នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះគុណដ៏គ្រប់គ្រាន់របស់ព្រះអម្ចាស់

ព្រះគុណដ៏គ្រប់គ្រាន់របស់ព្រះអម្ចាស់

ដោយJohn Blase

November 29, 2025

២កូរិនថូស ១២:២-១០
ក្រែងខ្ញុំកើតមានចិត្តធំ ដោយព្រោះការបើកសំដែងដ៏ហួសល្បត់នោះ បានជាមានបន្លា១ចាក់មកក្នុងសាច់ឈាមខ្ញុំ។ ២កូរិនថូស ១២:៧
អ្នកស្រីផ្លែនន័ររី អូ ខុនន័រ(Flannery O’Connor) មានឈ្មោះពីកំណើតមកថា ម៉ារី ផ្លែនន័ររី អូ ខុនន័រ(Mary Flannery O’Connor)។ គាត់ស្ថិតក្នុងចំណោមអ្នកនិពន្ធមានឈ្មោះល្បីល្បាញបំផុត នៅភាគខាងត្បូងនៃសហរដ្ឋអាមេរិក។ រឿងដែលគាត់និពន្ធបានឆ្លុះបញ្ចាំងអំពីទុក្ខវេទនា និងព្រះគុណរបស់ព្រះ។ កាលឪពុករបស់គាត់បានលាចាកលោក ដោយសារជំងឺសើស្បែកដ៏រ៉ាំរ៉ៃ កាលគាត់មានអាយុ១៥ឆ្នាំ គាត់មានការបាក់ទឹកចិត្តយ៉ាងខ្លាំង តែគាត់ក៏បានចាប់ផ្តើមនិពន្ធរឿងប្រលោមលោកទីមួយរបស់គាត់។ មិនយូរប៉ុន្មាន គាត់បានទៅពិនិត្យសុខភាពរកឃើញថា គាត់ក៏មានជំងឺដូចឪពុកគាត់ផងដែរ ជាជំងឺដែលមើលមិនជា ដែលបានឆក់យកជីវិតគាត់ ក្នុងវ័យ៣៩ឆ្នាំ។ រឿងដែលគាត់បាននិពន្ធបានឆ្លុះបញ្ចាំង អំពីការឈឺចាប់ខាងផ្លូវកាយ និងផ្លូវចិត្តរបស់គាត់។ អ្នកស្រី អាលីស មែកដឺមុត(Alice McDermott) ជាអ្នកនិពន្ធរឿងប្រលោមលោក បានលើកឡើងថា “ខ្ញុំយល់ឃើញថា ជំងឺនោះគឺជាកត្តា ដែលបានធ្វើឲ្យគាត់មានភាពជោគជ័យក្នុងអាជីពជាអ្នកនិពន្ធ”។
យើងមិនដឹងថា “បន្លា” ក្នុងសាច់របស់សាវ័កប៉ុល គឺជាអ្វីនោះទេ(២កូរិនថូស ១២:៧) ទោះមនុស្សជាច្រើនបានធ្វើការសន្និដ្ឋានខុសៗគ្នាក៏ដោយ។ តែអ្វីដែលយើងអាចដឹងច្បាស់នោះគឺ សាវ័កប៉ុលបានសូមអង្វរដល់ព្រះអម្ចាស់៣ដង ឲ្យសេចក្ដីនោះថយចេញពីគាត់ទៅ(ខ.៨)។ ហើយយើងក៏ដឹងដែរថា ព្រះអម្ចាស់មិនបានដកបន្លានោះចេញទេ(ខ.៩)។ បញ្ហានេះបានធ្វើឲ្យសាវ័កប៉ុលមានការបន្ទាបខ្លួន។ គាត់បានកត់សំគាល់ថា វាបានរារាំងគាត់មិនឲ្យ “កើតមានចិត្តធំ”(ខ.៧)។ បន្លាក្នុងសាច់សាវ័កប៉ុលបានកែប្រែ និងធ្វើឲ្យគាត់បំពេញការងារជាសាវ័ក តាមបំណងព្រះទ័យព្រះ។ ប៉ុន្តែ បន្លានោះមានប្រយោជន៍លើសពីនេះទៀត ព្រោះតាមរយៈបន្លានោះ ព្រះទ្រង់បានបង្ហាញថា ព្រះអង្គតែងតែមានព្រះគុណគ្រប់គ្រាន់ និងព្រះចេស្តាដ៏ឥតខ្ចោះ បានជាសាវ័កប៉ុលដែលកំពុងរងទុក្ខ អាចប្រកាសថា “ដ្បិតកាលណាខ្ញុំខ្សោយ នោះខ្ញុំមានកំឡាំងយ៉ាងចំណានវិញ”(ខ.១០)។ 
បន្លាក្នុងជីវិតយើង ទោះវាជាអ្វីក៏ដោយ ក៏វាអាចកែប្រែជីវិតយើង។ វាធ្វើឲ្យយើងរស់នៅជាមនុស្ស តាមបំណងព្រះទ័យព្រះ។ ប៉ុន្តែ បន្លានោះមិនមានប្រយោជន៍តែប៉ុណ្ណេះទេ។ វាក៏បានក្រើនរំឭកយើងផងដែរថា ព្រះគុណរបស់ព្រះអង្គ តែងតែគ្រប់គ្រាន់សម្រាប់យើងជានិច្ច គឺដូចដែលសាវ័កប៉ុល អ្នកស្រីផ្លេនន័ររី និងមនុស្សជាច្រើនទៀត បានធ្វើបន្ទាល់ ក្នុងប្រវត្តិសាស្រ្តដ៏យូរអង្វែងរបស់មនុស្សជាតិ។—John Blasé

