នំម៉ាណាប្រចាំថ្ងៃ

You are here:
ការ​ភ័យ​ខ្លាច​ដ៏​ត្រឹម​ត្រូវ

និក្ខមនំ ២០:១៨-២១ កុំ​ខ្លាច​អី ដ្បិត​ព្រះ​ទ្រង់​បាន​យាង​មក​ប្រយោជន៍​តែ​នឹង​ល្បង​អ្នក​រាល់​គ្នា​ទេ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​កោត​ខ្លាច​ដល់​ទ្រង់​។ និក្ខមនំ ២០:២០ មនុស្ស​ជា​ច្រើន​មាន​ការ​ភ័យ​ខ្លាច​មិន​សម​ហេតុផល ចំពោះ​អ្វីមួយ ឬ​ស្ថានភាព​អ្វីមួយ រៀងៗ​ខ្លួន​។ អ្នក​ខ្លះ​ខ្លាច​សត្វ​ពីងពាង(ទោះ​អ្នក​ខ្លះ​បាន​ប្រកែក​ថា ការ​ខ្លាច​សត្វ​ពីងពាង​ជា​រឿង​ធម្មតា​ក៏ដោយ)។ អ្នក​ខ្លះ​ទៀត​ខ្លាច​ប៉េង​ប៉ោង ហើយ​អ្នក​ផ្សេង​ទៀត​ខ្លាច​ស្ករ​សូកូឡា​។ ការ​ភ័យ​ខ្លាច​ទាំង​នេះ ស្ថិត​ក្នុង​ចំណោម​ការ​ភ័យ​ខ្លាច​ប្លែកៗ​ជាង៤០០ ដែល​ពិត​ជា​មាន​មែន និង​ត្រូវ​បាន​គេ​ធ្វើ​ការ​សិក្សា និង​កត់​ត្រា​ទុក​ក្នុង​ឯកសារ​។ និយាយ​រួម មនុស្ស​យើង​ហាក់​ដូចជា​អាច​មាន​ការ​ភ័យ​ខ្លាច ចំពោះ​រឿង​ភាគ​ច្រើន ដែល​កើត​មាន​ក្នុង​ពិភពលោក​។ ពួក​អ៊ីស្រាអែល​ក៏​មាន​ការ​ភ័យ​ខ្លាច បន្ទាប់ពី​ពួកគេ​បាន​ទទួល​ក្រឹត្យ​វិន័យ១០ប្រការ គឺ​ដូច​មាន​សេចក្តី​ចែងថា “កាល​បណ្តាជន​ទាំង​អស់​គ្នា បានឮ​ផ្គរ​លាន់ និង​សូរ​ផ្លុំ​ស្នែង ហើយ​ឃើញ​ផ្លេកបន្ទោរ និង​ភ្នំ​ហុយ​ផ្សែង​ឡើង​ដូច្នេះ នោះ​ស្រាប់តែ​គេ​ញ័រ​រន្ធត់ ហើយ​ក៏​ថយ​ទៅ​ឈរ​នៅ​ទី​ឆ្ងាយ​វិញ”(និក្ខមនំ ២០:‌១៨)។ លោក​ម៉ូសេ​ក៏បាន​កម្សាន្ត​ចិត្ត​ពួកគេ ដោយ​មាន​ប្រសាសន៍​​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ថា “កុំ​ខ្លាច​អី ដ្បិត​ព្រះ​ទ្រង់​បាន​យាង​មក​ប្រយោជន៍​តែ​នឹង​ល្បង​អ្នក​រាល់​គ្នា​ទេ ហើយ​ឲ្យ​អ្នក​រាល់​គ្នា​បាន​កោត​ខ្លាច​ដល់​ទ្រង់ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​អំពើបាប​ឡើយ”(ខ.២០)។ ត្រង់​ចំណុច​នេះ លោក​ម៉ូសេ​មិន​បាន​និយាយ​ជាន់កែង​ខ្លួនឯង​ទេ នៅពេល​ដែល​គាត់​ប្រាប់​គេ​កុំ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច តែ​គាត់​ក៏បាន​ប្រាប់​គេ​ឲ្យ​កោត​ខ្លាច​ដល់​ព្រះ​វិញ​។ តាម​ពិត ក្នុង​ព្រះ​គម្ពីរ​ដើម​ភាសា​ហេព្រើរ ពាក្យ “ខ្លាច” យ៉ាង​ហោច​ណាស់ មានន័យ​ពីរ គឺ​ការ​ភ័យ​ញ័រ​ចំពោះ​អ្វីមួយ ឬ​ការ​កោត​ខ្លាច ដោយ​ការ​គោរព​ចំពោះ​ព្រះ​។ យើង​ប្រហែល​អស់​សំណើច…

