នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ទីក្រុងដែលសក្តិសមនឹងឲ្យយើងស្វែងរក

ទីក្រុងដែលសក្តិសមនឹងឲ្យយើងស្វែងរក

ដោយKaren Pimpo

November 28, 2025

ភីលីព ៣:១-៩
ហើយខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្ដីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ ដែលដោយយល់ដល់ទ្រង់ ខ្ញុំបានខាតគ្រប់ទាំងអស់។ ភីលីព ៣:៨
កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩២៥ លោកភ័រស៊ី ហ្វវសេត(Percy Fawcett) បានផ្ញើសំបុត្រចុងក្រោយទៅកាន់ប្រពន្ធគាត់ មុនពេលគាត់ធ្វើដំណើរចូលទៅក្នុងព្រៃជ្រៅ ដែលគ្មានផែនទី ក្នុងប្រទេសប្រេស៊ីល។ គាត់កំពុងធ្វើការរុករកទីក្រុងដ៏រុងរឿងក្នុងរឿងព្រេងដែលបានបាត់ឈ្មោះ ដោយគាត់បានតាំងចិត្តថា គាត់នឹងក្លាយជាអ្នករុករកដំបូងគេ ដែលនឹងចែករំលែកទីតាំងរបស់ទីក្រុងនេះ ដល់ពិភពលោក បន្ទាប់ពីការស្វែងរកអស់ជាច្រើនឆ្នាំ។ ប៉ុន្តែ ក្រុមអ្នករុករករបស់គាត់បានវង្វេងនៅក្នុងព្រៃ មិនដែលបានរកឃើញទីក្រុងនោះឡើយ ហើយក្រុមជួយសង្រ្គោះជាច្រើន បានបរាជ័យក្នុងការស្វែងរកពួកគេ។
សេចក្តីក្លាហាន និងភាពក្លៀវក្លារបស់លោកពើរស៊ី ក្នុងការរុករកនោះ មានលក្ខណៈគួរឲ្យកោតសរសើរ ប៉ុន្តែ ការស្វែងរកទីក្រុងដែលល្បីឈ្មោះតែក្នុងរឿងព្រេង ដែលគ្មាននរណាអាចទៅដល់ គឺជាការខ្ជះខ្ជាយជីវិតដ៏ឥតប្រយោជន៍។ បើយើងនិយាយដោយស្មោះត្រង់ មានគោលដៅជាច្រើនដែលយើងមិនអាចទៅដល់ ក្នុងជីវិតយើង ដែលមានអំណាចស្រដៀងនេះមកលើយើងផងដែរ។ ប៉ុន្តែ មានកំណប់ទ្រព្យពិតប្រាកដមួយ សម្រាប់មនុស្សម្នាក់ៗ ដែលមានតម្លៃសក្តិសមនឹងឲ្យយើងស្វែងរក អស់ពីចិត្ត គំនិត និងកម្លាំងរបស់យើង។
ក្នុងសំបុត្រដែលគាត់ផ្ញើទៅអ្នកជឿព្រះ ក្នុងទីក្រុងភីលីព សាវ័កប៉ុលបានមានប្រសាសន៍ថា “ខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្ដីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ ដែលដោយយល់ដល់ទ្រង់ ខ្ញុំបានខាតគ្រប់ទាំងអស់”(ភីលីព ៣:៨)។ ការស្គាល់ និងការជឿព្រះយេស៊ូវ គឺជាកំណប់ទ្រព្យដែលគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ គឺខុសពីទីក្រុងក្នុងរឿងព្រេងដែលធ្វើឲ្យគេស្រមៃអំពីភាពមានបាន កេរ្តិ៍ឈ្មោះ ឬអំណាច។ គោលដៅនៃអំណាច និងថានៈក្នុងលោកិយ ឬសូម្បីតែភាពសុចរិត ដែលគេខំស្វែងរក តាមរយៈការកាន់តាមក្រឹត្យវិន័យ មិនអាចប្រៀបផ្ទឹមនឹងការស្គាល់ព្រះយេស៊ូវបានទេ(ខ.៦-៧)។ តើយើងកំពុងចំណាយពេលវេលា និងកម្លាំងរបស់យើង ទៅលើអ្វីដែលមិនអាចធ្វើឲ្យយើងស្កប់ចិត្តមែនទេ? សូមព្រះគ្រីស្ទជួយយើងឆែកមើលចិត្តយើង តើយើងកំពុងស្វែងរក “ទីក្រុងអ្វី”។—Karen Pimpo

