ការបាត់បង់ការចងចាំ
ជួនកាល ពេលដែលយើងកំពុងមានបញ្ហា យើងអាចបាត់បង់ការចងចាំខាងវិញ្ញាណ ដែលធ្វើឲ្យយើងភ្លេចព្រះគុណរបស់ព្រះ។ ប៉ុន្តែ មានវិធីដ៏ល្អមួយ ដើម្បីឲ្យយើងមានចិត្តដែលដឹងគុណព្រះឡើងវិញ គឺយើងរកពេលស្ងាត់ស្ងៀម ដើម្បីអធិស្ឋាន ដោយរំឭកឡើងវិញ នូវការផ្គត់ផ្គង់របស់ព្រះអង្គ ដែលយើងបានទទួលការពីមុន ហើយអរព្រះគុណព្រះអង្គ។ ពេលដែលពួកកូនចៅអ៊ីស្រាអែលបានទៅដល់វាលរហោស្ថាន ដែលក្តៅហួតហែង គ្មានជីជាតិ ពួកគេក៏បានភ្លេចព្រះគុណរបស់ព្រះ។ ពួកគេចង់វិលត្រឡប់ទៅនគរអេស៊ីព្ទវិញ ដើម្បីឲ្យបានបរិភោគអាហារឆ្ងាញ់ៗ ដូចមុន(និក្ខមនំ ១៦:២-៣) ហើយក្រោយមក ពួកគេក៏បានរំអ៊ូរទាំ អំពីការផ្គត់ផ្គង់ទឹក(១៧:២)។ ពេលនោះ ពួកគេបានភ្លេចការអស្ចារ្យ និងទីសំគាល់ដែលព្រះបានធ្វើ ពេលព្រះអង្គបានរំដោះពួកគេ និងបានប្រទានឲ្យពួកគេមានទ្រព្យសម្បត្តិជាច្រើនផង(១២:៣៦)។ ពួកគេរវល់តែខ្វល់ខ្វាយពីជីវិតក្នុងពេលបច្ចុប្បន្ន ហើយបានភ្លេចការផ្គត់ផ្គង់ ដែលព្រះអង្គបានប្រទានដោយព្រះទ័យមេត្តា កាលពីមុន។ អ្នកនិពន្ធទំនុកដំកើងបានលើកទឹកចិត្តយើងថា “ចូរអរព្រះគុណដល់ព្រះយេហូវ៉ា ដ្បិតទ្រង់ល្អ សេចក្តីសប្បុរសរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប”(ទំនុកដំកើង ១១៨:១)។ ព្រះអង្គមានព្រះទ័យសប្បុរស ដូចនេះព្រះអង្គក៏មាន “សេចក្តីស្រឡាញ់ដ៏ស្ថិតស្ថេរ” ហើយមានព្រះទ័យស្មោះត្រង់ផង។ ព្រះអង្គបានសន្យាថា នឹងគង់នៅក្បែរជានិច្ច ដើម្បីមើលថែរកូនរបស់ព្រះអង្គ។ ចូរយើងនឹកចាំ អំពីការផ្គត់ផ្គង់ដែលព្រះអង្គមានចំពោះយើង កាលពីមុន ដើម្បីឲ្យយើងអាចកែប្រែទស្សនៈរបស់យើងឲ្យល្អឡើងវិញ។ សេចក្តីស្រឡាញ់របស់ព្រះអង្គស្ថិតស្ថេរជាដរាប!-Dennis Fisher
Read article