Read article
ជា​អ្នក​មាន​ខាង​ឯ​ការ​ល្អ

១ធីម៉ូថេ ៦:៦-១០,១៧-១៩ ចូរ​បង្គាប់​ឲ្យ​គេ​ធ្វើ​គុណ និង​ការ​ល្អជា​បរិបូរ ព្រម​ទាំង​ចែក​ទាន​ដោយ​សទ្ធា ហើយ​ប្រុង​ប្រៀប​នឹង​ជួយ​គេ​ផង​។ ១ធីម៉ូថេ ៦:‌១៨ អ្នក​ស្រី អូ​សេឡា មែកខាធី(Oseola McCarty) បាន​ធ្វើ​ការងារ​ដ៏​ហត់​នឿយ ជា​អ្នក​បោក​គក់​សំលៀក​បំពាក់ អស់៧ទសវត្សរ៍ ដែល​មាន​ការ​បោកគក់ និង​ការ​ពូត​ខោអាវ​ដោយដៃ​។ នៅ​ទី​បំផុត គាត់​ក៏បាន​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​ចូល​និវត្តន៍ ក្នុង​អាយុ៨៦ឆ្នាំ​។ គាត់​បាន​សន្សំ​ប្រាក់​ចំណូល​តិចតួច​របស់​គាត់ ក្នុងរយៈ​ពេល​ជាច្រើន​ឆ្នាំ​នោះ ហើយ​សហគមន៍​របស់​គាត់​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៅពេល​ដែល​គាត់​បាន​បរិច្ចាគ​លុយ ១៥ម៉ឺន​ដុល្លា ឲ្យ​សកល​វិទ្យាល័យ​មួយ​នៅ​ក្បែរ​ផ្ទះ​គាត់ ដើម្បី​បង្កើត​មូលនិធិ​អាហារូបករណ៍ សម្រាប់​សិស្ស​ក្រីក្រ​។ មនុស្ស​រាប់​រយ​នាក់​មាន​ការ​ប៉ះ​ពាល់​ចិត្ត ចំពោះ​អំពើ​សប្បុរស​ធម៌​របស់​គាត់​ដែល​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយក៏​បាន​ចូល​រួម​បរិច្ចាគ​ប្រាក់​ជាមួយ​គាត់ ដែល​ធ្វើ​ឲ្យ​មូលនិធិ​អាហារូបករណ៍​នោះ មាន​ចំនួន​កើន​ឡើង​ច្រើន​ជាង​មុន៣ដង​។ អ្នក​ស្រី​អូ​សេឡា បាន​យល់​ឃើញថា តម្លៃ​ពិត​ប្រាកដ​នៃ​ទ្រព្យ​សម្បត្តិ​របស់​គាត់ មិន​ស្ថិត​នៅ​ត្រង់​ការ​ប្រើ​ប្រាស់​វា ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​នោះ​ទេ តែ​ដើម្បី​ធ្វើ​ជា​ព្រះពរ​សម្រាប់​អ្នក​ដទៃ​។ សាវ័ក​ប៉ុល​បាន​បង្រៀន​លោក​ធីម៉ូថេ ឲ្យ​បង្គាប់​ដល់​អ្នក​មាន ក្នុង​លោកិយ​នេះ ឲ្យ​ធ្វើ​ការ​ល្អ ឲ្យ​បាន​ច្រើន​ជា​បរិបូរ(១ធីម៉ូថេ ៦:‌១៨)។ យើង​ម្នាក់ៗ​ទទួល​បាន​ទ្រព្យ​សម្បត្តិ​តិច​ឬ​ច្រើន ជា​បញ្ញើ​ពី​ព្រះអម្ចាស់ ទោះ​ជា​លុយ​កាក់ ឬ​ជា​ធនធាន​ដទៃ​ទៀត​ក៏ដោយ​។ សាវ័ក​ប៉ុល​បាន​ដាស់តឿន​យើង​ឲ្យ​ទុកចិត្ត​ព្រះ ជាជាង​ទុក​ចិត្ត​លើ​ធនធាន​របស់​យើង(ខ.‌១៧) ហើយ​សន្សំ​ទ្រព្យ​នៅ​ស្ថាន​សួគ៌ ដោយ​ធ្វើ​ការ​ល្អ និង​ចែករំលែក(ខ.១៨)។…