តើអ្នកកំពុងស្វែងរកកំណប់ទ្រព្យអ្វី នៅថ្ងៃនេះ? តើការជញ្ជឹងគិត អំពីតម្លៃនៃការស្គាល់ព្រះយេស៊ូវ 
បានជួយឲ្យអ្នកដាក់អាទិភាពឲ្យបានត្រឹមត្រូវយ៉ាងណាខ្លះ? 
ឱព្រះយេស៊ូវទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលទូលបង្គំមិនចាំបាច់ត្រូវព្យាយាមស្រវាស្រទេញ
អ្វីដែលមិនអាចធ្វើឲ្យទូលបង្គំស្កប់ចិត្ត។ ការស្គាល់ព្រះអង្គ មានតម្លៃលើសកំណប់ទ្រព្យទាំងអស់។ 
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៣៣-៣៤ និង ១ពេត្រុស ៥

ល្ងាច

ផ្លូវ​ទៅ​រក​សុភមង្គល (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ផ្លូវ​ទៅ​រក​សុភមង្គល (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

November 28, 2025

«មាន​ព​រហើយ មនុស្ស​ណា​ដែល​ការ​រំលង​ច្បាប់​របស់​ខ្លួន​បាន​អត់​ទោស​ឲ្យ គឺ​ដែល​បាប​របស់​ខ្លួន​បាន​គ្រប​បាំង​ហើយ» (ទំនុកតម្កើង ៣២:១)។
កាល​ប៉ុន្មាន​ឆ្នាំ​មុន វិទ្យុ BBC បាន​ធ្វើ​ការ​ស្ទង់មតិ​ប្រជាជន​នៅ​ក្នុង៦៥ប្រទេស​ក្នុង​ពិភព​លោក ហើយ​ក៏​បាន​ចេញ​របាយ​ការណ៍​ដែល​បង្ហាញ​ថា ប្រទេស​មួយ​ណា​មាន​សុភមង្គល​ច្រើន​ជាង​គេ ហើយ​ប្រទេស​ណា​មាន​សុភមង្គល​តិច​ជាង​គេ។ ក្នុង​ការ​ស្ទង់មតិ​នោះ នៅ​ពេល​ដែល​គេ​សួរ​បុគ្គល​ម្នាក់ៗ​អំពី​កត្តា​ដែល​ធ្វើឲ្យ​ពួក​គេ​សប្បាយ​ចិត្ត ពួក​គេ​ក៏​បាន​ផ្តល់​ឲ្យ​ចម្លើយ​ខុសៗ​គ្នា គឺ​គ្មាន​ការ​យល់​ស្រប​គ្នា​ច្បាស់​លាស់​នោះ​ទេ។ ផ្លូវ​ឆ្ពោះទៅ​រក​សុភមង្គល គឺ​ពិតជា​ពិបាក​ឲ្យ​ពួក​គេ​យល់​ណាស់។127
បទ​គម្ពីរ​ទំនុក​តម្កើង​ជំពូក៣២ បាន​ផ្ដើម​ដោយ​ពាក្យ «មាន​ព​រហើយ» ដែល​អាច​មានន័យ​ថា «មាន​អំណរ​ហើយ»។ ជា​ការ​ពិត​ណាស់ ពាក្យ​ជា​ភាសា​ហេព្រើរ​ក្នុង​ខ​គម្ពីរ​នេះ ច្រើនតែ​ត្រូវ​បាន​គេ​បកប្រែ​ជា​ភាសា​ក្រិក​ថា «មាន​អំណរ» នៅ​ក្នុង​ខ​គម្ពីរ​ផ្សេង​ទៀត ទាំង​ក្នុង​ព្រះ​គម្ពីរ​សញ្ញា​ចាស់​ដែល​បាន​បកប្រែ​ជា​ភាសា​ក្រិក