
ការត្រាស់ហៅជាមូលដ្ឋាន ឲ្យស្មោះត្រង់
ដោយAlistair Begg
November 24, 2026
«ដ្បិតគេបានចេញដើរទៅ ដោយព្រោះព្រះនាមទ្រង់ ឥតមានទទួលអ្វីពីសាសន៍ដទៃឡើយ ដូច្នេះ យើងរាល់គ្នាត្រូវជួយទំនុកបំរុងដល់មនុស្សយ៉ាងនោះ ដើម្បីឲ្យយើងបានធ្វើការជាមួយនឹងគេក្នុងសេចក្ដីពិត»។ ៣យ៉ូហាន ៧-៨
ចម្ងាយប្រហែល១៥ទៅ២០គីឡូម៉ែត្រ ពីតំបន់ឆ្នេរសមុទ្ររបស់ប្រទេសបារាំង មានប្រជុំកោះមួយ ដែលគេដាក់ឈ្មោះឲ្យថា ប្រជុំកោះឆែននល ។ កាលពីឆ្នាំ១៩៤០ ប្រទេសអាឡឺម៉ង់បានឈ្លានពានប្រទេសបារាំង ហើយបានគ្រប់គ្រងកោះទាំងនោះ ។ ក្នុងចំណោមរូងក្រោមដី ដែលពួកអាឡឺម៉ង់បានជីក នៅលើកោះជើងស៊ី មានផ្លាកមួយ ដែលគេបានដាក់សំគាល់ពីលើ ដើម្បីរៀបរាប់ជាលម្អិត អំពីស្ត្រីមួយចំនួនតូច នៅលើកោះនោះ មានចិត្តក្លាហាន ក្នុងការផ្ញើស្រោមដៃ ស្រោមជើង មួកសម្រាប់បើកយន្តហោះ អាវចាក់ និងអ្វីៗជាច្រើនទៀត ទៅកាន់កងទ័ពអាកាសនៃចក្រភពអង់គ្លេស ។ ដោយសារសេចក្តីសប្បុរសរបស់ពួកគេ កងទ័ពអាកាសមួយចំនួនមានចិត្តកក់ក្តៅ ដោយសារអំណោយដែលស្រ្តីទាំងនោះបានផ្ញើមក ខណៈពេលដែលពួកគេបានបើកយន្តហោះប្រយុទ្ធ ដើម្បីរារាំងពួកណាហ្ស៊ីអាឡឺម៉ង់ មិនឲ្យគ្រប់គ្រងទ្វីបអឺរ៉ុបទាំងមូល ។
អ្នកប្រហែលចង់សួរថា តើរឿងនេះមានអ្វីធំដុំ ? ស្ត្រីទាំងនេះគ្រាន់តែយកអំបោះមកចាក់ស្រោមជើង និងស្រោមដៃប៉ុណ្ណោះ ។ ប៉ុន្តែ សម្រាប់កងទ័ពអាកាសដ៏ក្លាហាន ដែលបានបើកបរក្នុងអាកាសធាតុដ៏ត្រជាក់ ក្នុងសង្គ្រាម ស្រោមជើង និងស្រោមដៃទាំងនោះសុទ្ធតែសំខាន់ ។ ស្ត្រីទាំងនោះ នៅកោះជើស៊ីមានការរួមចំណែកដ៏សំខាន់ ដល់ការតស៊ូរបស់កងទ័ពសម្ព័ន្ធមិត្ត ដោយបំពេញតម្រូវការដ៏សំខាន់ ។ បានសេចក្តីថា ទោះពួកគេមិនដែលបានបើកយន្តហោះក៏ដោយ ក៏ពួកគេគឺជា «ដៃគូរ» ដ៏សំខាន់របស់កងទ័ពអាកាសអង់គ្លេស ។
