ពេលដ៏តក់ស្លត់
ម៉ាលីន(Marlene) ភរិយារបស់ខ្ញុំបានឆ្លងទន្លេអស់ពេលជាង៣០ម៉ោង នៅពេលដែលម៉ាថ(Matt)កូនដំបូងរបស់យើង បានចាប់កំណើត ជាហេតុបណ្តាលឲ្យទាំងកូនទាំងម្តាយ មានភាពតប់ប្រមល់ហួសប្រមាណ។ ថ្ងៃនោះ វេជ្ជបណ្ឌិតដែលធ្លាប់តែពិនិត្យផ្ទៃពោះនាង ជាទៀងទាត់ មិនមានវត្តមាននៅទីនោះទេ ដូចនេះ វេជ្ជបណ្ឌិតដែលមកជំនួស មិនមានការយល់ដឹងអំពីនាង និងគ័ររបស់នាងទេ។ ហេតុនោះហើយ បានជាគាត់ចំណាយពេលច្រើនពេក ទំរាំតែគាត់សម្រេចចិត្តធ្វើការវះកាត់ជាបន្ទាន់ ហើយការនេះបានបណ្តាលឲ្យកូនប្រុសរបស់យើងចាប់កំណើតមក ដោយការប៉ះទង្គិចយ៉ាងខ្លាំង បានជាគេយកទៅដាក់នៅកន្លែងសង្រ្គោះបន្ទាន់ សម្រាប់ទារកទើបកើត។ ពួកគេគ្មានលទ្ធភាពជួយកូនរបស់យើង ឲ្យឆ្លងផុតស្ថានភាពដែលមានការប៉ះទង្គិចនៃការប្រើថ្នាំពេទ្យបានឡើយ។ តែដោយសារព្រះគុណព្រះ ម៉ាថក៏បានជាសះស្បើយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងមួយជីវិតនេះ គ្មានពេលណាដែលខ្ញុំមានការតក់ស្លត់ ជាងពេលដែលខ្ញុំឈរនៅក្បែរគ្រែដ៏តូចរបស់ម៉ាថ ក្នុងកន្លែងសង្រ្គោះបន្ទាន់ឡើយ។ តែខ្ញុំដឹងថា ព្រះអម្ចាស់ទ្រង់គង់នៅក្បែរខ្ញុំ ពេលដែលខ្ញុំអធិស្ឋានទូលទ្រង់។ ក្នុងពេលដ៏តក់ស្លត់បំផុត នៃជីវិតយើង (ក៏ដូចជាក្នុងស្ថានភាពផ្សេងទៀត) គ្មានអ្វីដែលអាចនាំមកនូវការកម្សាន្តចិត្ត ដល់ចិត្តដែលឈឺចាប់ ដូចពេលដែលយើងដឹងច្បាស់ថា ព្រះគង់នៅជាមួយយើង និងមើលថែរយើងឡើយ។ ស្តេចដាវីឌ ទ្រង់ជាអ្នកនិពន្ធបទទំនុកដំកើង ដែលបានមានបន្ទូលថា “ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ”(ទំនុកដំកើង ២៣:៤)។ ពេលដែលការភ័យខ្លាចមានភាពលើសលប់ចំពោះយើង នោះព្រះអម្ចាស់គង់នៅជាមួយ។ យើងមានការធូរស្បើយក្នុងចិត្ត ពេលបានដឹងថាទ្រង់គង់នៅក្បែរ ដើម្បីនាំយើងឆ្លងកាត់ការល្បងលដ៏ជ្រាលជ្រៅបំផុត។–Bill Crowder
Read article