Read article
អគារ​សម្រាប់​ថ្វាយបង្គំ​ព្រះ

និក្ខមនំ ២៦:៣០-២៧:៨ ត្រូវ​ដំឡើង​រោង​ឧបោសថ​តាម​គំរូ​ដែល​បាន​បង្ហាញ​ឲ្យ​ឯង​ឃើញ​នៅ​លើ​ភ្នំ​។ និក្ខមនំ ២៦:៣០ នៅពេល​ដែល​អគារ​រដ្ឋសភា​របស់​ចក្រភព​អង់គ្លេស ទទួល​រ​ង​ការ​បំផ្លិច​បំផ្លាញ​ដោយសារ​ការ​ទម្លាក់​គ្រាប់បែក ក្នុង​សម័យ​សង្រ្គាម​លោក​លើកទី២ លោក​វីនស្តិន ឈើឈីល(Winston Churchill) ជា​នាយក​រដ្ឋ​មន្រ្តី បាន​ប្រាប់​រដ្ឋ​សភា​ថា ពួក​គេ​ត្រូវ​សាងសង់​អគារ​រដ្ឋសភា ឲ្យ​មាន​រូបរាង​ដូច​ដើម​វិញ​។ អគារ​នោះ​ត្រូវ​មាន​ទំហំ​តូច ដើម្បី​ឲ្យ​ការ​ជជែក​វែក​ញែក​តទល់​នៅតែ​អាច​បន្ត​មាន​។ វា​ត្រូវ​មាន​រាង​មូល​ទ្រវែង ជា​ជាង​មាន​រៀង​ពាក់​កណ្តាល​រង្វង់ ដោយ​អនុញ្ញាត​ឲ្យ​អ្នក​នយោបាយ​ឡើង​ទៅ​និយាយ នៅ​ត្រង់​ចំណុច​កណ្តាល​។ ការ​រៀបចំ​នេះ​បាន​ថែរក្សា​ប្រព័ន្ធ​គណបក្ស​របស់​ចក្រភព​អង់គ្លេស​ឲ្យ​ស្ថិត​ស្ថេរ ដែល​ក្នុង​នោះ សមាជិក​គណបក្ស​ឆ្វេង​និយម និង​ស្តាំ​និយម អាច​អង្គុយ​ទល់​មុខ​គ្នា នៅ​ក្នុង​សាល​ប្រជុំ ដោយ​តម្រូវ​ឲ្យ​មាន​ការ​គិត​យ៉ាង​ប្រុង​ប្រយ័ត្ន មុន​ពេល​ពួកគេ​សម្រេច​ចិត្ត​ចុះ​ចូល​គណបក្ស​មួយ​ទៀត​។ លោក​ឈើឈីល ក៏បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា “យើង​សាង​សង់​អគារ​របស់​យើង ហើយ​ក្រោយមក អគារ​របស់​យើង​មាន​ឥទ្ធិពល​មក​លើ​អាកប្ប​កិរិយា ទម្លាប់ និង​វប្បធម៌​របស់​យើង”។ ព្រះអម្ចាស់​ហាក់​ដូចជា​យល់​ស្រប​ចំពោះ​ទស្សនៈ​នេះ​។ កណ្ឌ​គម្ពីរ​និក្ខមនំ មាន៨ជំពូក(ជំពូក ២៤-៣១) ដែល​បាន​ចែង​អំពី​ការ​បង្គាប់​របស់​ព្រះអង្គ អំពី​របៀប​សាង​សង់​រោង​ឧបោសថ ហើយ​មាន៦ជំពូក​ទៀត(ជំពូក ៣៥-៤០) ដែល​ពិពណ៌នា អំពី​របៀប​ដែល​ពួក​អ៊ីស្រាអែល​បាន​ធ្វើ​តាម​បង្គាប់​របស់​ព្រះអង្គ​។ ព្រះ​អង្គ​យក​ព្រះទ័យ​ទុកដាក់ ចំពោះ​ការ​ថ្វាយបង្គំ​របស់​ពួកគេ​។ នៅពេល​ដែល​ពួក​បណ្តាជន​ដើរ​ចូល​ក្នុង​បរិវេណ​នៃ​រោង​ឧបោសថ ភាព​ចាំងចែង​នៃ​មាស និង​ពណ៌​ដ៏​ស្រស់​ស្អាត​នៃ​វាំងនន​របស់​រោង​ឧបោសថ​(២៦:១,៣១-៣៧) បាន​ធ្វើ​ឲ្យ​ពួកគេ​មាន​ចិត្ត​ស្ញប់​ស្ញែង​យ៉ាង​ខ្លាំង​។ អាសនា​សម្រាប់​ដុត​យញ្ញ​បូជា(២៧:១-៨) និង​ចានក្លាំ​សម្រាប់​ដាក់​ទឹក​លាង​សម្អាត(៣០:‌១៧-២១) បាន​រំឭក​ពួកគេ…

Read article
រក​ឃើញ​ការ​សម្រាក​ក្នុង​ព្រះយេស៊ូវ

ម៉ាថាយ ១១:២៩-៣០ អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក​។ ម៉ាថាយ ១១:២៨ វិញ្ញាណ​ដែល​នឿយ​ព្រួយ មិន​ដែល​ស្កប់​ចិត្ត​នឹង​ទ្រព្យ​សម្បត្តិ និង​ភាព​ជោគជ័យ​ឡើយ​។ ជីវិត​របស់​តារា​ចម្រៀង​ជនបទ​ដ៏​ល្បី​ល្បាញ​ម្នាក់​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា នេះ​ជា​ការ​ពិតមែន​។ បទចម្រៀង​របស់​គាត់ ជិត៤០អាល់ប៊ុម បាន​ជាប់​ចំណាត់​ថ្នាក់ នៅ​ក្នុង​ចំណោម​កំពូល​បទ​ចម្រៀង​ជនបទ​ទាំង១០ ដែល​ពេញ​និយម​បំផុត​។ ប៉ុន្តែ គាត់​បាន​រៀប​ការ​ជា​ច្រើន​លើក ហើយ​ធ្លាប់​ជាប់គុក​ផង​ដែរ​។ ទោះ​គាត់​សម្រេច​បាន​ជោគជ័យ​ច្រើន​ប៉ុណ្ណា​ក៏ដោយ ក៏​គាត់​ធ្លាប់​ពោល​ទំនួញ​ថា “វិញ្ញាណ​របស់​ខ្ញុំ មាន​ភាព​នឿយ​ព្រួយ ដែល​ខ្ញុំ​មិន​អាច​ជម្នះ​បាន ដោយ​ភាព​ល្បី​ល្បាញ ការ​រៀប​ការ​ជាមួយ​អ្នក​ថ្មី ឬ​ការ​ស្វែងរក​អត្ថន័យ​ជីវិត… វា​នៅតែ​មាន​ភាព​ហត់​នឿយ​នោះ គឺ​មាន​រហូត​ដល់​ថ្ងៃ​ដែល​ខ្ញុំ​ស្លាប់”។ គួរ​ឲ្យ​ស្តាយ​ណាស់ គាត់​គួរតែ​បាន​រក​ឃើញ​ការ​សម្រាក​សម្រាប់​វិញ្ញាណ​គាត់ មុន​ពេល​ជីវិត​គាត់​បញ្ចប់​។ ព្រះយេស៊ូវ​បាន​ធ្វើ​ការ​អញ្ជើញ​ដល់​មនុស្ស​ទាំង​អស់ ឲ្យ​ចូល​មក​រក​ព្រះ​អង្គ​ផ្ទាល់ៗ​ខ្លួន(ម៉ាថាយ ១១:២៨) គឺ​មនុស្ស​ដែល​មាន​ភាព​នឿយ​ព្រួយ ដោយសារ​បន្ទុក​នៃ​អំពើបាប និង​ផល​វិបាក​របស់​វា មិន​ខុសពី​តារា​ចម្រៀង​រូប​នេះ​ឡើយ​។ ពេលណា​យើង​ទទួល​សេចក្តី​សង្រ្គោះ​ក្នុង​ព្រះយេស៊ូវ ព្រះអង្គ​នឹង​ដក​បន្ទុក​ចេញពី​យើង ហើយ​ប្រទាន​យើង នូវ​ការ​សម្រាក​។ អ្វី​ដែល​យើង​ត្រូវ​ធ្វើ​នោះ​គឺ ត្រូវ​ជឿ​ព្រះអង្គ ហើយ​រៀន​សូត្រ​ពី​ព្រះអង្គ អំពី​របៀប​រស់នៅ​ក្នុង​ជីវិត​ពេញ​បរិបូរ ដែល​ព្រះអង្គ​បាន​ប្រទាន(យ៉ូហាន ១០:១០)។ ការ​ទទួល​យក​នឹម​នៃ​ភាពជា​សិស្ស​របស់​ព្រះគ្រីស្ទ នាំ​ឲ្យ​យើង​រក​ឃើញ​ការ​សម្រាក​សម្រាប់​វិញ្ញាណ​យើង(ម៉ាថាយ ១១:២៩)។ ពេល​យើង​ចូល​ទៅ​រក​ព្រះយេស៊ូវ…

