ការធ្វើឲ្យខ្លួនយើង មានលំនឹងឡើងវិញ
ពីរបីឆ្នាំមុន ភរិយារបស់ខ្ញុំ គឺម៉ាលេន(Marlene) បានមានបញ្ហាត្រចៀកផ្នែកខាងក្នុង ដែលបានបណ្តាលឲ្យនាងបាត់បង់លំនឹងខ្លួន។ ពេលដែលមានបញ្ហាអ្វីមួយក្នុងត្រចៀករបស់នាងបានរើឡើង ដោយមិនបានឲ្យដំណឹង ជាមុន នាងក៏មានការវិលមុខ។ នាងមិនអាចអង្គុយ ឬក្រោកឈរដោយខ្លួនឯងបានឡើយ ដោយសារអាការៈវិលមុននោះ ហើយនាងត្រូវផ្តេកខ្លួនជាប្រចាំ។ ទោះជាមានការប្រឹងប្រែងខ្លាំងយ៉ាងណាក៏ដោយ ក៏នាងនៅតែមិនអាចគេចផុតពីអំណាចនៃការរំខាន របស់បញ្ហាត្រចៀកខាងក្នុងដដែល។ ក្នុងនាមជាមនុស្សដែលសកម្ម ម៉ាលេនមានភាពនឿយណាយយ៉ាងខ្លាំង ចំពោះស្ថានភាពដ៏អាក្រក់នេះ។ ជួនកាលជីវិតមនុស្សគឺមានលក្ខណៈដូចនេះឯង។ ការអ្វីដែលយើងមិនចង់ឲ្យកើតឡើង បែរជាមករំខានសកម្ម ភាពប្រចាំថ្ងៃរបស់យើង ហើយយើងក៏បានបាត់បង់លំនឹង។ ការរំខាននោះ ប្រហែលជាដំណឹងអាក្រក់ អំពីការបាត់បង់ការងារធ្វើ ឬជាលទ្ធផលពិនិត្យសុខភាពដែលទទួលបានពីវេជ្ជបណ្ឌិត។ វាក៏អាចជាការវាយប្រហារនៃខ្មាំងសត្រូវខាងវិញ្ញាណរបស់យើង។ ពេលមានការរំខានទាំងនោះ លំនឹងខាងផ្លូវអារម្មណ៍របស់យើងទទួលរងការវាយប្រហារ ហើយយើងមានអារម្មណ៍ថា យើងមិនអាចឈរបានទៀតទេ។ យើងគួរឆក់យកឱកាសពេលនោះ ដើម្បីងាកបែរទៅរកព្រះ។ ពេលយើងមានអារម្មណ៍ថា ខ្លួនកំពុងបាត់បង់លំនឹង នោះទ្រង់អាចជួយយើងបាន។ ទ្រង់ប្រទាននូវធនធានខាងវិញ្ញាណ ដើម្បីជួយឲ្យយើងអាចឈរមាំមួន។ សាវ័កប៉ុលបានមានប្រសាសន៍ថា “ហេតុនោះបានជាត្រូវឲ្យយកគ្រប់គ្រឿងសឹករបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាអាចនឹងទប់ទល់ក្នុងថ្ងៃអាក្រក់បាន រួចកាលណាបានតតាំងសព្វគ្រប់ហើយ នោះឲ្យបាននៅតែឈរមាំមួនដដែល”(អេភេសូ ៦:១៣)។ ពេលបញ្ហានៃជីវិត បានធ្វើឲ្យយើងដួលចុះ យើងមិនចាំបាច់ត្រូវមានភាពនឿយណាយឡើយ។ យើងនៅតែអាចឈរយ៉ាងមាំមួន ដោយសារទ្រង់លើកយើងឡើង ដោយព្រះចេស្តាទ្រង់ និងការពារយើង ដោយគ្រឿងសឹករបស់ទ្រង់។-Bill Crowder
Read articleពេលដែលត្រូវស្តាប់តាមការប្រឹក្សាដ៏ល្អ
