
ព្រះគុណដែលកែប្រែជីវិត
ដោយAlistair Begg
November 23, 2026
«ព្រះគុណនៃព្រះ ដែលនាំសេចក្ដីសង្គ្រោះមកដល់មនុស្សទាំងឡាយ បានលេចមកហើយ ទាំងបង្ហាត់បង្រៀនយើងរាល់គ្នា ឲ្យលះចោលសេចក្ដីទមិលល្មើសនឹងសេចក្ដីប៉ងប្រាថ្នាក្នុងលោកនេះ ហើយឲ្យរស់នៅក្នុងសម័យនេះ ដោយសេចក្ដីធ្ងន់ធ្ងរ សេចក្ដីសុចរិត ហើយដោយគោរពប្រតិបត្តិដល់ព្រះវិញ»។ ទីតុស ២:១១-១២
យើងត្រូវរស់នៅ ឲ្យបានល្អពីក្នុងមកក្រៅ ។
កាលសាវ័កប៉ុលសរសេរសំបុត្រផ្ញើទៅលោក ទីតុស គាត់មិនបានផ្តល់ឲ្យលោក ទីតុស នូវក្បួន ដែលគ្រាន់តែសម្រាប់បង្រៀនមនុស្សឲ្យចេះរស់នៅឲ្យបានត្រឹមត្រូវ ក្នុងតួនាទីផ្សេងៗគ្នា ក្នុងសង្គមប៉ុណ្ណោះទេ ។ កណ្ឌគម្ពីរទីតុសពិតជាមានសេចក្តីបង្គាប់ជាច្រើន អំពីរបៀបដែលគ្រីស្ទានត្រូវរស់នៅ ហេតុនេះហើយ បើយើងមិនប្រយ័ត្នទេ យើងអាចងាយនឹងអានកណ្ឌគម្ពីរនេះ ក្នុងលក្ខណៈជាសៀវភៅក្រមសីលធម៌ ។ ជាការពិតណាស់ ពេលណាយើងអានព្រះបន្ទូលព្រះ យើងអាចរអិលជើងចូលទៅក្នុងការអានព្រះគម្ពីរ ក្នុងលក្ខណៈជាសៀវភៅក្រឹត្យវិន័យ ដែលយើងត្រូវកាន់តាម ដើម្បីទទួលបានការសព្វព្រះទ័យពីព្រះ ។ យើងចាំបាច់ត្រូវរំឭកខ្លួនឯងម្តងហើយម្តងទៀតថា បទគម្ពីរទាំងអស់ ដែលរាប់បញ្ចូលទាំងសំបុត្ររបស់សាវ័កប៉ុលផង សុទ្ធតែបានបង្ហាញព្រះគុណព្រះ ដល់យើង ហើយក៏បានបង្ហាញដល់អ្នកដែលបានយល់អំពីព្រះគុណព្រះ អំពីរបៀបរស់នៅឲ្យបានល្អពីក្នុងមកក្រៅ ។
រឿងក្នុងព្រះគម្ពីរប៊ីប គឺជារឿងរបស់ព្រះ ដែលបានបង្កើតមនុស្សក្នុងសួនច្បារអេដែន ឲ្យមានការប្រកបជាមួយព្រះអង្គ ។ ពួកគេមានឯកសិទ្ធិ ដែលអាចអរសប្បាយនឹងព្រះវត្តមានរបស់ព្រះអង្គ និងអ្វីៗដែលព្រះអង្គបានបង្កើត ។ ប៉ុន្តែ ពួកគេទាស់ប្រឆាំងព្រះអង្គ ហើយយើងក៏អញ្ចឹងដែរ ។ យើងយកគំរូតាមបុព្វបុរសទាំងនេះ ដោយបដិសេធការគ្រប់គ្រងរបស់ព្រះអង្គ ដោយបានទទួលយកគំនិតរបស់លោកិយ ហើយមិនស្វែងរកព្រះអង្គទេ ។ ដោយសារនិស្ស័យសាច់ឈាម យើងរស់នៅបញ្ច្រាសនឹងការរៀបចំរបស់ព្រះអង្គ ។ ប៉ុន្តែ ពេលណាយើងទទួលជឿព្រះគ្រីស្ទ ព្រះអង្គកែប្រែជីវិតយើងឲ្យរស់នៅបានត្រឹមត្រូវ ។ យើងចាប់ផ្តើមក្រោកឈរឡើង តាមរបៀបត្រឹមត្រូវ ហើយព្រះអង្គរៀបចំជីវិតយើងឡើងវិញ ។ ដូចនេះ យើងត្រូវអនុញ្ញាតឲ្យព្រះគុណព្រះនៅក្នុងយើង