Read article
ព្រះអង្គ​នៅតែ​មាន​សេចក្តី​ស្រឡាញ់​ចំពោះ​យើង

បរិ​ទេវ ៣:១៩-២៦ ឯ​សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ សេចក្តី​ទាំង​នោះ ចេះតែ​ថ្មី​ឡើង​រាល់តែ​ព្រឹក​ជានិច្ច សេចក្តី​ស្មោះ​ត្រង់​របស់​ទ្រង់​ធំ​ណាស់​។ បរិ​ទេវ ៣:២២-២៣ អ្នក​ស្រី​ស៊ូសិន(Susan) មិន​បាន​ទិញ​របស់​អ្វីមួយ​សម្រាប់​ខ្លួនឯង​ទេ ក្រៅ​ពី​របស់​របរ​ដែល​ចាំបាច់​សម្រាប់​គ្រួសារ​។ គាត់​បាន​អនុវត្ត​ដូច​នេះ​អស់​រយៈ​ពេល៣ឆ្នាំ​។ ការ​រីក​រាល​ដាល​នៃ​ជំងឺកូវីត១៩ មាន​ផល​ប៉ះ​ពាល់​មក​លើ​ប្រាក់​ចំណូល​របស់​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​នេះ ហើយ​គាត់​ក៏​បាន​ឱប​ក្រសោប​យក​ការ​រស់នៅ​ដ៏​សាមញ្ញ​។ គាត់​បាន​ចែក​ចាយ​ថា ថ្ងៃ​មួយ នៅពេល​ដែល​គាត់​កំពុង​បោស​សំអាត​ផ្ទះ​របស់​គាត់ គាត់​ក៏​បាន​កត់​សំគាល់​ឃើញថា របស់របរ​ប្រើ​ប្រាស់​នៅ​ក្នុង​ផ្ទះ​គាត់ មាន​ភាព​ចាស់​រីក​រិល និង​ស្លេក​ពណ៌​អស់​។ គឺ​នៅពេល​នោះ​ហើយ គាត់​ក៏បាន​ចាប់​ផ្តើម​នឹក​ដល់​ពេល​ដែល​គាត់​ទិញ​របស់របរ​ថ្មីៗ​ដាក់​ក្នុង​ផ្ទះ ដែល​នាំ​ឲ្យ​មាន​ចិត្ត​ស្រស់ស្រាយ និង​រំភើប​រីករាយ​។ អ្វីៗ​នៅ​ជុំ​វិញ​ខ្លួន​គាត់ ហាក់​ដូចជា​មាន​ភាព​ហត់​នឿយ និង​ចាស់​រីក​រិល​។ ពេល​នោះ គាត់​ហាក់​ដូចជា​លែង​មាន​សេចក្តី​សង្ឃឹម​ថា ការ​ល្អ​នឹង​កើត​មាននៅ​ពេល​អនាគត​ទៀត​ទេ​។ អ្នក​ស្រី​ស៊ូសិន​ក៏​បាន​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត ក្នុង​កណ្ឌ​គម្ពីរ ដែល​ហោរា​យេរេមា​បាន​និពន្ធ បន្ទាប់ពី​ទីក្រុង​យេរូ​សាឡិម​បាន​ដួល​រលំ ដោយសារ​កងទ័ព​បាប៊ីឡូន​។ កណ្ឌ​គម្ពីរ​បរិទេវ​បាន​ពិពណ៌នា អំពី​របួស​នៃ​ការ​សោក​សង្រេង​ដែល​លោក​ហោរា និង​ប្រជាជន​គាត់​កំពុង​ឆ្លង​កាត់​។ ទោះជា​យ៉ាងណា​ក៏ដោយ ក្នុង​ពេល​នៃ​ការ​សោក​សង្រេង​នោះ ក្តី​សង្ឃឹម​ក៏បាន​កើត​មាន ដោយសារ​សេចក្តី​ស្រឡាញ់​របស់​ព្រះអម្ចាស់​។ បាន​ជា​ហោរា​យេរេមា​ពោល​ថា “សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់ នោះ​មិន​ចេះ​ផុត​ឡើយ សេចក្តី​ទាំង​នោះ ចេះតែ​ថ្មី​ឡើង​រាល់តែ​ព្រឹក​ជានិច្ច”( ៣:២២-២៣)។ អ្នក​ស្រី​ស៊ូសិន​បាន​នឹក​ចាំ​ថា សេចក្តី​ស្រឡាញ់​ដ៏​ជ្រាល​ជ្រៅ​របស់​ព្រះអម្ចាស់ ចេះតែ​ថ្មី​ឡើង​រាល់តែ​ព្រឹក​ជានិច្ច​។ ពេលណា​កាលៈទេសៈ​របស់​យើង…

