នំម៉ាណាប្រចាំថ្ងៃ
ក្តី​សង្ឃឹម​របស់​យើង​ថា នឹង​បាន​រស់​ឡើង​វិញ

ក្តី​សង្ឃឹម​របស់​យើង​ថា នឹង​បាន​រស់​ឡើង​វិញ

ដោយAlistair Begg

January 15, 2026

«ហើយ​បើ​ព្រះគ្រីស្ទ​មិន​បាន​រស់​ឡើង​វិញ​មែន នោះ​សេចក្ដី​ជំនឿ​របស់​អ្នក​រាល់​គ្នា​ក៏​ជា​ការ​ឥត​អំពើ អ្នក​រាល់​គ្នា​នៅ​ក្នុង​អំពើបាប​នៅឡើយ​។ ហើយ​អស់អ្នក​ដែល​បាន​ដេក​លក់​ទៅ​ក្នុង​ព្រះគ្រីស្ទ គេ​បាន​ត្រូវ​វិនាស​ហើយ ...តែ​ឥឡូវ​នេះ ព្រះគ្រីស្ទ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ពី​ស្លាប់​ឡើង​វិញ​ជា​ពិត ជា​ផល​ដំបូង​ពី​ពួក​អ្នក​ដែល​បាន​ដេក​លក់​ទៅ​ហើយ»។ ១កូរិនថូស ១៥:១៧-១៨,២០
មនុស្ស​ជាតិ​បាន​ប្រឈម​មុខ​ដាក់​សំណួរ​ទាក់ទង​នឹង​សេចក្តី​ស្លាប់ និង​ដំណើរ​ការ​នៃ​ការ​ស្លាប់ ចាប់​តាំងពី​សម័យ​ដែល​មនុស្ស​ដំបូង​ធ្លាក់​ចូល​អំពើបាប : «តើ​នឹង​មាន​រឿង​អ្វី​កើត​ឡើង ពេល​ដែល​ខ្ញុំ​ស្លាប់​ទៅ? តើ​ខ្ញុំ​នឹង​ទៅ​កន្លែង​ណាមួយ ពេល​ខ្ញុំ​ស្លាប់ ឬ​មិន​មាន​អ្វី​លើស​ពី​នេះ​ទេ? តើ​ជីវិត​ខ្ញុំ​មាន​តម្លៃ​ទេ? តើ​យើង​កើត​មក​ដើម្បី​អ្វី?»
ព្រះ​គម្ពីរប៊ីប​ទាំងមូល​មាន​សារៈសំខាន់ គ្រប់​សម័យ​កាល ហើយក៏​បាន​ផ្តល់​ឲ្យ​នូវ​ចម្លើយ សម្រាប់​សំណួរ​ទាំង​នេះ​។ ឧទាហរណ៍ សាវ័ក​ប៉ុល​បាន​លើក​ឡើង អំពី​បញ្ហា​នៃ​ការ​រស់​ឡើង​វិញ និង​ជីវិត​អស់​កល្ប ក្នុង​បទ​គម្ពីរ ១កូរិនថូស ១៥​។ គាត់​ថា បើ​គ្មាន​ការ​រស់​ឡើង​វិញ​ទេ ជំនឿ​របស់​យើង​នឹង​គ្មាន​ប្រយោជន៍​។ សេចក្តី​សង្គ្រោះ​របស់​យើង គឺជា​ការ​កុហក ព្រោះ​យើង​នឹង​នៅតែ​រស់នៅ​ក្នុង​អំពើបាប​។ គេ​នឹង​បាន​មើល​ឃើញថា​សេចក្តី​ស្លាប់​មាន​អំណាច​ខ្លាំង​ជាង​ព្រះ​មិន​ខាន។ ការ​អះអាង​របស់​ព្រះយេស៊ូវ នឹង​ក្លាយ​ជា​ការ​កុហក មានន័យថា ព្រះអង្គ​មិនមែន​ជា​ព្រះអម្ចាស់ ហើយ​ព្រះអង្គ​នឹង​មិន​យាង​ត្រឡប់​មកវិញ​ទេ​។ ប្រវត្តិ​សាស្ត្រ​នឹង​មិន​មាន​គោលដៅ ឬ​គោលបំណង ហើយ​មនុស្ស​ជាតិ​នឹង​គ្មាន​គោលដៅ​ឡើយ​។
នេះ​ជា «ធាតុ​ពិត» នៃ​ការ​រស់នៅ​របស់​អ្នក​មិន​ជឿ ហេតុ​នេះ​ហើយ ​ការ​ថប់​បារម្ភ​ច្រើន​យ៉ាង​នេះ បាន​កើត​មាននៅ​ក្នុង​ពិភពលោក​របស់​យើង! ប៉ុន្តែ គ្រីស្ទបរិស័ទ​អាច​និយាយ​ថា «កុំ​ប្រញាប់​សន្និដ្ឋាន​ពេក! កុំ​និយាយ​ថា ប្រវត្តិ​សាស្ត្រ​គ្មាន​គោលដៅ ហើយ​មិន​មានន័យ​នោះ​ឡើយ! ចូរ​ពិចារណា​អំពី​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​»។ យើង​ជឿ​ថា ព្រះគ្រីស្ទ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ហើយ​សន្យា​ដល់​អ្នក​ដើរ​តាម​ព្រះអង្គ ពួកគេ​នឹង​បាន​រស់​ឡើង​វិញ​យ៉ាង​ពេញលេញ គឺ​មិន​គ្រាន់តែ​ការ​រស់​ឡើង​វិញ​នៃ​វិញ្ញាណ តែ​ក៏​ជា​ការ​រស់​ឡើង​វិញ​របស់​រូបកាយ​ផង​ដែរ(១កូរិនថូស ១៥:៤២-៤៩)។
