
អ្នកនឹងចាកចេញពីមឈូស
ដោយAlistair Begg
November 28, 2026
«ព្រះយេស៊ូវមានបន្ទូលទៅនាងថា ខ្ញុំជាសេចក្ដីរស់ឡើងវិញ ហើយជាជីវិត អ្នកណាដែលជឿដល់ខ្ញុំ ទោះបើបានស្លាប់ហើយ គង់តែនឹងរស់ឡើងវិញដែរ»។ យ៉ូហាន ១១:២៥
ក្នុងការងារជាគ្រូគង្វាលអស់ជាច្រើនឆ្នាំ ខ្ញុំបានធ្វើពិធីបុណ្យសពរាប់មិនអស់ ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅចាំថា ក្នុងពិធីបុណ្យសពមួយនោះ ខ្ញុំរៀនសូត្របានមេរៀនដ៏សំខាន់មួយ ។
នៅពេលដែលខ្ញុំបានទៅដល់កន្លែងគេធ្វើពិធីបុណ្យសព គេបានឲ្យខ្ញុំរង់ចាំ ក្នុងបន្ទប់នៅចំហៀងអាគារ ។ ដោយសារខ្ញុំចង់ដឹងចង់យល់ ខ្ញុំបានមើលជុំវិញខ្លួនខ្ញុំ ហើយក៏បានដឹងថា ខ្ញុំកំពុងអង្គុយនៅក្បែរមឈូសតូចមួយ ដែលគេធ្វើជាគំរូ ដោយគេបានអារមឈូសនោះ នៅត្រង់ក្បាល និងជើង ដើម្បីឲ្យយើងអាចមើលឃើញខាងក្នុងមឈូសមានអ្វីខ្លះ ។
ខណៈពេលដែលខ្ញុំកំពុងអង្គុយនៅទីនោះ ខ្ញុំក៏បានចាប់ផ្តើមឆ្ងល់ថា តើខ្ញុំមានអារម្មណ៍យ៉ាងណា នៅពេលដែលខ្ញុំចូលទៅខាងក្នុងមឈូស គឺមិនគ្រាន់តែមើលខាងក្នុងប៉ុណ្ណោះទេ ។ ខ្ញុំមានអារម្មណ៍ថាមិនស្រឡះក្នុងចិត្តសោះ ។ ខ្ញុំក៏បាននិយាយប្រាប់ខ្លួនឯងថា «ខ្ញុំគឺជាគ្រីស្ទាន ។ ខ្ញុំជឿថា រូបកាយមនុស្សស្លាប់ហើយនឹងរស់ឡើងវិញ ។ ខ្ញុំជឿថា ខ្ញុំនឹងស្លាប់ ហើយទៅស្ថានសួគ៌»។ ប៉ុន្តែ ខ្ញុំនៅតែមើលទៅមឈូសនោះ ហើយគិតថា «ខ្ញុំមិនចង់ចូលទៅក្នុងមឈូសទេ!» បន្ទាប់មក មានគំនិតមួយលេចឡើង «តើអ្នកមិនជឿព្រះនឹកឃើញអ្វីមុនគេ នៅពេលដែលពួកគេគិតអំពីសេចក្តីស្លាប់ និងការស្លាប់ ?»។
នៅចុងទសវត្សរ៍ឆ្នាំ១៩៦០ ចក្រភពអង់គ្លេសបានចាប់ផ្តើមប្រើប្រាស់ប្រើប្រាស់គំនូសក្រឡាខ្វែងជាលើកដំបូង នៅលើចំណុចប្រសព្វរបស់ផ្លូវខ្វែង ដែលមានភាពមមាញឹកច្រើន គឺហៅថា គំនូសប្រអប់នៅចំណុចប្រសព្វ ដែលគួបផ្សំដោយផ្លាកសញ្ញាចរាចរណ៍ ដែលគេសរសេរពីលើថា «ចូរកុំចូលទៅក្នុងគំនូសប្រអប់ បើអ្នកមិនច្បាស់ថា អ្នកចង់ចេញតាមផ្លូវណាមួយ»។ គោលបំណងនៃគំនូសខ្វែងក្នុងប្រអប់ និងផ្លាកសញ្ញានោះ គឺដើម្បីជួយឲ្យចរាចរណ៍មានភាពរលូន ។ ប៉ុន្តែ ថ្ងៃនោះ នៅកន្លែងធ្វើពិធីបុណ្យសព