្ញាណដែរ ។ ហេតុនេះហើយ ពួកគេត្រូវការឲ្យព្រះទ្រង់ជួយ ដូចយើងកាលពីមុនដែរ ។
តាមនិស្ស័យសាច់ឈាមរបស់យើង រឿងនៃដំណឹងល្អស្តាប់ទៅ ហាក់ដូចជារឿងដ៏ល្ងីល្ងើសម្រាប់យើង ។ យើងខ្វាក់ខាងវិញ្ញាណពីកំណើត មើលមិនឃើញភាពអស្ចារ្យនៃដំណឹងល្អ ហើយក៏ថ្លង់ពីកំណើតស្តាប់ដំណឹងល្អមិនយល់ ។ មានតែព្រះដែលបានប្រោសភ្នែកមនុស្សខ្វាក់ឲ្យមើលឃើញទេ ដែលអាចបើកភ្នែកយើងឲ្យមើលឃើញ។ នេះជារឿងអស្ចារ្យណាស់ និងជាហេតុផលដែលយើងត្រូវអរព្រះគុណព្រះអង្គ ដែលបានធ្វើឲ្យយើងអាចនិយាយជាមួយអ្នកសុំទានពិការភ្នែកនោះថា «ពីដើមខ្ញុំខ្វាក់ តែឥឡូវនេះខ្ញុំមើលឃើញ» (យ៉ូហាន ៩:២៥)។ ការនេះក៏បានលើកទឹកចិត្តយើងយ៉ាងខ្លាំង ឲ្យចែកចាយអំពីការអ្វីដែលព្រះទ្រង់អាចធ្វើ ដ្បិតគ្មានអ្វីមានអំណរជាងការនិយាយអំពីព្រះយេស៊ូវ ហើយមើលព្រះអង្គបើកភ្នែកមនុស្សខ្វាក់ឲ្យដឹងថា ព្រះអង្គជានរណា និងបានធ្វើអ្វីខ្លះ ។
ខគម្ពីរជញ្ជឹងគិត៖ ម៉ាថាយ ៩:២៧-៣១
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២របាក្សត្រ ៤-៦ និង លូកា ៥:១៧-៣៩