តើអ្នកមាន “បន្លា” អ្វីក្នុងជីវិតអ្នក? តើអ្នកអាចអនុញ្ញាតឲ្យព្រះគុណ និងកម្លាំងរបស់ព្រះ 
មានភាពគ្រប់គ្រាន់សម្រាប់អ្នក នៅថ្ងៃនេះ ដូចម្តេចខ្លះ? 
ឱព្រះអម្ចាស់ ព្រះគុណរបស់ព្រះអង្គតែងតែគ្រប់គ្រាន់សម្រាប់ទូលបង្គំជានិច្ច។
For further study, read God Was There All Along at ODBM.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៣៥-៣៦ និង ២ពេត្រុស ១
 

ល្ងាច

ថ្វាយបង្គំ​ព្រះ ដោយ​ការ​រួបរួម​គ្នា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ថ្វាយបង្គំ​ព្រះ ដោយ​ការ​រួបរួម​គ្នា (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

November 29, 2025

«បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​ដល់​អ្នក​រាល់គ្នា​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ​គ្រីស្ទ ជា​ព្រះ​អម្ចាស់​នៃ​យើង​ថា ចូរ​និយាយ​សេចក្ដី​ដដែល​ទាំងអស់​គ្នា កុំ​ឲ្យ​មាន​សេចក្ដី​បាក់​បែក​ក្នុង​ពួក​អ្នក​រាល់​គ្នា​ឡើយ ត្រូវ​ឲ្យ​បាន​រួបរួម​គ្នា ដោយ​មាន​ចិត្ត​មាន​គំនិត​តែ១វិញ» (១កូរិនថូស ១:១០)។
ពួក​ជំនុំ​ដែល​រួប​រួម​គ្នា​ក្នុង​ដំណឹងល្អ​នឹង​ក្លាយ​ជា​ពួក​ជំនុំ​ដែល​មាន​សុខភាព​ល្អ។ ហើយ​គ្មាន​អ្វី​ស៊ី​បំផ្លាញ​ពួក​ជំនុំ បាន​ឆាប់រហ័ស​ជាង​ការ​បាក់​បែក​នោះ​ឡើយ។ 
បញ្ហា​នេះ​តែងតែ​កើតឡើង​ចំពោះ​រាស្ត្រ​របស់​ព្រះ។ ពួក​គេ​ស្ថិត​ក្នុង​ពេល​ដែល​ប្រសើរ​បំផុត ពេល​ណា​ពួក​គេ​មាន​ការ​រួប​រួម។ ឧទាហរណ៍៖ បន្ទាប់​ពី​ពួក​អ៊ីស្រាអែល​វិល​ត្រឡប់​ពី​ការ​និរទេស​ក្នុង​ចក្រភព​បាប៊ីឡូន កណ្ឌ​គម្ពីរ​នេហេមា​ជំពូក​៨ បាន​ចែង​ថា ពួក​គេ​បាន​ជួបជុំ​គ្នា​ដោយ​ចិត្ត​ដែល​ប្រុងប្រៀប​ជាស្រេច «ដោយ​មាន​ចិត្ត​តែ​មួយ» ដើម្បី​ស្តាប់​ការ​បង្រៀន​ជា​សាធារណៈ​របស់​លោក អែសរ៉ា ដែល​ជា​សង្ឃ​អំពី​គម្ពីរ​ក្រឹត្យវិន័យ​របស់​លោក ម៉ូសេ (នេហេមា ៨:១)។ នៅ​ពេល​នោះ បុរស