ដោយសារភាពមមាញឹក ដែលមនុស្សជាច្រើនមានក្នុងការរស់នៅ នោះយើងមិនពិបាកនឹងសំគាល់ថា ស្ថានភាពរបស់យើង គឺមិនខុសពីស្ថានភាពដែលពេញដោយបន្ទុករបស់លោកម៉ូសេ ក្នុងព្រះគម្ពីរនិក្ខមនំជំពូក១៨។ មានតែគាត់ម្នាក់គត់ ដែលជាចៅក្រមសម្រាប់ពួក បណ្តាលជន ដូចនេះ មានមនុស្សជាច្រើនបានមកឈរនៅចំពោះមុខគាត់ “តាំងពីព្រឹករហូតដល់ល្ងាច”(ខ.១៣) ដើម្បីឲ្យគាត់ជួយវិន្និច្ឆ័យរឿងក្តីរបស់ពួកគេ។ តាមពិត ខ្ញុំបានឮពួកជំនុំ ជាពិសេសគឺឪពុកម្តាយដែលមានវ័យក្មេង និយាយប្រាប់ខ្ញុំថា ពួកគេមានស្ថានភាពមិនខុសពីលោកម៉ូសេឡើយ។ យើងហាក់ដូចជាចាំបាច់ត្រូវរៀនជំនាញប្រចាំជីវិតពីរយ៉ាង ដើម្បីឲ្យអាចរស់រៀនបាន ដែលមានដូចជា ការមានចិត្តចង់ស្តាប់(ខ.២៤) និងការព្រមទទួលជំនួយ(ខ.២៥)។ ជួនកាល យើងមិនព្រមទទួលជំនួយ ដោយសារសេចក្តីអំណួត ប៉ុន្តែ យើងមិនអាចធ្វើដូចនេះជារៀងរហូតបានឡើយ។ ចំពោះលោកម៉ូសេ និងជាញឹកញាប់ ចំពោះយើង ពេលវេលាក្នុងជីវិតកន្លងផុតទៅឆាប់រហ័សណាស់ ហើយបានធ្វើការទាមទាច្រើនណាស់ពីយើង(ខ.១៣-១៥) បានជាយើងស្ទើរតែមិនមានពេលគ្រប់គ្រាន់ ដើម្បីឆ្លើយតប គឺមិនថាតែពេលសម្រាប់គិតពិចារណាឲ្យបានល្អិតល្អន់ ឬការទៅសុំយោបល់ពីអ្នកដទៃឡើយ។ នេះប្រហែលជាមូលហេតុ ដែលព្រះគម្ពីរបានរំឭកយើងថា យើងត្រូវមានអ្នកប្រឹក្សាយោបលនៅក្បែរ ដែលនឹងចែកចាយបទពិសោធន៍ និងប្រាជ្ញាដល់យើង ទោះបីជាយើងគ្មានពេលសុំយោបលពីពួកគេក៏ ដោយ។ យើងអាចស្វែងយល់អំពីបញ្ហានេះ នៅក្នុងរឿងដែលចែងអំពីការអ្វីដែលលោកយេត្រូបានធ្វើ សម្រាប់លោកម៉ូសេដែលជាកូនប្រសាររបស់ខ្លួន ដោយប្រាប់គាត់ឲ្យផ្ទេរការទទួលខុសត្រូវមួយចំនួន ដល់អ្នកដឹកនាំផ្សេងទៀត(ខ.១៧-២៣)។ ចូរកុំយល់ថា បញ្ហារបស់អ្នកមិនអាចត្រូវបានដោះស្រាយបាននោះឡើយ។ ផ្ទុយទៅវិញ ចូរស្វែងរកការប្រឹក្សាដែលត្រូវតាមបំណងព្រះទ័យព្រះ ហើយអនុវត្តតាមយោបលដ៏ល្អនោះចុះ(ខ.១៧-២៣)។-Randy Kilgore
Read articleសៀវភៅនៃធម្មជាតិ
លោកចន មួរ(John Muir, ១៨៣៨-១៩១៤) គឺជាជនជាតិស្កត់ សញ្ជាតិអាមេរិក ដែលត្រូវបានយកមកចិញ្ចឹម ដោយបុរសម្នាក់ ដែលជាគ្រីស្ទបរិស័ទ ដែលឲ្យតម្លៃយ៉ាងខ្លាំងទៅលើការចងចាំបទគម្ពីរ។ ពេលលោកចនទើបមានវ័យជំទង់ គេជឿថា គាត់អាចសូត្រខគម្ពីរសញ្ញាថ្មីទាំងអស់ និងខគម្ពីរសញ្ញាចាស់មួយផ្នែកធំ តាមការចងចាំរបស់គាត់។ ក្នុងនាមជាយុវជនម្នាក់ លោកមួរបានមានសេចក្តីស្រឡាញ់យ៉ាងខ្លាំង ចំពោះស្នាព្រះហស្ថរបស់ព្រះ ហើយបានយល់ថា