និង​ព្រះ​គម្ពីរ​សញ្ញា​ថ្មី។ ក្នុង​ការ​អធិប្បាយ​នៅ​លើ​ភ្នំ ព្រះ​យេស៊ូវ​បាន​មាន​បន្ទូល​ទៅ​កាន់​អ្នក​ដើរ​តាម​ព្រះ​អង្គ​ផ្ដើម​ដោយ​ពាក្យ​ថា «មាន​ព​រហើយ (គឺ​ប្រែ​ថា មាន​អំណរ​ហើយ) អស់អ្នក​ដែល​មាន​សេចក្ដី​កម្សត់​ខាង​ឯ​វិញ្ញាណ» (ម៉ាថាយ ៥:៣)។
មនុស្ស​ជា​ច្រើន​ចង់​សប្បាយ​ជាង​យើង។ ប៉ុន្តែ តើ​សប្បាយ​ជាង​យើង​ដោយ​របៀប​ណា? អ្នកខ្លះ​គិត​ថា បើ​ពួក​គេ​ធ្វើ​ដំណើរ​បាន​កាន់តែ​ច្រើន នោះ​ពួក​គេ​នឹង​ស្កប់​ចិត្ត​ហើយ។ ខ្លះ​គិត​ដល់​រឿង​ធំៗ ឧទាហរណ៍ បើ​សង្គម​របស់​ពួក​គេ​មាន​យុត្តិធម៌ ពួក​គេ​នឹង​មាន​ចិត្ត​សប្បាយ​ជាង​នេះ។ ខ្លះ​ទៀត​លើក​ហេតុផល​ថា ក្តី​អំណរ​អាច​រក​បាន​នៅ​ក្នុង​ការ​ឲ្យ​តម្លៃ​ទៅលើ​សម្រស់​នៃ​ស្នា​ព្រះ​ហស្ត​របស់​ព្រះ ឬ​ការ​រុករក​ខាង​វិញ្ញាណ។ យើង​កំពុង​តែ​ប្រឈមមុខ​ដាក់​ការ​ពិត​ដែល​ថា មាន​អ្វីមួយ​ធ្វើឲ្យ​ខូច​ការ​ប្រឹង​ប្រែង​របស់​យើង ហើយ​គ្រប់​សង្កត់​ពី​លើ​ក្តី​ស្រមៃ​របស់​យើង​ទាំង​អស់​ដូច​ធូលី​ដី។ ការ​ដេញ​តាម​សុភមង្គល ឬ​ការ​ព្យាយាម​តោង​ឲ្យ​ជាប់​សុភមង្គល​បាន​ក្លាយ​ជា​បន្ទុក។ ការ​ស្វែងរក​សុភមង្គល​ដ៏​ស្ថិត​ស្ថេរ នៅ​តែ​ឥត​ប្រយោជន៍ ដរាបណា​យើង​មិន​បាន​ស្វែង​រក​នៅ​កន្លែង​ដែល​អ្នក​និពន្ធ​ទំនុកតម្កើង​បាន​បង្ហាញ គឺ​នៅ​ក្នុង​ទំនាក់​ទំនង​ជាមួយ​ព្រះ​អាទិករ​របស់​យើង ដែល​ចាប់​ផ្ដើម​ដោយ​ការ​អត់​ទោស​បាប។ យើង​ប្រហែល​មិន​គិត​ចង់​ស្វែង​រក​ទីនោះ​ទេ ព្រោះ​អារម្មណ៍​របស់​យើង​ហាក់​ដូច​ជា​ប្រឆាំង​គ្នា នៅ​ពេល​ដែល​យើង​ត្រូវ​ស្វែង​រក​សុភមង្គល ដោយ​ពិចារណា​អំពី​ទម្ងន់​នៃ​បាប​របស់​យើង និង​ការ​ត្រូវ​ការ​ការ​អត់​ទោស​បាប​ជា​មុន​សិន។ ប៉ុន្តែ ពាក្យ «ទទួល​ការ​អត់ទោស» ជា​ភាសា​ហេព្រើរ មាន​ន័យ​ថា «បាន​លើក​ចេញ» ឬ «ដក​ចេញ»។ សុភមង្គល និង​សន្តិភាព​ដែល​យើង​ចង់​បាន​កើត​មាន​តែ​នៅ​ពេល​ដែល​បន្ទុក​របស់​បាប​ត្រូវ​បាន​ដក​ចេញ​ប៉ុណ្ណោះ។ បន្ទាប់​មក យើង​មាន​សេរីភាព​ក្នុង​ការ​អរ​សប្បាយ​នឹង​អ្វីៗ​ដែល​យើង​មាន​ក្នុង​ជីវិត ដោយ​មិន​សុំ​ឲ្យ​ស្នា​ព្រះ​ហស្ត​ណាមួយ​របស់​ព្រះ ឬ​មនុស្ស​ធ្វើ​ជា​ប្រភព​នៃ​អំណរ​ខ្ពស់​បំផុត​របស់​យើង​ឡើយ។ 
លោក​គ្រូ អហ្គស្ទីន (Augustine) ក៏​បាន​ដក​ពិសោធន៍​ជា​មួយ​នឹង​សេចក្តី​ពិត​នេះ​ដែរ។ គាត់​បាន​ប្រើ​ពេល​វេលា​ដំបូង​នៃ​ជីវិត​របស់​គាត់ ក្នុង​ការ​ផ្ដោត​ទៅ​លើ​ការ​សប្បាយ​តាម​ទំនើង​ចិត្ត។ បន្ទាប់​ពី​គាត់​ក៏​បាន​អាន​ព្រះ​គម្ពីរ ហើយ​ក៏​បាន​ស្គាល់​ព្រះ​អម្ចាស់​តាមរយៈ​ព្រះ​បន្ទូល​ទ្រង់ គាត់​ក៏​បាន​ងើប​ចេញ​ពី​ការ​វង្វេង​របស់​គាត់។ ក្រោយ​មក គាត់​ក៏​បាន​សរសេរ​ថា «ឱ​ព្រះ​អង្គ​អើយ ចិត្ត​របស់​យើង​ខ្ញុំ​នឿយ​ព្រួយ​ឥត​មាន​ល្ហែ មាន​តែ​ព្រះ​អង្គ​ទេ​ដែល​អាច​ប្រទាន​ការ​សម្រាក​ដល់​ចិត្ត​យើង​ខ្ញុំ​បាន»។128 តើ​អ្នកជឿ​ដូច​លោកគ្រូ អូហ្គស្ទីន ទេ? សេចក្តី​អធិស្ឋាន​របស់​គាត់​ខាង​លើ​នេះ គឺ​ផ្អែក​ទៅ​លើ​ខ​គម្ពីរ​ដំបូង​នៃ​បទ​គម្ពីរ ទំនុក​តម្កើង​ជំពូក៦២។ ដំណើរ​ជីវិត​របស់​អ្នក​មិន​ចាំ​បាច់​ត្រូវ​មាន​បន្ទុក​នៃ​អំពើ​បាប និង​ទុក្ខព្រួយ​នោះ​ឡើយ ព្រោះ​ព្រះ​ទ្រង់​បាន​ប្រទាន​អ្នក​នូវ​ការ​អត់​ទោស​បាប និង​ទំនាក់​ទំនង​ជាមួយ​ព្រះ​អង្គ​តាម​រយៈ​ព្រះ​យេស៊ូវ​រួច​ហើយ។ អ្នក​មិន​ចាំ​បាច់​ត្រូវ​ដេញ​តាម​សុភមង្គល​ដូច​លោកីយ៍​នោះ​ឡើយ។ អ្នក​នឹង​បាន​ដកពិសោធន៍​នូវ​សុភមង្គល​ដ៏​ស្ថិតស្ថេរ លើស​ពាក្យ​ពណ៌នា នៅ​ពេល​ណា​បន្ទុក​របស់​អ្នក​ត្រូវ​ដក​ចេញ ហើយ​អ្នក​ដឹង​ថា ព្រះ​ទ្រង់​ជ្រាប​អំពី​ចំណុច​អាក្រក់​បំផុត​របស់​អ្នក តែ​ព្រះ​អង្គ​នៅ​តែ​ស្រឡាញ់​អ្នក។ 


ខ​គម្ពីរ​សញ្ជឹងគិត៖ ទំនុកតម្កើង ៣២
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈពេល១ឆ្នាំ៖ ២របាក្សត្រ ១៩-២០ និង​លូកា ៨:២៦-៥៦

ប្រភេទ