
បទចម្រៀងនៃសេចក្តីជំនឿ
ដោយAlistair Begg
November 26, 2026
«ឱព្រះយេហូវ៉ាអើយ ទូលបង្គំបានឮសេចក្ដីដែលទ្រង់មានបន្ទូលមកនោះ ហើយទូលបង្គំមានសេចក្ដីភិតភ័យ ឱព្រះយេហូវ៉ាអើយ កំពុងដែលឆ្នាំទាំងឡាយកន្លងទៅ នោះសូមធ្វើឲ្យកិច្ចការរបស់ទ្រង់កើតឡើងជាថ្មី ... ទោះបើដើមល្វាមិនមានផ្កា ក៏ឥតមានផ្លែទំពាំងបាយជូរ ហើយផលនៃដើមអូលីវក៏ខានមាន ស្រែចំការឥតបង្កើតបានអាហារ ហ្វូងចៀមត្រូវបាត់ចេញពីក្រោល ហើយគ្មានគោនៅក្នុងឃ្នងក៏ដោយ គង់តែខ្ញុំនឹងរីករាយ ដោយសារព្រះយេហូវ៉ា ខ្ញុំនឹងអរសប្បាយក្នុងព្រះដ៏ជួយសង្គ្រោះខ្ញុំដែរ»។ ហាបាគុក ៣:២,១៧-១៨
ទោះយើងយល់ឃើញថា យើងមានការប្ដេជ្ញាចិត្តចំពោះព្រះយ៉ាងណាក៏ដោយ ក៏សេចក្តីអធិស្ឋានរបស់ហោរាហាបាគុក ក្នុងខគម្ពីរទាំងនេះ មិនទំនងជាលេចឡើងក្នុងគំនិតយើងទេ នៅពេលដែលយើងប្រឈមមុខដាក់កាលៈទេសៈដ៏អាក្រក់ដូចគាត់ឡើយ ។ ប៉ុន្តែ សេចក្តីអធិស្ឋានរបស់គាត់ មិនមែនសម្រាប់តែខ្លួនឯងប៉ុណ្ណោះទេ! ជាការពិតណាស់ សេចក្តីអធិស្ឋាននេះត្រូវមានការចូលរួមពីក្រុមចម្រៀង និងក្រុងភ្លេង និងការអធិស្ឋាននៃរាស្រ្តរបស់ព្រះ (ហាបាគុក ៣:១៩)។
ហោរាហាបាគុកកំពុងតែនឹកស្រមៃអំពីស្ថានភាពមួយ ដែលនឹងនាំមកនូវសេចក្តីហិនហោច ដល់សង្គមកសិកម្មមួយ ។ ការដែលគ្មានផលដំណាំ ការបាត់បង់ហ្វូងសត្វ គឺមានន័យថា សេដ្ឋកិច្ចមិនមានដំណើរការទាល់តែសោះ ហើយគេនឹងខ្វះអាហារជាប្រចាំ ។ ប៉ុន្តែ ហោរាហាបាគុកមានប្រសាសន៍ថា ទោះយើងប្រឈមមុខដាក់ស្ថានភាពបែបនេះក៏ដោយ ក៏យើងមិនគួរមានការព្រួយបារម្ភខ្លាំងបំផុត អំពីជំងឺរាតត្បាត ឬគ្រោះអត់ឃ្លាននោះឡើយ តែគួរតែគិតថា ព្រះអង្គនឹងស្តាអ្វីៗឲ្យល្អឡើងវិញ ។ សរុបមក ហោរាហាបាគុកមានប្រសាសន៍ថា គាត់នឹងច្រៀងសរសើរដំកើង ដោយទុកចិត្តលើកិច្ចការដែលព្រះអង្គកំពុងធ្វើ ។ ព្រះនៃសេចក្តីសង្គ្រោះ មានអ្វីៗគ្រប់យ៉ាងដែលគាត់ត្រូវការ ដើម្បីឲ្យមានក្តីអំណរ (ហាបាគុក ៣:១៨)។