កែប្រែទង្វើរបស់យើងជារៀងរាល់ថ្ងៃ ដោយអនុញ្ញាតឲ្យការផ្លាស់ប្រែដែលព្រះអង្គកំពុងធ្វើក្នុងយើង បណ្តាលចិត្ត និងចម្រើនកម្លាំងឲ្យយើងធ្វើការល្អ ដើម្បីថ្វាយសិរីល្អទ្រង់ ។ សាវ័កប៉ុលប្រាប់យើងថា «ព្រះគុណនៃព្រះ ដែលនាំសេចក្ដីសង្គ្រោះមកដល់មនុស្សទាំងឡាយ បានលេចមកហើយ»។ ក្នុងបទគម្ពីរទីតុស ៣:៧ គាត់បានរំឭកអ្នកដែលបានទទួលជឿព្រះគ្រីស្ទថា «ដើម្បីកាលណាយើងបានរាប់ជាសុចរិត ដោយសារព្រះគុណទ្រង់ នោះឲ្យយើងបានត្រឡប់ជាអ្នកគ្រងមរដក តាមសេចក្ដីសង្ឃឹមដល់ជីវិតដ៏នៅអស់កល្បជានិច្ច»។ ហើយក្នុង ៣:៨ សាវ័កប៉ុលបានបង្រៀនថា សេចក្តីពិតនៃដំណឹងល្អ គឺជាសេចក្តីពិតដែលគួរជឿ ដែលត្រូវបញ្ជាក់ឲ្យច្បាស់ «ដើម្បីឲ្យពួកអ្នកដែលបានជឿដល់ព្រះ បានខំប្រឹងនឹងធ្វើការល្អអស់ពីចិត្តនោះទើបល្អ ហើយមានប្រយោជន៍ដល់មនុស្ស»។ យើងចាំបាច់ត្រូវយល់សេចក្តីពិតនេះ ។ យើងខំប្រឹងធ្វើការល្អ មិនមែនដើម្បីឲ្យព្រះអាចទទួលយកយើងនោះទេ តែដោយសារយើងជឿព្រះ ហើយព្រះអង្គបានទទួលយកយើង តាមរយៈព្រះរាជបុត្រាទ្រង់ និងព្រះរាជកិច្ចរបស់ព្រះរាជបុត្រាទ្រង់ បានជាយើងខំប្រឹងធ្វើការល្អ ។ អំពើល្អហូរចេញពីព្រះគុណរបស់ព្រះអង្គ ទទួលការបណ្តាលពីព្រះគុណទ្រង់ ។ ព្រះគុណព្រះបង្រៀនយើង ឲ្យរស់នៅដើម្បីថ្វាយសិរីល្អព្រះ ។
តើអ្នកមានចិត្តចង់រស់នៅខុសពីលោកិយទេ ? តើអ្នកមានសង្ឃឹមថា នឹងរស់នៅក្នុងជីវិតដែលសក្តិសមនឹងព្រះអង្គ គឺជីវិតដែលថ្វាយព្រះកិត្តិនាមដល់ព្រះអង្គក្នុងការទាំងអស់ដែលអ្នកធ្វើ ? នេះជាសញ្ញាសំគាល់នៃព្រះគុណ ដែលកំពុងធ្វើការក្នុងជីវិតអ្នក ។ ចូរចាំថា ការអ្វីដែលអ្នកធ្វើ មិនដែលបានសង្គ្រោះអ្នកឲ្យរួចពីបាបទេ តែក្នុងព្រះគ្រីស្ទ ព្រះគុណទ្រង់បានលេចឡើង ហើយបានចាក់បង្ហូរមកលើអ្នក ។ ចូរកុំផ្ដោតទៅលើអ្វីដែលអ្នកត្រូវធ្វើថ្វាយព្រះ តែផ្ដោតទៅលើអ្វីដែលព្រះអង្គបានធ្វើ ដើម្បីកែប្រែអ្នក ដោយព្រះគុណទ្រង់ ។ ខណៈពេលដែលអ្នកផ្ដោតទៅលើកាអ្វីដែលព្រះអង្គធ្វើ អ្នកនឹងឃើញថា ព្រះអង្គបណ្ដុះចិត្តនិងគំនិតរបស់អ្នក ឲ្យរស់នៅតាមរបៀបដែលព្រះអង្គសព្វព្រះទ័យ ។
ខគម្ពីរជញ្ជឹងគិត៖ ទីតុស ២:១១-៣:២
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២របាក្សត្រ ៧-៩ និង លូកា ៦:១-២៦