យកការអធិស្ឋានជាទីមួយ
ពេលដែលខ្ញុំ និងស្វាមីខ្ញុំ មើលកូនប្រុសរបស់យើង ហាត់លេងព្យាណូតាមមេរៀន យើងក៏បានអធិស្ឋានសូមឲ្យព្រះទ្រង់ជួយយើង។ យើងបានអធិស្ឋានជាមុន ព្រោះខ្ញុំ និងស្វាមីខ្ញុំសុទ្ធតែមិនចេះរៀនព្យាណូដូចគ្នា។ យើងទាំងបីនាក់ក៏បានយល់ អំពីអត្ថន័យនៃសម្លេងដាច់ និងសម្លេងជាប់ ហើយក៏បានដឹងថា ពេលណាយើងត្រូវចុចខ្ទង់ពណ៌ខ្មៅ។ យើងយកការអធិស្ឋានជាអាទិភាព ជាពិសេស នៅពេលដែលយើងដឹងថា យើងត្រូវការជំនួយរបស់ព្រះ។ ស្តេចដាវីឌត្រូវការជំនួយរបស់ព្រះ ក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ពេលដែលទ្រង់ពិចារណា អំពីការប្រយុទ្ធនឹងពួកភីលីស្ទីន ក្នុងក្រុងកៃឡា។ មុនពេលចូលប្រយុទ្ធ ស្តេចដាវីឌទូលសួរព្រះយេហូវ៉ាថា “តើត្រូវឲ្យទូលបង្គំទៅវាយពួកភីលីស្ទីននោះឬទេ?”(១សាំយ៉ូអែល ២៣:២)។ ព្រះទ្រង់ក៏បានយល់ព្រមតាមសេចក្តីសំណូមរបស់ស្តេចដាវីឌ។ ទោះជាយ៉ាងណាក៏ដោយ កងទព័របស់ស្តេចដាវីឌមានការភ័យខ្លាចចំពោះពួកភីលីស្ទីន។ ស្តេចដាវីឌក៏បានអធិស្ឋានម្តងទៀត មុនពេលការប្រយុទ្ធចាប់ផ្តើម។ ព្រះទ្រង់ក៏បានសន្យាថា នឹងប្រទានជ័យជម្នះ ហើយក្រោយមកទ្រង់ក៏បានឈ្នះពួកសត្រូវ(ខ.៤)។ តើការអធិស្ឋានដឹកនាំជីវិតយើងជារៀងរាល់ថ្ងៃ ឬយើងគ្រាន់តែអធិស្ឋាន នៅពេលដែលមានបញ្ហា? ជួនកាល យើងមានទម្លាប់ធ្វើផែនការហើយ រួចសិមអធិស្ឋានសូមឲ្យព្រះទ្រង់ប្រទានពរ ផែនការយើងជាក្រោយ ឬមានទម្លាប់អធិស្ឋាន តែនៅពេលទាល់ច្រក។ ព្រះទ្រង់ពិតជាសព្វព្រះទ័យឲ្យយើង ងាកមករកទ្រង់ ពេលដែលយើងមានបញ្ហា ប៉ុន្តែ ទ្រង់ក៏សព្វព្រះទ័យឲ្យយើងនឹកចាំថា យើងត្រូវការទ្រង់គ្រប់ពេលទាំងអស់(សុភាសិត ៣:៥-៦)។-Jennifer Benson Schuldt
Read article