ការជម្នះសេចក្តីកំហឹង
ពេលខ្ញុំកំពុងអានសារដែលគេបានផ្ញើមកទូរស័ព្ទរបស់ខ្ញុំ ខ្ញុំស្រាប់តែមានកំហឹងក្តៅឡើង ស្ទើរស្លឈាម។ ពេលនោះ ខ្ញុំហៀបតែនឹងបាញ់សារវាយប្រហារតបទៅវិញ តែមានសម្លេងមួយនៅក្នុងចិត្តខ្ញុំ បានប្រាប់ខ្ញុំ ឲ្យសម្រួលអារម្មណ៍ ហើយរង់ចាំឆ្លើយតបទៅគេវិញ នៅថ្ងៃស្អែក។ នៅពេលព្រឹក បន្ទាប់ពីបានគេងលក់យ៉ាងស្កប់ស្កល់កាលពីពេលយប់ បញ្ហាដែលបានធ្វើឲ្យខ្ញុំមិនសប្បាយចិត្តយ៉ាងខ្លាំងកាលពីថ្ងៃម្សិលមិញ ហាក់ដូចជាមិនសូវមានឥទ្ធិពលមកលើខ្ញុំទៀតទេ។ ពីដំបូងខ្ញុំបានបំប៉ោងវាឲ្យធំហួសខ្នាត ព្រោះខ្ញុំមិនចង់យកប្រយោជន៍អ្នកដទៃ ជាសំខាន់ជាងប្រយោជន៍ខ្លួនឯង ហើយខ្ញុំមិនព្រមជួយអ្នកដទៃ ដោយទុកឲ្យខ្លួនឯងពិបាកឡើយ។ ខ្ញុំមានការសោកស្តាយណាស់ ដែលខ្ញុំត្រូវបានល្បួងឲ្យឆ្លើយតប ដោយកំហឹង ជាញឹកញាប់។ ប៉ុន្តែ ជានិច្ចជាកាល ខ្ញុំបានដឹងថា ខ្ញុំត្រូវអនុវត្តតាមសេចក្តីពិតនៃព្រះគម្ពីរ ដែលខ្ញុំបានយល់ច្បាស់ ដែលបានចែងថា “ចូរខឹងចុះ តែកុំឲ្យធ្វើបាបឡើយ កុំឲ្យសេចក្តីកំហឹងរបស់អ្នកនៅដរាបដល់ថ្ងៃលិចឡើយ”(អេភេសូរ ៤:២៦) ហើយ “កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង”(ភីលីព ២:៤)។ ខ្ញុំសូមអរព្រះគុណព្រះ ដែលបានប្រទានព្រះវិញ្ញាណទ្រង់ ដើម្បីជួយយើងក្នុងការប្រយុទ្ធនឹងអំពើបាបរបស់យើង។ ត្រង់ចំណុចនេះ សាវ័កប៉ុល និងសាវ័កពេត្រុសបានហៅព្រះរាជកិច្ចរបស់ព្រះវិញ្ញាណថា “ព្រះរាជកិច្ចនៃការញែកចេញជាបរិសុទ្ធ”(២ថែស្សាឡូនិច ២:១៣ ១ពេត្រុស ១:២)។ បើគ្មានអំណាចទ្រង់ជួយទេ យើងគ្មានសង្ឃឹម ហើយក៏បរាជ័យផង តែយើងអាចមានជ័យជម្នះ ដោយពឹងអំណាចចេស្តាទ្រង់។-Poh Fang Chia
Read article