ស្នាព្រះហស្ថរបស់ព្រះ គឺជាប្រភពនៃការយល់ដឹងអំពីព្រះ។ ទស្សនវិទូ ដេននីស វីលាម(Dennis Williams) បានមានប្រសាសន៍ថា លោកមួរបានហៅ ស្នាព្រះហស្ថរបស់ព្រះថា “សៀវភៅនៃធម្មជាតិ”។ ខណៈពេលដែលលោកកំពុងធ្វើការរុករក នៅក្នុងព្រៃភ្នំ គាត់ក៏មានលទ្ធភាពសិក្សាអំពីរុក្ខជាតិ និងសត្វ នៅក្នុងបរិស្ថានមួយ ដែល “កើតចេញពីព្រះហស្ថព្រះដោយផ្ទាល់ ហើយមិនទាន់មានភាពពុករលួយ ដោយសារអារ្យធម៌ និងការផ្សាំងរបស់មនុស្ស”។ លោកមួរបានបន្តដឹកនាំចលនាអភិរក្សព្រៃឈើ ហើយគាត់មានតួនាទីយ៉ាងសំខាន់ នៅក្នុងការបង្កើតសួនឧទ្យានជាច្រើននៅអាមេរិក ដែលរួមមាន ឧទ្យានយ៉ូសេម៉ាយត៍(Yosemite) សេក្វ័រអា(Sequoia) និងម៉ោន រេនា(Mount Rainier)ជាដើម។ ដើម្បីការពារផលប្រយោជន៍ខាងវិញ្ញាណរបស់កុមារ និងយុវជន យើងគួរតែផ្តោតទៅលើព្រះគម្ពីរ ជាបឋម។ ប៉ុន្តែ យើងក៏អាចនាំពួកគេ ចេញក្រៅផ្ទះ…
Read articleជីវិតនីមួយៗ ជាអំណោយ
ស្រីក្រមុំម្នាក់បានមានផ្ទៃពោះ ដោយមិនបានរៀបការ។ ទោះបីជានាងកំពុងរស់នៅក្នុងសង្គម ដែលមិនបានឲ្យតម្លៃខ្ពស់ ដល់កូនដែលមិនទាន់កើតក៏ដោយ ក៏នាងបានធ្វើការសម្រេចចិត្តដ៏ឆ្លាតវ័យ ដោយអនុញ្ញាតឲ្យកូនរបស់នាងមានជីវិតរស់។ កូនដែលនាងបានរក្សាទុកដោយចិត្តសប្បុរស សម្រាប់ឲ្យគេយកទៅចិញ្ចឹម បានក្លាយជាផ្នែកមួយនៃគ្រួសារគ្រីស្ទបរិស័ទដែលមានសេចក្តីស្រឡាញ់ ដែលបានចិញ្ចឹមបីបាច់កូនស្រីដ៏មានតម្លៃមួយនេះ និងបានស្រឡាញ់នាង ហើយបង្ហាញនាងឲ្យស្គាល់ផ្លូវរបស់ព្រះគ្រីស្ទ។ ទោះបីជាយ៉ាងណាក៏ដោយ ក្មេងស្រីនេះក៏បានបាត់បង់ជីវិត មុនពេលនាងពេញវ័យ។ ការស្លាប់របស់នាងបានបន្សល់ទុកនូវចន្លោះប្រហោងដ៏ធំមួយ នៅក្នុងជីវិតនៃគ្រួសារនាង ប៉ុន្តែក៏បានបន្សល់ទុកអនុស្សាវរីយ៍នៃក្តីអំណរកាលវ័យកុមារ និងភាពក្លៀវក្លានៃយុវភាព។ ជាការពិតណាស់ សេចក្តីស្លាប់របស់នាងបានបង្កើតឲ្យមានចន្លោះប្រហោងមួយ នៅក្នុងចិត្តរបស់អ្នកដែលបានស្រឡាញ់នាង ប៉ុន្តែ សូមនឹកស្រម៉ៃថា ពួកគេនឹងនឹកនាងខ្លាំងប៉ុណ្ណា នៅពេលដែលពួកគេធ្លាប់ឱបនាងកាលនៅតូច ចែកចាយអំពីព្រះយេស៊ូវដល់នាង សើចជាមួយនាង បង្រៀននាង និងថែរក្សាការពារនាងដោយសេចក្តីស្រឡាញ់។ ជីវិតរបស់ក្មេងម្នាក់ៗ សុទ្ធតែជាស្នាព្រះហស្ថដ៏អស្ចារ្យរបស់ព្រះ(ទំនុកតម្កើង ១៣៩)។ មនុស្សម្នាក់ៗត្រូវបានបង្កើតមកឲ្យមានរូបភាពដូចព្រះ(លោកុប្បត្តិ ១:២៧) និងជាកូនចៅជំនាន់ក្រោយរបស់អាដាំម ដែលជាឳពុកដំបូងគេដែលព្រះបានដាក់ខ្យល់ដង្ហើមឲ្យមានជីវិត។ សេចក្តីស្លាប់បានប្លន់យកភាពពេញលេញ ដែលយើងប្រាថ្នាចង់បានក្នុងជីវិត ប៉ុន្តែ វាក៏បានរំឭកយើងអំពីតម្លៃនៃជីវិតមនុស្សម្នាក់ៗដែលព្រះបានបង្កើត(កូល៉ុស ១:១៦)។ ចូរថែរក្សាការពារអំណោយទាននៃជីវិត ហើយរក្សាសេចក្តីអំណរចំពោះស្នាព្រះហស្ថរបស់ព្រះ។-Dave Branon
Read articleចូរកុំធ្វើឲ្យព្រះវិញ្ញាណព្រួយ
បើលុយក្នុងការបូបរបស់អ្នកត្រូវបានបាត់ ដោយអាថ៌កំបាំង អ្នកនឹងខឹងជាមិនខាន។ ប៉ុន្តែ បើអ្នកបានរកឃើញថា កូនរបស់អ្នកជាអ្នកលួចលុយនោះ នោះកំហឹងរបស់អ្នកនឹងក្លាយទៅជាទុក្ខព្រួយភ្លាម។ យើងប្រើពាក្យទុក្ខព្រួយ ដើម្បីបកស្រាយអំពីសេចក្តីទុក្ខដែលយើងមាន ពេលយើងមានការខកចិត្ត ចំពោះអ្នកជាទីស្រឡាញ់របស់យើង។ បទគម្ពីរដែលចែងថា “ចូរកុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធនៃព្រះបានព្រួយព្រះហឫទ័យ”(អេភេសូ ៤:៣០) គឺមានន័យថា យើងមិនត្រូវធ្វើឲ្យព្រះដែលស្រឡាញ់យើង និងចាំជួយយើង ឈឺព្រះទ័យឡើយ។ ដ្បិត តាម បទគម្ពីរយ៉ូហាន ១៤:២៦ យើងអាចដឹងថា ព្រះវរបិតាបានចាត់ព្រះវិញ្ញាណបរិសុទ្ធមក សម្រាប់ធ្វើជាព្រះដ៏ជាជំនួយរបស់យើង។ ពេលព្រះវិញ្ញាណបរិសុទ្ធដែលគង់ក្នុងយើង ព្រួយព្រះទ័យដោយសារសកម្មភាព ឬអាកប្បកិរិយ៉ារបស់យើង នោះយើងនឹងទទួលបាននូវភាពតានតឹងដ៏ធ្ងន់ធ្ងរមួយ។ ព្រះវិញ្ញាណទ្រង់ទាញយើងឲ្យទៅតាមទិសដៅមួយ តែសាច់ឈាមទាញយើងទៅតាមទិសដៅមួយទៀត។ សាវ័កប៉ុលបានបកស្រាយអំពីបញ្ហានេះ ក្នុងព្រះគម្ពីរកាឡាទី ៥:១៧ ថា “ដ្បិតសាច់ឈាមតែងតែប៉ងប្រាថ្នាទាស់នឹងព្រះវិញ្ញាណ ឯព្រះវិញ្ញាណ ទ្រង់ក៏ទាស់នឹងសាច់ឈាមដែរ សេចក្តីទាំង២នេះប្រឆាំងនឹងគ្នា ដល់ម៉្លេះបានជាអ្នករាល់គ្នារកធ្វើការ ដែលចង់ធ្វើទៅមិនកើត”។ បើបញ្ហានេះនៅតែបន្តទៀត យើងអាចចាប់ផ្តើមមានអារម្មណ៍ថា ខ្លួនមានកំហុស និងមិនពេញចិត្តចំពោះការរស់នៅរបស់ខ្លួនឯង។ មិនយូរប៉ុន្មាន សេចក្តីអំណរ និងកម្លាំរបស់យើងមានការថយចុះ ហើយនឹងត្រូវជំនួសដោយភាពខ្សោះល្វើយ និងអស់កម្លាំង(ទំនុកតម្កើង ៣២:៣-៤)។ ដូចនេះ ចូរកុំធ្វើឲ្យព្រះវិញ្ញាណបរិសុទ្ធព្រួយព្រះទ័យ ដែលទ្រង់ត្រូវបានប្រទានមកយើង ដោយសេចក្តីស្រឡាញ់…