Read article
ព្រះ​នៃ​សេរី​ភាព

និក្ខមនំ ៣:១-១០ អញ​នឹង​ចាត់​ឯង​ឲ្យ​ទៅផារ៉ោន ដើម្បី​ឲ្យឯង​បាន​នាំ​រាស្ត្រអញ គឺជា​ពួក​កូនចៅ​អ៊ីស្រាអែល​ចេញពី​ស្រុក​អេ​ស៊ីព្ទមក​។ និក្ខមនំ ៣:១០ បន្ទាប់ពី លោក​ប្រធានាធិបតី អេ​ប្រាហាំ លិនខិន(Abraham Lincoln) បាន​ចេញ​សេចក្តី​ប្រកាស​ដោះ​លែង​ទាសករ​ទាំង​អស់ នៅ​ភាគ​ខាង​ត្បូង​នៃ​សហរដ្ឋអាមេរិក រដ្ឋ​សហព័ន្ធ​ដែល​មិន​ចង់​ដោះ​លែង​ទាសករ​ក៏​បាន​ផ្តាច់​ខ្លួន បណ្តាល​ឲ្យ​មាន​សង្រ្គាម​សីវិល​ផ្ទុះ​ឡើង​។ ប៉ុន្តែ បន្ទាប់​ពី​រដ្ឋ​សហព័ន្ធ​បាន​ចុះ​ចាញ់ រដ្ឋ​តិចសាស់ នៅតែ​មិន​ទទួល​ស្គាល់​សេរី​ភាព​របស់​ទាសករ​។ ទោះជា​យ៉ាងណា​ក៏ដោយ នៅ​ថ្ងៃទី១៩ ខែ​មិថុនា ឆ្នាំ១៨៦៥ លោក​ហ្គរដិន គ្រែងជ័រ(Gordon Granger) ជា​មេទ័ព​របស់​លោក​អ័ប្រាហាំ លីនខិន ក៏​បាន​ជិះ​សេះ​ចូល​ទៅ​ក្នុង​ទីក្រុង​កាល់​វេស្តុន រដ្ឋ​តិច​សាសន៍ ហើយ​បាន​ធ្វើ​ការ​ទាម​ទា ឲ្យ​គេ​ដោះ​លែង​ទាសករ​ទាំង​អស់​។ សូម​យើង​ស្រមៃ​អំពី​ការ​ភ្ញាក់​ផ្អើល និង​ក្តី​អំណរ​របស់​ទាសករ នៅពេល​ដែល​គេ​ដោះ​ខ្នោះ​ច្រវាក់​ចេញពី​ជើង​ពួកគេ បន្ទាប់ពី​គេ​បានឮ​ការ​ប្រកាស​នោះ​។ ព្រះ​អម្ចាស់​ទត​ឃើញ​មនុស្ស​ដែល​ត្រូវ​គេ​សង្កត់សង្កិន ហើយ​នៅ​ទី​បំផុត ព្រះអង្គ​ក៏​ប្រកាស​ថា ព្រះអង្គ​នឹង​ប្រទាន​សេរី​ភាព ដល់​អ្នក​ដែល​រស់នៅ​ក្រោម​ភាព​អយុត្តិធម៌​។ ព្រះ​អង្គ​ប្រកាស​អំពី​សេរី​ភាព​ក្នុង​សម័យ​បច្ចុប្បន្ន ក៏​ដូច​នៅ​សម័យ​របស់​លោក​ម៉ូសេ​។ ព្រះអង្គ​បាន​បង្ហាញ​អង្គ​ទ្រង់ នៅ​ក្នុង​គុម្ព​បន្លា​ឆេះ ដោយ​មាន​បន្ទូល​ជា​លក្ខណៈ​បន្ទាន់​ថា ព្រះអង្គ​បាន​ឃើញ​សេចក្តី​វេទនា​របស់​រាស្ត្រ​ព្រះអង្គ ដែល​នៅ​ស្រុក​អេស៊ីព្ទ​ហើយ(និក្ខមនំ ៣:៧)។ ព្រះអង្គ​មិន​គ្រាន់តែ​បាន​ទត​ឃើញ​អំពើ​សាហាវ​ព្រៃ​ផ្សៃ​ដែល​សាសន៍​ដទៃ​ បាន​ប្រព្រឹត្ត​ចំពោះ​ពួក​អ៊ីស្រាអែល​ប៉ុណ្ណោះ​ទេ តែ​ព្រះ​អង្គ​ថែម​ទាំង​មាន​ផែនការ​រំដោះ​ពួកគេ​ផង​ដែរ​។ គឺ​ដូច​ដែល​ព្រះ​អង្គ​ប្រកាស​ថា “អញ​បាន​ចុះ​មក…

