នំម៉ាណាប្រចាំថ្ងៃ

ល្ងាច

ថ្វាយបង្គំ​ព្រះ ដោយ​ការ​រួបរួម​គ្នា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ថ្វាយបង្គំ​ព្រះ ដោយ​ការ​រួបរួម​គ្នា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

November 29, 2025

«បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​ដល់​អ្នក​រាល់គ្នា​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​ថា ចូរ​និយាយ​សេចក្ដី​ដដែល​ទាំងអស់​គ្នា កុំ​ឲ្យ​មាន​សេចក្ដី​បាក់​បែក​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ ត្រូវ​ឲ្យ​បាន​រួបរួម​គ្នា ដោយ​មាន​ចិត្ត​មាន​គំនិត​តែ១វិញ» (១កូរិនថូស ១:១០)។
ពួក​ជំនុំ​ដែល​រួប​រួម​គ្នា​ក្នុង​ដំណឹងល្អ​នឹង​ក្លាយ​ជា​ពួក​ជំនុំ​ដែល​មាន​សុខភាព​ល្អ។ ហើយ​គ្មាន​អ្វី​ស៊ី​បំផ្លាញ​ពួក​ជំនុំ បាន​ឆាប់រហ័ស​ជាង​ការ​បាក់​បែក​នោះ​ឡើយ។ 
បញ្ហា​នេះ​តែងតែ​កើតឡើង​ចំពោះ​រាស្ត្រ​របស់​ព្រះ។ ពួក​គេ​ស្ថិត​ក្នុង​ពេល​ដែល​ប្រសើរ​បំផុត ពេល​ណា​ពួក​គេ​មាន​ការ​រួប​រួម។ ឧទាហរណ៍៖ បន្ទាប់​ពី​ពួក​អ៊ីស្រាអែល​វិល​ត្រឡប់​ពី​ការ​និរទេស​ក្នុង​ចក្រភព​បាប៊ីឡូន កណ្ឌ​គម្ពីរ​នេហេមា​ជំពូក​៨ បាន​ចែង​ថា ពួក​គេ​បាន​ជួបជុំ​គ្នា​ដោយ​ចិត្ត​ដែល​ប្រុងប្រៀប​ជាស្រេច «ដោយ​មាន​ចិត្ត​តែ​មួយ» ដើម្បី​ស្តាប់​ការ​បង្រៀន​ជា​សាធារណៈ​របស់​លោក អែសរ៉ា ដែល​ជា​សង្ឃ​អំពី​គម្ពីរ​ក្រឹត្យវិន័យ​របស់​លោក ម៉ូសេ (នេហេមា ៨:១)។ នៅ​ពេល​នោះ បុរស និង​ស្ត្រី​ជាង៥ពាន់​នាក់ បាន​ទៅ​ផ្តុំ​គ្នា​នៅ​ក្នុង​ទីធ្លា​មុខ​ទ្វារ​ទឹក ក្នុង​វិញ្ញាណ​នៃ​ការ​រួបរួម និង​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ថ្វាយបង្គំ។ ពួក​គេ​បាន​ផ្ដោតចិត្ត មិន​គ្រាន់តែ​ទៅ​លើ «អ្វី​ដែល​ពួក​គេ​កំពុង​ទទួល​ពី​ការ​បង្រៀន​នេះ​ឡើយ» តែ​ក៏​ផ្ដោត​ទៅ​លើ «អ្វី​ដែល​ពួក​គេ​អាច​រួម​ចំណែក​ជួយ​ដល់​បងប្អូន​ប្រុសស្រី​ដែល​កំពុង​ជួបជុំ​ជា​មួយ​ពួក​គេ»។ នេះ​ជា​របៀប​ដែល​រាស្ត្រ​របស់​ព្រះ​ត្រូវ​តែ​ថ្វាយ​បង្គំ​ព្រះ ដើម្បី​ឲ្យ​មាន​ការ​រួបរួម​គ្នា។
ពេល​ណា​យើង​ពិត​ជា​ដើរ​ជា​មួយ​ព្រះ​គ្រីស្ទ យើង​នឹង​មាន​ចិត្ត​ដែល​ចង់​ថ្វាយ​បង្គំ​ជាមួយ​អ្នក​ដែល​ស្រឡាញ់​ព្រះ​គ្រីស្ទ។ ជួន​កាល ទឹក​ចិត្ត​របស់​យើង​អាច​រីងស្ងួត ប៉ុន្តែ​ដោយ​ជំនួយ​មក​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ យើង​អាច​មាន​វិញ្ញាណ​នៃ​ការ​ថ្វាយ​បង្គំ​ដូច​អ្នក​និពន្ធ​ទំនុក​តម្កើង គឺ​ដូច​ដែល​គាត់​បាន​ពោល​ថា «កាល​គេ​និយាយ​មក​ខ្ញុំ​ថា ចូរ​យើង​ចូល​ទៅ​ក្នុង​ដំណាក់​នៃ​ព្រះ​យេហូវ៉ា នោះ​ខ្ញុំ​មាន​សេចក្ដី​អំណរ​អរ​ណាស់» (ទំនុកតម្កើង ១២២:១)។ ការ​ជួបជុំ​គ្នា​របស់​ពួក​ជំនុំ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ មិន​គ្រាន់តែ​ជា​ព្រឹត្តិការណ៍​សម្រាប់​អ្នក​ឲ្យ​ចូលរួម ឬ​ស៊ូទ្រាំ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​ប្រកាស​អំពី​ចិត្ត​ស្ម័គ្រ​ស្មោះ​ដែល​យើង​មាន​ដូចគ្នា​ចំពោះ​មហាក្សត្រ​របស់​យើង និង​ជា​ការ​ក្រើន​រំឭក​ដ៏​មាន​អំណាច​អំពី​ការ​រួបរួម​ស៊ីជម្រៅ​ដែល​រាស្ត្រ​របស់​ព្រះ​មាន​ដោយ​អំណរ។
ក្នុង​ពួកជំនុំ​របស់​យើង យើង​មិន​តែង​តែ​មាន​ចិត្ត​ស្រុះ​ស្រួល​គ្នា​ជានិច្ច​ឡើយ។ យើង​រាល់​គ្នា​មាន​ចំណង់​ចំណូល​ចិត្ត និង​ការ​បណ្ដាល​ចិត្ត​រៀង​ខ្លួន។ ប៉ុន្តែ នៅ​ក្នុង​ចំណុច​ស្នូល​នៃ​សមាជិក​ភាព​នៃ​គ្រួសារ​របស់​ព្រះ ត្រូវ​មាន​ការ​ព្រមព្រៀង​គ្នា​អំពី​រឿង​ខ្លឹមៗ​នៃ​ជំនឿ​របស់​យើង គឺ​រឿង​ដូចជា​អំណាច​នៃ​ព្រះ​គម្ពីរ ភាព​ជា​ចំណុច​កណ្ដាល និង​ភាព​ធំ​ឧត្តម​នៃ​ព្រះ​យេស៊ូវ ភាព​ចាំបាច់​នៃ​ដំណឹងល្អ និង​អាទិភាព​នៃ​ការ​អធិស្ឋាន និង​ការ​ថ្វាយ​បង្គំ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​ជាដើម។ ការ​មាន​ជំនឿ​ដូច​គ្នា​យ៉ាង​ដូច​នេះ​អនុញ្ញាត​ឲ្យ​រាស្ត្រ​របស់​ព្រះ ជួប​ជុំ​គ្នា​ដោយ​ការ​រួប​រួម។ ដូច​នេះ ការ​អធិប្បាយ​ព្រះ​បន្ទូល​ដែល​ធ្វើ​ឲ្យ​ចិត្ត​រីក​រាយ បទ​ចម្រៀង​ដ៏​ពីរោះ និង​កម្មវិធី​ដែល​មាន​ប្រយោជន៍​សម្រាប់​ក្រុម​គ្រួសារ​ទាំងឡាយ​អាច​ជា​អំណោយ​មក​ពី​ព្រះ​អម្ចាស់ តែ​មិន​គួរ​ក្លាយ​ជា​អាទិភាព​របស់​យើង​ទេ។ ផ្ទុយ​ទៅ​វិញ យើង​គួរតែ​អធិស្ឋាន​ឲ្យ​ពួក​បរិសុទ្ធ​ជា​បងប្អូន​រួម​ជំនឿ នៅ​ពេល​ដែល​យើង​ថ្វាយ​បង្គំ​ជាមួយ​គ្នា​ដោយ​ការ​រួបរួម ដោយ​សូម​ឲ្យ​ការ​ផុស​ផុល​នោះ​កើត​ចេញពី​ចិត្ត​របស់​យើង ដែល​ចង់​ឮ​ការ​អធិប្បាយ​ព្រះ​បន្ទូល​ដែល​ផ្អែក​ទៅ​លើ​សេចក្តី​ពិត។ ព្រោះ​ពេល​ណា​ពួក​ជំនុំ​មាន​ចិត្ត​ប្រុងប្រៀប​ទទួល​ព្រះ​បន្ទូល ដោយ​ការ​អធិស្ឋាន ព្រះ​ទ្រង់​នឹង​ពិតជា​ធ្វើ​អ្វី​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​ធ្វើ​តាម​រយៈ​ព្រះ​បន្ទូល​ទ្រង់។ យើង​ងាយ​នឹង​ចូលរួម​ជាមួយ​ពួក​ជំនុំ​ដោយ​ផ្នត់​គំនិត​ដែល «យក​ខ្លួន​ឯង​ជា​ទីមួយ» ហើយ​រហ័ស​រិះគន់​គេ និយាយ​រួម​គឺ​យើង​ងាយ​នឹង​មាន​បញ្ហា​នេះ តែ​វា​ក៏​ស៊ី​បំផ្លាញ​ពួក​ជំនុំ​ផង​ដែរ។ ចូរ​ប្រាកដ​ថា នៅ​ថ្ងៃអាទិត្យ​ក្រោយ អ្នក​ទៅ​ព្រះ​វិហារ​មិន​គ្រាន់​តែ​សម្រាប់​ខ្លួន​ឯង តែ​ក៏​ដើម្បី​អ្នក​ដទៃ ហើយ​អ្នក​ក៏​ឆាប់​ស្អាង​អ្នក​ដទៃ និង​លើក​កម្ពស់​ការ​រួប​រួម​គ្នា​ក្នុង​របៀប​ដែល​អ្នក​ច្រៀង និង​និយាយ​ផង​ដែរ។ 


ខ​គម្ពីរ​សញ្ជឹងគិត៖ នេហេមា ៨:១-១២
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ៖ ២របាក្សត្រ ២១-២២ និង​លូកា ៩:១-១៧

ប្រភេទ