
ព្រះអម្ចាស់ជាអ្នកវិនិច្ឆ័យខ្ញុំ
ដោយAlistair Begg
November 25, 2026
«រីឯអ្នករ៉ាប់រង ត្រូវឲ្យគេបានស្មោះត្រង់ តែខាងឯដំណើររបស់ខ្ញុំ ដែលអ្នករាល់គ្នា ឬមនុស្សណាក៏ដោយ ចោទប្រកាន់ទោសខ្ញុំ នោះមិនជាការអំពល់អ្វីដល់ខ្ញុំឡើយ ខ្ញុំក៏មិនចោទប្រកាន់ទោសខ្លួនខ្ញុំផង ពីព្រោះខ្ញុំមិនឃើញមានអ្វីនៅក្នុងខ្លួនខ្ញុំសោះ ប៉ុន្តែ ខ្ញុំមិនបានរាប់ជាសុចរិតដោយសារហេតុនោះទេ អ្នកដែលចោទប្រកាន់ទោស នោះគឺជាព្រះអម្ចាស់វិញទេតើ»។ ១កូរិនថូស ៤:២-៤
មនុស្សដែលធ្លាប់ធ្វើជាអ្នកដឹកនាំគេ សុទ្ធតែបានដឹងអំពីភាពងាយរងគ្រោះ ដែលកើតចេញពីមុខតំណែង ។ ទោះពួកគេជាគ្រូបង្រៀន អ្នកនយោបាយ អ្នកវិទ្យាសាស្រ្ត កាពីទែនក្រុម ឬនាយកប្រតិបត្តិក្តី ឬជានរណាក៏ដោយ ដែលចង់ដឹកនាំអ្នកដទៃ គឺនឹងបានដឹងថា មានភ្នែកជាច្រើនដែលនឹងមើលមកពួកគេ ដោយសារមុខនាទីរបស់ពួកគេ ហើយពួកគេក៏ងាយនឹងត្រូវគេយល់ច្រឡំ ឬទទួលរងការចោទប្រកាន់ខុស ។
កាលសាវ័កប៉ុលពិពណ៌នា អំពីអ្នកដឹកនាំ ទៅកាន់ពួកជំនុំនៅទីក្រុងកូរិនថូស គាត់មិនបានមានប្រសាសន៍ អំពីប្រជាប្រិយភាព អំណោយទាន ឥទ្ធិពល ឬភាពជោគជ័យរបស់ពួកគេឡើយ ។ ទេ គាត់បាននិយាយអំពីភាពស្មោះត្រង់របស់ពួកគេវិញ ដែលជាលក្ខណៈសម្បត្តិដ៏សំខាន់នៃអ្នកដឹកនាំតាមព្រះគម្ពីរ ។ ភាពស្មោះត្រង់គឺជាខ្នាតរង្វាស់ និងជាយុថ្ការបស់គាត់ ។ សាវ័កប៉ុលកំពុងតែចង់មានន័យថា ខ្ញុំនឹងមិនបណ្តោយខ្លួនឯង ឲ្យមានអារម្មណ៍ឡើងចុះៗ ដោយសារការសរសើរ និងការរិះគន់របស់មនុស្សនោះទេ ។ មានតែការយល់ឃើញ និងការវិនិច្ឆ័យរបស់ព្រះប៉ុណ្ណោះ ដែលសំខាន់ចំពោះគាត់ ។
សាវ័កប៉ុលបានទទួលស្គាល់ថា គាត់មិនទាំងអាចវាយតម្លៃមកលើសេចក្តីបរិសុទ្ធនៃចិត្តរបស់គាត់ឲ្យបានគ្រប់គ្រាន់ផង។ គាត់មិនវិនិច្ឆ័យខ្លួនឯង ក្នុងន័យថា ការវាយតម្លៃរបស់គាត់មិនគ្រប់ជ្រុងជ្រោយ ។ គាត់ដឹងថា ព្រះអម្ចាស់ជាអ្នកវិនិច្ឆ័យ ឬប្រកាន់ទោសគាត់ ។ គាត់ដឹងថា ព្រះទ្រង់ទតមើលឃើញគាត់គ្មានចន្លោះត្រង់ណា ហើយអ្វីដែលព្រះអង្គតម្រូវពីគាត់នោះ គឺភាពស្មោះត្រង់ ។ ការដឹងដូចនេះ បានបណ្តាលចិត្តគាត់ឲ្យបន្តមមុលទៅមុខ ដោយគ្មានការបែកអារម្មណ៍ ដោយសារការសរសើររបស់អ្នកខ្លះ ឬការឈ្នានីស ឬក៏ការទាស់ប្រឆាំងរបស់អ្នកផ្សេងទៀត ។
ពេលណាអ្នកមើលឃើញការដឹកនាំដែលអសមត្ថភាព ក្នុងស្ថាប័នណាមួយ អ្នកនឹងអាចរកឃើញថា ពួកគេអសមត្ថភាព ដោយសារពួកគេខ្វល់ពីប្រជាប្រិយភាព ជាជាងខ្វល់ពីការដឹកនាំមនុស្ស ឬខ្វល់អំពីមុខមាត់ខ្លួនឯងខ្លាំងជាងគិតប្រយោជន៍អ្នកដទៃ ។ ហេតុនេះហើយ ដោយសារពួកគេស្រេកឃ្លានចង់ឲ្យមនុស្សគ្រប់គ្នាចូលចិត្ត និងលើកដំកើងគាត់ គាត់ក៏បានបាត់បង់សមត្ថភាពដឹកនាំឲ្យបានត្រឹមត្រូវ ដោយមិនអាចនិយាយអ្វីដែលត្រូវនិយាយ ឬស្តាប់តាមអ្វីដែលត្រូវស្តាប់ ។
ពេញមួយជីវិតរបស់អ្នក បើអ្នកតែងតែវាស់ខ្លួនឯង ផ្អែកទៅលើការដាក់ពិន្ទុរបស់អ្នកដទៃ អ្នកមិនអាចបំពេញតួនាទីបានឡើយ ។ ដោយសារការយល់ដឹងរបស់មនុស្សតែងតែមានកំណត់ ការសរសើរ និងការរិះគន់ក៏តែងតែខ្វះចន្លោះ ។ ដូចនេះ ចូរកុំបណ្តោយខ្លួនឯង ឲ្យផ្តេកផ្តួល ទៅតាមការវិនិច្ឆ័យដែលមិនគ្រប់ជ្រុងជ្រោយ ទោះនោះជាការវិនិច្ឆ័យខ្លួនឯងក៏ដោយ ។ ការពិនិត្យមើលខ្លួនឯង គឺជាការល្អ និងត្រឹមត្រូវ តែអ្នកត្រូវចាំថា មានតែការវិនិច្ឆ័យរបស់ព្រះទេ ដែលសំខាន់បំផុត ។ ព្រះទ្រង់កំពុងស្វែងរកមនុស្សដែលស្មោះត្រង់នឹងព្រះបន្ទូល និងរាស្រ្តរបស់ទ្រង់ ។ ចូរឲ្យសេចក្តីស្មោះត្រង់ក្លាយជាខ្នាតរង្វាស់ អំពីរបៀបដែលអ្នកបំពេញតួនាទី ជាអ្នកដឹកនាំ អ្នកឪពុកម្តាយ ជាប្តីប្រពន្ធ ជាមិត្តភក្តិ និងជាគ្រីស្ទបរិស័ទ ។
ខគម្ពីរជញ្ជឹងគិត៖ ១របាក្សត្រ ៤:១-៧
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២របាក្សត្រ ១៣-១៤ និង លូកា ៧:១-២៣