Read article
មិត្តសំឡាញ់សម្រាប់មនុស្សឯកោ

ទំនុក​ដំកើង ៦៨:៣-៦,១៩ ព្រះ​ទ្រង់​ប្រោស​មនុស្ស​ត្រមោច​ឲ្យ​បែក​ជា​គ្រួសារ​ឡើង​។ ទំនុក​ដំកើង ៦៨:៦ អ្នក​ស្រី ហូលី ឃុគ(Holly Cooke) មិន​មាន​មិត្ត​ភក្តិ​សូម្បីតែ​ម្នាក់ ពេល​គាត់​ផ្លាស់មក​រស់នៅ​ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស ដើម្បី​ធ្វើ​ការ​នៅ​ទីនោះ​។ គាត់​មាន​អារម្មណ៍​វេទនា នៅ​ចុង​សប្តាហ៍​។ ទីក្រុង​ឡុងដ៍​ស្ថិត​ក្នុង​ចំណោម​ទីក្រុង​ដែល​ប្រជាជន​មាន​ការ​ពិបាក​ចិត្ត​ច្រើន​ជាងគេ នៅ​លើ​ពិភពលោក នេះ​បើ​យោង​តាម​ការ​ស្ទង់មតិ​ជា​សកល ៥៥ភាគរយ នៃ​ប្រជាជន​នៅ​ទីក្រុង​នេះ​បាន​និយាយ​ថា ពួកគេ​មាន​អារម្មណ៍​ឯកោ ខណៈ​ពេល​ដែល​នៅ​ទីក្រុង​លីសបិន ប្រទេស​ប៉ទុយហ្កាល់ មាន​ប្រជាជន​តែ​១០​ភាគ​រយៈ​ប៉ុណ្ណោះ ដែល​មាន​អារម្មណ៍​ឯកោ​។ ដើម្បី​តភ្ជាប់​ទំនាក់​ទំនងជា​មួយ​អ្នក​ដទៃ អ្នក​ស្រី​ហូលី ក៏បាន​ជម្នះ​ការ​ភ័យ​ខ្លាច​របស់​គាត់ ដោយ​បង្កើត​បណ្តាញ​សង្គម​មួយ ដែល​មាន​ឈ្មោះថា ក្លិប​នារី​ឯកោ​នៅ​ទីក្រុង​ឡុងដ៍ ហើយ​ក្រោយមក មាន​មនុស្ស​ប្រហែល ៣ម៉ឺន៥ពាន់​នាក់ បាន​ចូល​រួម​។ មាន​ការ​ជួប​ជុំ​តាម​ក្រុម​តូចៗ រៀង​រាល់​សប្តាហ៍ នៅ​កន្លែង​ពិកនិក ក្នុង​សួន​ច្បារ នៅ​កន្លែង​រៀន​សិល្បៈ នៅ​ថ្នាក់​រៀន​ធ្វើ​គ្រឿង​អលង្ការ នៅ​កន្លែង​អាហារ​ពេល​ល្ងាច និង​សូម្បីតែ​នៅ​កន្លែង​ហាត់​ប្រាណ​ក៏ដោយ​។ បញ្ហា​ប្រឈម​នៃ​ភាព​ឯ​កោ មិនមែន​ទើបតែ​កើត​មាន​ក្នុង​សម័យ​យើង​​ទេ ហើយ​ការ​ប្រោស​ឲ្យ​ជា​សម្រាប់​អារម្មណ៍​ឯកោ​ក៏បាន​កើត​មាន​តាំងពី​យូរ​មក​ហើយ​។ គឺដូច​ដែល​ស្តេច​ដាវីឌ​បាន​សរសើរ​ដំកើង​ព្រះ​អម្ចាស់​ថា ព្រះអង្គ​ប្រោស​មនុស្ស​ឯកោ ឲ្យ​មាន​គ្រួសារ ហើយក៏​នាំ​អ្នក​ជាប់​ចំណង ឲ្យ​ចេញ​ទៅ​រក​សេរី​ភាព ដោយ​សម្លេង​ច្រៀង(ទំនុក​ដំកើង ៦៨:៦)។ ការ​ទូល​សូម​ព្រះអម្ចាស់​ឲ្យ​នាំ​យើង​ទៅ​រក​មិត្ត​ភក្តិ ដែល​មាន​លក្ខណៈ​ដូច​ព្រះគ្រីស្ទ…