និង​ស្ត្រី​ជាង៥ពាន់​នាក់ បាន​ទៅ​ផ្តុំ​គ្នា​នៅ​ក្នុង​ទីធ្លា​មុខ​ទ្វារ​ទឹក ក្នុង​វិញ្ញាណ​នៃ​ការ​រួបរួម និង​ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​ថ្វាយបង្គំ។ ពួក​គេ​បាន​ផ្ដោតចិត្ត មិន​គ្រាន់តែ​ទៅ​លើ «អ្វី​ដែល​ពួក​គេ​កំពុង​ទទួល​ពី​ការ​បង្រៀន​នេះ​ឡើយ» តែ​ក៏​ផ្ដោត​ទៅ​លើ «អ្វី​ដែល​ពួក​គេ​អាច​រួម​ចំណែក​ជួយ​ដល់​បងប្អូន​ប្រុសស្រី​ដែល​កំពុង​ជួបជុំ​ជា​មួយ​ពួក​គេ»។ នេះ​ជា​របៀប​ដែល​រាស្ត្រ​របស់​ព្រះ​ត្រូវ​តែ​ថ្វាយ​បង្គំ​ព្រះ ដើម្បី​ឲ្យ​មាន​ការ​រួបរួម​គ្នា។
ពេល​ណា​យើង​ពិត​ជា​ដើរ​ជា​មួយ​ព្រះ​គ្រីស្ទ យើង​នឹង​មាន​ចិត្ត​ដែល​ចង់​ថ្វាយ​បង្គំ​ជាមួយ​អ្នក​ដែល​ស្រឡាញ់​ព្រះ​គ្រីស្ទ។ ជួន​កាល ទឹក​ចិត្ត​របស់​យើង​អាច​រីងស្ងួត ប៉ុន្តែ​ដោយ​ជំនួយ​មក​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ យើង​អាច​មាន​វិញ្ញាណ​នៃ​ការ​ថ្វាយ​បង្គំ​ដូច​អ្នក​និពន្ធ​ទំនុក​តម្កើង គឺ​ដូច​ដែល​គាត់​បាន​ពោល​ថា «កាល​គេ​និយាយ​មក​ខ្ញុំ​ថា ចូរ​យើង​ចូល​ទៅ​ក្នុង​ដំណាក់​នៃ​ព្រះ​យេហូវ៉ា នោះ​ខ្ញុំ​មាន​សេចក្ដី​អំណរ​អរ​ណាស់» (ទំនុកតម្កើង ១២២:១)។ ការ​ជួបជុំ​គ្នា​របស់​ពួក​ជំនុំ​ដើម្បី​ថ្វាយ​បង្គំ​ព្រះ មិន​គ្រាន់តែ​ជា​ព្រឹត្តិការណ៍​សម្រាប់​អ្នក​ឲ្យ​ចូលរួម ឬ​ស៊ូទ្រាំ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​ប្រកាស​អំពី​ចិត្ត​ស្ម័គ្រ​ស្មោះ​ដែល​យើង​មាន​ដូចគ្នា​ចំពោះ​មហាក្សត្រ​របស់​យើង និង​ជា​ការ​ក្រើន​រំឭក​ដ៏​មាន​អំណាច​អំពី​ការ​រួបរួម​ស៊ីជម្រៅ​ដែល​រាស្ត្រ​របស់​ព្រះ​មាន​ដោយ​អំណរ។
ក្នុង​ពួកជំនុំ​របស់​យើង យើង​មិន​តែង​តែ​មាន​ចិត្ត​ស្រុះ​ស្រួល​គ្នា​ជានិច្ច​ឡើយ។ យើង​រាល់​គ្នា​មាន​ចំណង់​ចំណូល​ចិត្ត និង​ការ​បណ្ដាល​ចិត្ត​រៀង​ខ្លួន។ ប៉ុន្តែ នៅ​ក្នុង​ចំណុច​ស្នូល​នៃ​សមាជិក​ភាព​នៃ​គ្រួសារ​របស់​ព្រះ ត្រូវ​មាន​ការ​ព្រមព្រៀង​គ្នា​អំពី​រឿង​ខ្លឹមៗ​នៃ​ជំនឿ​របស់​យើង