Read articleដោះទំពក់ច្រវ៉ាក់ចេញ
ព្រះយេស៊ូវបានមានបន្ទូលបញ្ជាក់យ៉ាងច្បាស់ ដល់ពួកសិស្សទ្រង់ថា ទ្រង់ “ជាផ្លូវ ជាសេចក្តីពិត និងជាជីវិត”(យ៉ូហាន ១៤:៦)។ ទ្រង់ជាផ្លូវតែមួយគត់ ទៅកាន់ព្រះវរបិតា ហើយជំនឿ និងការប្តេជ្ញាចិត្តដែលយើងមានចំពោះទ្រង់ នឹងនាំឲ្យយើងមានសេចក្តីស្រឡាញ់ និងការស្តាប់បង្គាប់ ហើយនាំឲ្យយើងបានទៅដល់ផ្ទះដ៏អស់កល្បជានិច្ចនៅនគរស្ថានសួគ៌។ គ្រីស្ទីណា(Christina) ដែលជាសិស្សសាលាព្រះគម្ពីរនៅក្រុងមីង(Minsk) ប្រទេសបេឡារូស(Belarus) បានសរសេរនៅក្នុងទីបន្ទាល់របស់ខ្លួនថា “ព្រះយេស៊ូវបានសុគតសម្រាប់មនុស្សគ្រប់គ្នា សូម្បីតែអ្នកមានបាបធ្ងន់បំផុត ក៏ទ្រង់បានសុគតជួសដែរ។ ព្រះអម្ចាស់ទ្រង់នឹងទទួលឧក្រឹដ្ឋជនអាក្រក់បំផុត ដែលចូលមករកទ្រង់ដោយជំនឿ។ ព្រះយេស៊ូវបានគោះទ្វារចិត្តខ្ញុំអស់រយៈពេលយ៉ាងយូរ។ ខ្ញុំក៏បានបង្ហើបទ្វារចិត្តរបស់ខ្ញុំ ហើយក៏បានក្លាយជាអ្នកជឿព្រះ។ ប៉ុន្តែ ខ្ញុំមិនបានដោះទំពក់ច្រវ៉ាក់ចេញពីទ្វារទេ ព្រោះខ្ញុំមិនទាន់ថ្វាយជីវិតដាច់ដល់ទ្រង់”។ គ្រីស្ទីណាក៏បានដឹងថា ខ្លួនមិនត្រូវធ្វើដូចនេះឡើយ ហើយគាត់ដឹងថា ព្រះកំពុងបង្គាប់គាត់ឲ្យប្រែចិត្ត។ “ខ្ញុំក៏បានលត់ជង្គង់នៅចំពោះទ្រង់ ហើយបើកទ្វារចិត្តឲ្យបានធំបំផុត តាមដែលអាចធ្វើទៅបាន”។ នាងក៏បានដោះច្រវ៉ាក់ចេញពីទ្វារ។ អ្នកដើរតាមព្រះយេស៊ូវដែលមានការប្តេជ្ញាចិត្ត នឹងធ្វើការអ្វីដែលទ្រង់បង្គាប់ឲ្យធ្វើ ដោយមិនដាក់ច្រវ៉ាក់ជាប់ទ្វារចិត្ត ឬមានទ្វារខាងក្រោយឡើយ។ យើងមិនត្រូវរក្សាទុកផ្នែកណាមួយនៃជីវិតរបស់យើង សម្រាប់ខ្លួនឯងឡើយ។ យើងក៏មិនត្រូវលាក់ទុកអំពើបាបណាមួយដែរ។ បើសិនជាអ្នកមិនព្រមថ្វាយជីវិតដាច់ដល់ព្រះ ដូចគ្រីស្ទីណាទេ ពេលនេះជាពេលដែលអ្នកត្រូវដោះទំពក់ច្រវ៉ាក់នោះ ចេញពីទ្វារចិត្តរបស់អ្នក។ ចូរលះចោលផ្នែកទាំងឡាយណារបស់ជីវិតអ្នក ដែលអ្នកបានរក្សាទុកសម្រាប់ខ្លួនឯង។ ចូរបើកទ្វារជីវិតរបស់អ្នក ហើយចូរពិសោធនឹងក្តីអំណរ ដែលបានពីការស្តាប់បង្គាប់ និងការបង្កើតសិស្ស។-Dave Egner
Read article