Read article
សេចក្តី​ជំនឿ​ដែល​សប្បុរស

ចោទិយកថា ២៤:១៧-២២ កាលណា​ច្រូត​ចំរូត​នៅ​ស្រែ​របស់​ឯង … ត្រូវ​ទុក​សំរាប់​អ្នក​ដទៃ និង​ពួក​កូនកំព្រា ហើយ​នឹង​ស្រី​មេម៉ាយ​វិញ​។ ចោទិយកថា ២៤:‌១៩ កាល​ពីរបី​ឆ្នាំ​មុន ពួក​ជំនុំ​របស់​យើង​បាន​ទទួល​ការ​អញ្ជើញ ឲ្យ​ទទួល​ជនភៀសខ្លួន​ចូល​ស្នាក់​នៅ បន្ទាប់ពី​ពួក​គេ​បាន​ភៀស​ខ្លួន​ចេញ​ប្រទេសកំណើត ដោយសារ​ការ​ផ្លាស់​ប្តូរ​អ្នក​ដឹកនាំ ដែល​នាំ​ឲ្យ​មាន​ភាព​វឹកវរ​។ ក្រុម​គ្រួសារ​ទាំងមូល​បាន​ធ្វើ​ដំណើរ​មកដល់ ដោយ​មានតែ​បង្វេច​តួច​មួយ​។ ក្រុម​គ្រួសារ​មួយ​ចំនួន ក្នុង​ពួក​ជំនុំ​របស់​ខ្ញុំ បាន​បើក​ទ្វារ​ផ្ទះ​ទទួល​ពួកគេ​ឲ្យ​ចូល​រស់នៅ​ជាមួយ ហើយ​សូម្បីតែ​គ្រួសារ​ដែល​នៅ​សល់​តែ​បន្ទប់​តូច​មួយ ក៏​បាន​ស្វាគមន៍​ពួកគេ​ឲ្យ​ចូល​ស្នាក់​នៅ​ជា​មួយ​ផង​ដែរ​។ ការ​ទទួល​ស្វាគមន៍​ដោយ​ចិត្ត​សប្បុរស​ដូច​នេះ បាន​ឆ្លុះ​បញ្ចាំង អំពី​ព្រះ​រាជ​បញ្ជា​របស់​ព្រះ ចំពោះ​ពួក​អ៊ីស្រាអែល នៅពេល​ដែល​ពួកគេ​ចូល​រស់នៅ​ក្នុង​ទឹកដី​សន្យា(ចោទិយថា ២៤:១៩-២១)។ ដោយសារ​ពួកគេ​រស់នៅ​ក្នុង​សង្គម​កសិកម្ម ពួកគេ​មាន​ការ​យល់​ដឹង អំពី​សារៈសំខាន់​នៃ​ការ​ប្រមូល​ផល​។ ស្រូវ​ដែល​ពួកគេ​បាន​ច្រូត​កាត់ មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ចំពោះ​ការ​រស់នៅ ក្នុង​ឆ្នាំ​ក្រោយ​។ ហេតុ​នេះ​ហើយ ព្រះអម្ចាស់​ក៏បាន​បង្គាប់​ពួកគេ​ឲ្យ ទុក​គួរ​ស្រូវ​ខ្លះ សម្រាប់​ជន​បរទេស​ដែល​មក​ស្នាក់​នៅ​ក្នុង​ចំណោម​ពួកគេ ក៏​ដូចជា​សម្រាប់​ពួក​ក្មេង​កំព្រា និង​ស្ត្រី​មេម៉ាយ(ខ.១៩) ហើយក៏​បាន​ប្រាប់​ពួកគេ​ឲ្យ​ទុក​ចិត្ត​លើ​ការ​ផ្គត់ផ្គង់​របស់​ព្រះអង្គ​។ ពួក​អ៊ីស្រាអែល​ត្រូវតែ​បង្ហាញ​ចេញ​នូវ​ចិត្ត​សប្បុរស មិន​គ្រាន់តែ​​ចែករំលែក​ដល់​អ្នក​ដទៃ នៅពេល​ដែល​ពួកគេ​មាន​គ្រប់​គ្រាន់​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​ចែករំលែក ដោយ​ទុក​ចិត្ត​លើ​ការ​ផ្គត់ផ្គង់​របស់​ព្រះអង្គ​ផង​ដែរ​។ ការ​ស្វាគមន៍​អ្នក​ដទៃ​យ៉ាង​ដូច​នេះ ក៏​បាន​រំឭក​ពួកគេ​ឲ្យ​នឹក​ចាំ​ថា កាលពី​មុន ពួកគេ​ក៏​ធ្លាប់​រស់នៅ​ជា​ទាសករ ក្នុង​ទឹកដី​អេស៊ីព្ទ​ផង​ដែរ(ខ.១៨,២២)។ កាលពី​មុន ពួក​គេ​ធ្លាប់​រស់នៅ ក្រោម​ការគាបសង្កត់…

Read article
សង្ឃឹមថា នឹង​បាន​ការ​ប្រោស​ឲ្យ​ជា

យ៉ូហាន ៥:១-៩ ស្រាប់តែ​អ្នក​នោះ​បានជា​ភ្លាម ក៏​យក​គ្រែ​ដើរទៅ​។ យ៉ូហាន ៥:៩ ហេតុផល​ថ្មី​មួយ​ដែល​ធ្វើ​ឲ្យ​គេ​មាន​សង្ឃឹម​បាន​លេច​ឡើង សម្រាប់​មនុស្ស​ដែល​ពិការ ដោយសារ​មាន​របួស​នៅ​ឆ្អឹង​ខ្នង​។ ក្រុម​អ្នក​ស្រាវ​ជ្រាវ​ជនជាតិ​អាឡឺម៉ង់ បាន​រក​ឃើញ​វិធី​ភ្ញោច​ប្រព័ន្ធ​ប្រសាទ​ឲ្យ​លូត​លាស់​ឡើងវិញ ដើម្បី​តភ្ជាប់​នូវ​សរសៃ​ប្រសាទ​រវាង​សាច់ដុំ និង​ខួរ​ក្បាល​ដែល​បាន​ដាច់។ ការ​បណ្ដុះ​នេះ​បាន​ជួយ​ឲ្យ​សត្វ​កណ្តុរ​ដែល​ពិការ អាច​ដើរ​ឡើង​វិញ​បាន ហើយ​គេ​នឹង​បន្ត​ធ្វើ​តេស្ដ ដើម្បី​កំណត់​ឲ្យ​ច្បាស់​ថា ការ​ព្យាបាល​នោះ​មាន​សុវត្ថិភាព និង​ប្រសិទ្ធភាព​សម្រាប់​មនុស្ស​ឬ​អត់​។ អ្វី​ដែល​អ្នក​វិទ្យាសាស្ត្រ​បាន​ព្យាយាម​ស្វែងរក សម្រាប់​អ្នក​ដែល​មាន​ភាព​ពិការ ក៏​ជា​អ្វី​ព្រះយេស៊ូវ​បាន​ប្រទាន​មក តាមរយៈ​ការ​អស្ចារ្យ​ផង​ដែរ។ មាន​ពេល​មួយ ព្រះ​អង្គ​យាង​ទៅ​ស្រះ​ទឹក បេថែសដា ជា​កន្លែង​ដែល​មនុស្ស​ជា​ច្រើន​មាន​ជំងឺ បាន​ទៅ ដោយ​សង្ឃឹមថា នឹង​ទទួល​បាន​ការ​ប្រោស​ឲ្យ​ជា​។ ព្រះអង្គ​ក៏​បាន​ទត​ឃើញ​បុរស​ម្នាក់ ដែល​ពិការ៣៨ឆ្នាំ​ហើយ(យ៉ូហាន ៥:៥)។ បន្ទាប់ពី​បុរស​នោះ​បាន​បញ្ជាក់​ច្បាស់​ថា គាត់​ពិតជា​ចង់​ទទួល​ការ​ប្រោស​ឲ្យ​ជា ព្រះអង្គ​ក៏បាន​បង្គាប់​គាត់​ឲ្យ​ក្រោកឈរ ហើយ​ដើរ​។ “ស្រាប់តែ​អ្នក​នោះ​បានជា​ភ្លាម ក៏​យក​គ្រែ​ដើរទៅ”(ខ.៩)។ ព្រះអង្គ​មិន​បាន​សន្យា​ថា ជំងឺ​ខាង​សាច់ឈាម​របស់​យើង​នឹង​បានជា​ទាំង​អស់ ក្នុង​ជីវិត​នៅ​លើ​ផែនដី​នេះ​ទេ ហើយ​មាន​មនុស្ស​ផ្សេង​ទៀត នៅ​មាត់​ស្រះ​នោះ ដែល​មិន​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា​នៅ​ថ្ងៃ​នោះ​។ តែ​អ្នក​ដែល​ជឿ​ព្រះអង្គ អាច​ដក​ពិសោធន៍​នឹង​ការ​ប្រោស​ឲ្យ​ជា ដែល​ព្រះអង្គ​ប្រទាន គឺ​ប្រោស​ឲ្យ​ជា​ពី​ភាព​អស់​សង្ឃឹម ទៅជា​មាន​សង្ឃឹម ពី​ភាព​ជូរ​ល្វីង ទៅជា​ប្រកប​ដោយ​ព្រះគុណ ពី​សេចក្តី​សម្អប់​ទៅ​ជា​សេចក្តី​ស្រឡាញ់ ពី​ការ​ចោទ​ប្រកាន់ ទៅ​ជា​ការ​អត់​ទោស​។…