គឺ​រឿង​ដូចជា​អំណាច​នៃ​ព្រះ​គម្ពីរ ភាព​ជា​ចំណុច​កណ្ដាល និង​ភាព​ធំ​ឧត្តម​នៃ​ព្រះ​យេស៊ូវ ភាព​ចាំបាច់​នៃ​ដំណឹងល្អ និង​អាទិភាព​នៃ​ការ​អធិស្ឋាន និង​ការ​ថ្វាយ​បង្គំ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង​ជាដើម។ ការ​មាន​ជំនឿ​ដូច​គ្នា​យ៉ាង​ដូច​នេះ​អនុញ្ញាត​ឲ្យ​រាស្ត្រ​របស់​ព្រះ ជួប​ជុំ​គ្នា​ដោយ​ការ​រួប​រួម។ ដូច​នេះ ការ​អធិប្បាយ​ព្រះ​បន្ទូល​ដែល​ធ្វើ​ឲ្យ​ចិត្ត​រីក​រាយ បទ​ចម្រៀង​ដ៏​ពីរោះ និង​កម្មវិធី​ដែល​មាន​ប្រយោជន៍​សម្រាប់​ក្រុម​គ្រួសារ​ទាំងឡាយ​អាច​ជា​អំណោយ​មក​ពី​ព្រះ​អម្ចាស់ តែ​មិន​គួរ​ក្លាយ​ជា​អាទិភាព​របស់​យើង​ទេ។ ផ្ទុយ​ទៅ​វិញ យើង​គួរតែ​អធិស្ឋាន​ឲ្យ​ពួក​បរិសុទ្ធ​ជា​បងប្អូន​រួម​ជំនឿ នៅ​ពេល​ដែល​យើង​ថ្វាយ​បង្គំ​ជាមួយ​គ្នា​ដោយ​ការ​រួបរួម ដោយ​សូម​ឲ្យ​ការ​ផុស​ផុល​នោះ​កើត​ចេញពី​ចិត្ត​របស់​យើង ដែល​ចង់​ឮ​ការ​អធិប្បាយ​ព្រះ​បន្ទូល​ដែល​ផ្អែក​ទៅ​លើ​សេចក្តី​ពិត។ ព្រោះ​ពេល​ណា​ពួក​ជំនុំ​មាន​ចិត្ត​ប្រុងប្រៀប​ទទួល​ព្រះ​បន្ទូល ដោយ​ការ​អធិស្ឋាន ព្រះ​ទ្រង់​នឹង​ពិតជា​ធ្វើ​អ្វី​ដែល​ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​ធ្វើ​តាម​រយៈ​ព្រះ​បន្ទូល​ទ្រង់។ យើង​ងាយ​នឹង​ចូលរួម​ជាមួយ​ពួក​ជំនុំ​ដោយ​ផ្នត់​គំនិត​ដែល «យក​ខ្លួន​ឯង​ជា​ទីមួយ» ហើយ​រហ័ស​រិះគន់​គេ និយាយ​រួម​គឺ​យើង​ងាយ​នឹង​មាន​បញ្ហា​នេះ តែ​វា​ក៏​ស៊ី​បំផ្លាញ​ពួក​ជំនុំ​ផង​ដែរ។ ចូរ​ប្រាកដ​ថា នៅ​ថ្ងៃអាទិត្យ​ក្រោយ អ្នក​ទៅ​ព្រះ​វិហារ​មិន​គ្រាន់​តែ​សម្រាប់​ខ្លួន​ឯង តែ​ក៏​ដើម្បី​អ្នក​ដទៃ ហើយ​អ្នក​ក៏​ឆាប់​ស្អាង​អ្នក​ដទៃ និង​លើក​កម្ពស់​ការ​រួប​រួម​គ្នា​ក្នុង​របៀប​ដែល​អ្នក​ច្រៀង និង​និយាយ​ផង​ដែរ។ 


ខ​គម្ពីរ​សញ្ជឹងគិត៖ នេហេមា ៨:១-១២
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ៖ ២របាក្សត្រ ២១-២២ និង​លូកា ៩:១-១៧

ប្រភេទ