តើធ្វើដូចម្តេចឲ្យហោរាហាបាគុកអាចនិយាយ និងអធិស្ឋានដូចនេះបាន ? ក្នុងការអធិស្ឋាននេះ គាត់ក៏បាននឹកចាំអំពីព្រះរាជកិច្ចដ៏ធំរបស់ព្រះ ក្នុងប្រវត្តិសាស្រ្តទាំងមូល (ហាបាគុក ៣:៣-១៦)។ ការនេះបានរំឭកគាត់ថា ព្រះទ្រង់មានអំណាចគ្រប់គ្រងទាំងស្រុង ព្រះអង្គល្អ ហើយតែងតែអាចឲ្យយើងទុកចិត្តបាន ។ សូម្បីតែនៅក្នុងថ្ងៃដែលងងឹតបំផុត ក៏ព្រះអង្គប្រទានការចាប់ផ្តើមជាថ្មី តាមផែនការទ្រង់ ហើយទោះថ្ងៃហាក់ដូចជាយឺតយ៉ាវ ក្នុងការរះឡើង ក៏វាមិនដែលខាននឹងរះដែរ ។ ហោរាហាបាគុកដឹងថា ព្រះទ្រង់ជួយសង្គ្រោះរាស្រ្តទ្រង់ ហេតុនេះហើយបានជាគាត់អាចមានអំណរ ។ ហើយយើងក៏ដូច្នោះដែរ ។ ការដែលព្រះទ្រង់ប្រឈមមុខដាក់ និងរំដោះរាស្រ្តទ្រង់ ក្នុងគ្រាសញ្ញាចាស់ គឺបានឆ្លុះបញ្ចាំងអំពីការរំដោះធំបំផុតរបស់ព្រះអង្គ តាមរយៈព្រះយេស៊ូវ ។ យើងមិនអាចរួចផុតពីទុក្ខលំបាកបានឡើយ តែដោយសារកិច្ចការដ៏ធំដែលព្រះអង្គបានធ្វើ យើងនៅតែអាចអរសប្បាយ ។ សេចក្តីសង្គ្រោះនៅតែលេចមក ទោះយើងស្ថិតក្នុងភាពងងឹតយ៉ាងណាក៏ដោយ ។
ខណៈពេលដែលយើងពិចារណាអំពីបទចម្រៀងនៃការអធិស្ឋានរបស់ហោរាហាបាគុក យើងគួរតែសួរខ្លួនឯង នូវសំណួរពីរគឺ តើខ្ញុំខ្វល់អំពីការសម្រេចនៃព្រះរាជកិច្ចរបស់ព្រះ ដូចលោកហោរាដែរឬទេ ? ហើយតើព្រះទ្រង់មានភាពគ្រប់គ្រាន់សម្រាប់ខ្ញុំទេ ? ចូរយើងមានសេចក្តីអធិស្ឋានដូចលោកហោរា ខណៈពេលដែលយើងព្យាយាមធ្វើតាមគោលបំណង ដែលព្រះទ្រង់មានសម្រាប់រាស្រ្តទ្រង់ ក្នុងពេលនេះ ។ ហើយនៅពេលដែលលោកិយហាក់ដូចជារង្គោះរង្គើនៅជុំវិញអ្នក អ្នកនៅតែអាចរកឃើញអំណរ ក្នុងព្រះនៃសេចក្តីសង្គ្រោះ ។ អ្នកអាចច្រៀងដោយជំនឿថា :
ឱព្រះអង្គអើយ ការស្គាល់ព្រះអង្គ នាំឲ្យទូលបង្គំមានសន្តិភាព និងអំណរ ។
ព្រះអង្គប្រទានកម្លាំង ការកម្សាន្តចិត្ត និងការទ្រទ្រង់ដល់ទូលបង្គំ ។
ដោយសារមានព្រះអង្គ សូម្បីតែភាពកម្សោយរបស់ទូលបង្គំ ក្លាយជាកម្លាំង ។92
ខគម្ពីរជញ្ជឹងគិត៖ ហាបាគុក ៣:៣-១៦
២របាក្សត្រ ១៥-១៦ និង លូកា ៧:២៤-៥០