លោក ​ចន ឡក់(John Locke) ជា​ទស្សន​វិទូ​អង់គ្លេស នៅ​សតវត្សរ៍ទី១៨ បាន​សរសេរ​អំពី​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ​យ៉ាង​ដូច​នេះ​ថា «ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​ពិតជា​មាន​សារៈសំខាន់​យ៉ាង​ខ្លាំង ក្នុង​ជំនឿ​គ្រីស្ទាន បានជា​ការ​ដែល​ព្រះអង្គ​គឺជា​ព្រះ​មែស៊ី ឬ​អត់ គឺ​ពឹង​ផ្អែក​ទៅលើ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះអង្គ»។7  ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ បាន​បញ្ជាក់​ថា ព្រះយេស៊ូវ​ជា​នរណា ដូច​ដែល​ព្រះ​គម្ពីរ​បាន​អះអាង​មែន​។ ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​បាន​បោះ​ត្រា​ធានា​ពីលើ​សេចក្តី​សង្គ្រោះ​របស់​យើង ហើយ​ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​កែ​ប្រែ​ជីវិត​យើង​។ អ្នក​អាច​ទៅ​ទស្សនា​កន្លែង​ដែលគេ​បញ្ចុះ​អដ្ឋិ​ធាតុ​របស់​ព្រះពុទ្ធ កន្លែង​ដែល​គេ​បញ្ចុះសព​របស់​លោក ​មហា​ម៉ាត់ កោត​ដាក់​ធាតុ​របស់​លោក ​ហ្កាន់ឌី(Gandhi) តែ​ផ្នូរ​របស់​ព្រះយេស៊ូវ​នៅ​ស្រុក​ណាសារ៉ែត គឺជា​ផ្នូរ​ទទេ​។ ការ​ជឿ​ថា​ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ គឺជា​ការ​ចូល​តាម​ផ្លូវ​ចង្អៀត ដែល​មានតែ​ផ្លូវ​នេះ​ទេ នាំ​យើង​ទៅដល់​ជីវិត(ម៉ាថាយ ៧:១៣-១៤)។ ក្តី​សង្ឃឹម​របស់​យើង​ទាំងមូល ពឹង​ផ្អែក​ទៅលើ​ការ​ពិត​ដែល​ថា ព្រះយេស៊ូវ​មាន​ព្រះ​ជន្ម​រស់!
ដោយសារ​សេចក្តី​សង្ឃឹម​នេះ យើង​អាច​និយាយ​ថា ជីវិត​យើង​មិន​ចប់​ត្រឹម​នេះ​ទេ គឺ​គ្រាន់តែ​ជា​ជំហាន​ដំបូង​។ សូម្បីតែ​ជោគជ័យ​ធំ​បំផុត​របស់​យើង នៅ​លើ​ផែនដី​នេះ នៅតែ​មាន​ស្រមោល​នៃ​សេចក្តី​ស្លាប់​គ្រប​ពីលើ​។ យើង​បាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​។ យើង​ប្រឈម​មុខ​ដាក់​អំពើបាប​។ សូម្បីតែ​ថ្ងៃ​ដែល​ល្អ​បំផុត​របស់​យើង ក៏​បាន​បណ្តាល​ឲ្យ​យើង​ស្រេក​ឃ្លាន​រក​អ្វី​បន្ថែម​ទៀត​។ ប៉ុន្តែ តាម​ការ​ពិត យើង​គ្រាន់តែ​ត្រៀម​ខ្លួន​សម្រាប់​ថ្ងៃ​ដែល​ត្រូវ​មកដល់ នៅពេល​ដែល​រឿង​ចាស់​នឹង​កន្លង​ផុត​ទៅ ហើយ​រឿង​ថ្មី​ដែល​ត្រូវ​មកដល់ គឺជា​នគរ​របស់​ពួក​អ្នក​ដែល​នឹង​រស់​ពី​ស្លាប់​ឡើង​វិញ​។ ការ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ​របស់​ព្រះយេស៊ូវ បាន​ផ្តល់​ឲ្យ​យើង​នូវ​គោលបំណង សម្រាប់​អ្វីៗ​ទាំង​អស់​ដែល​អ្នក​ធ្វើ​នៅ​ថ្ងៃ​នេះ និង​ផ្តល់​ឲ្យ​ការ​កម្សាន្ត​ចិត្ត ក្នុង​ទុក្ខ​លំបាក ព្រម​ទាំង​ក្តី​សង្ឃឹម សម្រាប់​ពេល​ថ្ងៃ​ស្អែក​។ 


ព្រះ​គម្ពីរ​សញ្ជឹង​គិត៖ វិវរណៈ ១:៩-១៨
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល​១ឆ្នាំ៖ លោកុប្បត្ដិ ៣៦-៣៨ និង រ៉ូម ១២

ប្រភេទ