គំនិតរបស់ខ្ញុំមានការចាប់អារម្មណ៍បំផុត ចំពោះការពិតដែលថា ផ្លាកសញ្ញាចរាចរណ៍នោះបានផ្តល់ឲ្យនូវការដាស់តឿនដ៏ឥតខ្ចោះ នៅពេលដែលយើងពិចារណាអំពីការពិតដែលថា យើងរាល់គ្នានឹងស្លាប់ ហើយត្រូវគេបញ្ចុះសពនៅក្នុងមឈូសផងដែរ ។ ទោះរូបកាយខ្ញុំនឹងចូលទៅក្នុងមឈូស នៅថ្ងៃណាមួយក៏ដោយ ក៏វិញ្ញាណខ្ញុំនឹងបានចាកចេញពីរូបកាយ ហើយខ្ញុំប្រាកដជានឹងចាកចេញពីផែនដី ។
មនុស្សម្នាក់ៗដឹងថា សេចក្តីស្លាប់កំពុងតែមកហើយ ។ តាមស្ថិតិដ៏ច្បាស់លាស់ មនុស្សម្នាក់ៗនឹងត្រូវស្លាប់ ។ រឿងរ៉ាវទាំងអស់ក្នុងជីវិត នឹងនាំយើងទៅរកចុងបញ្ចប់ ដែលជៀសមិនរួច ។ ប៉ុន្តែ ព្រះរាជបុត្រានៃព្រះ ដែលមាន «តាំងពីមុនកំណើតលោកីយមក» (១ពេត្រុស ១:២០) បានយាងចុះមកក្នុងលោកិយ ដើម្បីឲ្យយើងអាចស្គាល់ ព្រះអង្គសង្គ្រោះ ជាមិត្តសំឡាញ់ និងព្រះអម្ចាស់ ហើយដើម្បីឲ្យយើងអាចត្រៀមខ្លួន ហើយថែមទាំងស្រេកឃ្លានអ្វីៗដែលយើងនឹងមានអស់កល្បជានិច្ច ។
អ្នកប្រហែលស្ថិតក្នុងចំណោមមនុស្សជាច្រើន ដែលត្រៀមខ្លួនសម្រាប់អ្វីៗស្ទើរតែទាំងអស់ ដែលអាចកើតឡើង តែមិនបានត្រៀមខ្លួនចេញពីមឈូសឡើយ ។ ប៉ុន្តែ ការចាកចេញនោះ គឺជាអ្វីដែលយើងត្រូវត្រៀមខ្លួន ។ អ្នកនឹងបានឈរនៅចំពោះព្រះ ។ អ្នកនឹងរៀបរាប់អំពីអ្វីដែលអ្នកបានធ្វើក្នុងជីវិតអ្នក ។ ប៉ុន្តែ ដំណឹងល្អបានប្រកាសថា អ្នកមិនចាំបាច់ត្រូវខ្លាចថ្ងៃនោះឡើយ ដរាបណាអ្នកទុកចិត្តថា ព្រះគ្រីស្ទនឹងនាំអ្នកឆ្លងផុត ។ ហើយបើអ្នកទុកចិត្តព្រះអង្គហើយ អ្នកអាចមើលទៅមឈូស ហើយនិយាយទៅកាន់ការភ័យខ្លាចរបស់អ្នកថា ទោះរូបកាយនៅផែនដីនឹងស្លាប់ តែវិញ្ញាណអ្នកមិនស្លាប់ទេ ហើយអ្នកនឹងបានអរសប្បាយនឹងរូបកាយដែលរស់ឡើងវិញ ដែលមិនចូលទៅក្នុងមឈូសទៀតទេ ។ «ចូរកុំចូលទៅក្នុងមឈូស បើសិនជាអ្នកមិនទាន់ដឹងច្បាស់អំពីកន្លែងដែលវិញ្ញាណអ្នកនឹងចាកចេញទៅ» ប៉ុន្តែ ផ្លូវចេញរបស់អ្នកមានផ្លាកសញ្ញា ដែលជាប់ព្រះលោហិតព្រះគ្រីស្ទ ហើយគោលដៅរបស់អ្នកកំពុងរង់ចាំអ្នកនៅស្ថានសួគ៌ ។ ចូរកុំខ្លាចអ្វីឡើយ ។
ខគម្ពីរជញ្ជឹងគិត៖ យ៉ូហាន ១១:១៧-៤៤
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ៖ ២របាក្សត្រ ១៩-២០ និង លូកា ៨:២៦-៥៦