ព្រះគម្ពីរសញ្ញាថ្មី បានចែងម្តងហើយម្តងទៀត អំពីគ្រីស្ទបរិស័ទ ដែលកំពុងខិតខំធ្វើការ ជាដៃគូជាមួយ «អ្នកបម្រើព្រះ»ដទៃទៀត ។ ក្នុងបទគម្ពីរ ភីលីព ២:២៥ សាវ័កប៉ុលថែមទាំងបាននិយាយ អំពីលោក អេប៉ាប្រូឌីតថា ជា «ទាហានជាមួយ» គាត់ ។ សាវ័កប៉ុលគឺជាបេសកជន និងអ្នកបង្កើតពួកជំនុំដែលមានប្រសិទ្ធភាពបំផុត តែគាត់មិនអាចសម្រេចកិច្ចការអ្វីមួយ ដោយជោគជ័យបានឡើយ បើសិនជា «អ្នកប្រយុទ្ធដើម្បីសេចក្តីពិត» ទាំងនោះមិនបានធ្វើការជាមួយគាត់ ។
យើងម្នាក់ៗ ក្នុងរូបកាយព្រះគ្រីស្ទ មានតួនាទីដ៏សំខាន់មួយ ។ ក្នុងន័យសង្គ្រាម អ្នកខ្លះគឺជាអ្នកបើកបរយន្តហោះ អ្នកខ្លះទៀតជាងជួសជុលយន្តហោះ ហើយអ្នកខ្លះទៀតយកអំបោះមកចាក់ស្រោមដៃ ស្រោមជើងសម្រាប់កងទ័ព តែនៅមានអ្នកដទៃទៀត ដែលជាកសិករចិញ្ចឹមចៀម ដែលផ្តល់ឲ្យអំបោះរោមចៀមដល់ពួកគេ ។ សង្គមប្រហែលជាចង់ឲ្យយើងដាក់ចំណាត់ថ្នាក់ឲ្យការងារទាំងអស់នេះ ។ អ្នកប្រហែលជាចង់គិតថា ការរួមចំណែករបស់អ្នកមិនសំខាន់ទេ ។ ប៉ុន្តែ ក្នុងប្រព័ន្ធសេដ្ឋកិច្ចរបស់ព្រះ មិនមានការដាក់ចំណាត់ថ្នាក់ដូចនេះទេ ។ គឺដូចដែលសាវ័កប៉ុលបានសរសេរថា «អស់ទាំងអវយវៈក្នុងរូបកាយដែលមើលទៅដូចជាខ្សោយជាងគេ នោះមានប្រយោជន៍ជាជាងវិញ ហើយអវយវៈណាក្នុងរូបកាយ ដែលយើងស្មានថា មិនគួររាប់អានប៉ុន្មាន នោះយើងបានរាប់អានលើសទៅទៀត» (១កូរិនថូស ១២:២២-២៣)។
ព្រះទ្រង់គឺជាអ្នកជ្រើសរើសមនុស្ស ដែលព្រះអង្គសព្វព្រះទ័យ ឲ្យបំពេញតួនាទីនីមួយៗក្នុងរូបកាយទ្រង់ ហើយអ្វីដែលសំខាន់បំផុតនោះ គឺយើងមានចិត្តស្មោះត្រង់ ទោះព្រះអង្គដាក់យើងនៅកន្លែងណាក៏ដោយ ។ ចូរបន្តស្មោះត្រង់ ហើយព្រះអម្ចាស់នឹងចម្រើនកម្លាំងអ្នក ទោះព្រះអង្គត្រាស់ហៅអ្នកឲ្យមានតួនាទីអ្វីក៏ដោយ ដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ ។ ចូរធ្វើអ្វីដែលអ្នកអាចធ្វើបាន ដ្បិតព្រះអង្គនឹងប្រើអ្វីដែលអ្នកអាចធ្វើថ្វាយព្រះអង្គ ។
ខគម្ពីរជញ្ជឹងគិត៖ ៣យ៉ូហាន
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២របាក្សត្រ ១០-១២ និង លូកា ៦:២៧-៤៩