Read article
ចិត្ត​ដែល​ចូល​ចិត្ត​បម្រើ​អ្នក​ដទៃ

កាឡាទី ៥:១៣-១៨ កុំ​ឲ្យ​ប្រើ​សេរី​នោះ ទុកជា​ឱកាស​ដល់​សាច់ឈាម​ឡើយ គឺ​ត្រូវ​បំរើ​គ្នា​ទៅវិញ​ទៅមក ដោយ​សេចក្តី​ស្រឡាញ់​វិញ​កាឡាទី​។ ៥:១៣ កាល “ពូ” របស់​ខ្ញុំ ឈ្មោះ អេម៉ូរី(Emory) លាចាក​លោក មនុស្ស​ជា​ច្រើន​បាន​បង្ហាញ​ចេញ​នូវ​ការ​គោរព​ដល់​គាត់​។ ប៉ុន្តែ ការ​ផ្តល់​កិត្តិយស​ទាំង​នោះ បាន​បង្កប់​នូវ​ខ្លឹមសារ​រួម​ដ៏​ជាប់​លាប់​មួយ​គឺ លោក​ពូ អេម៉ូរី​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​គាត់ ដល់​ព្រះ តាមរយៈ​ការ​បម្រើ​អ្នក​ដទៃ​។ គំរូ​ល្អ​បំផុត​របស់​គាត់​គឺ​បាន​ធ្វើ​ឡើង ក្នុង​អំឡុង​សម័យ​សង្គ្រាម​លោក​លើកទី១ ក្នុង​ជួរ​កងទ័ព ដែល​នៅ​ទីនោះ គាត់​បាន​បម្រើ​ការ​ជា​ពេទ្យ​ទាហាន ដែល​ចូល​ទៅ​ក្នុង​សមរ​ភូមិ ដោយ​មិន​កាន់​អាវុធ​ក្នុង​ដៃ​។ គាត់​ទទួល​បាន​មេដាយ​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​របស់​កងទ័ព សម្រាប់​វីរភាព​របស់​គាត់ ប៉ុន្តែ គេ​បាន​នឹក​ចាំ​អំពី​គាត់ ដោយសារ​ការ​បម្រើ ដោយ​សេចក្តី​ស្រឡាញ់ ទាំង​ក្នុង​អំឡុង​សម័យ​សង្គ្រាម និង​ក្រោយ​សម័យ​សង្គ្រាម​។ ការ​ដែល​លោក​អេម៉ូរី​បម្រើ​អ្នក​ដទៃ ដោយ​មិន​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន គឺ​ស្រប​ទៅតាម​ការ​បង្រៀន​របស់​សាវ័ក​ប៉ុល ទៅ​កាន់​ពួក​ជំនុំ​នៅ​ទីក្រុង​កាឡាទី យ៉ាង​ដូច​នេះ​ថា “បង​ប្អូន​អើយ ព្រះ​ទ្រង់​បាន​ហៅ​អ្នក​រាល់​គ្នា​មក ឲ្យ​មាន​សេរី​ភាព តែ​កុំ​ឲ្យ​ប្រើ​សេរី​នោះ ទុកជា​ឱកាស​ដល់​សាច់ឈាម​ឡើយ គឺ​ត្រូវ​បំរើ​គ្នា​ទៅវិញ​ទៅមក ដោយ​សេចក្តី​ស្រឡាញ់​វិញ”(កាឡាទី ៥:១៣)។ ប៉ុន្តែ តើ​យើង​បម្រើ​ដោយ​របៀបណា? ក្នុង​ភាព​ប្រេះ​បែក​របស់​យើង សាច់ឈាម​របស់​យើង​ទាញ​នាំ​យើង​គិត​ប្រយោជន៍​ខ្លួនឯង​ជាមុន ជាជាង​ខ្វល់​អំពី​អ្នក​ដទៃ ដូច​នេះ…

Read article