នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការដឹងគុណ ដោយការបន្ទាបខ្លួន

ការដឹងគុណ ដោយការបន្ទាបខ្លួន

ដោយKatara Patton

November 27, 2025

សុភាសិត ២២:១-៦
ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់។
សុភាសិត ២២:៦
ក្នុងទិវាដឹងគុណ ខ្ញុំបានទូរស័ព្ទទៅផ្ទះ ដើម្បីសួរសុខទុក្ខឪពុកម្តាយខ្ញុំ។ នៅពេលខ្ញុំជជែកជាមួយពួកគាត់ ខ្ញុំក៏បានសួរម្តាយខ្ញុំថា តើគាត់ចង់អរព្រះគុណព្រះអង្គខ្លាំងបំផុត សម្រាប់ការអ្វីខ្លះ? គាត់ក៏បានប្រាប់ខ្ញុំថា គាត់មានការដឹងគុណចំពោះព្រះអង្គខ្លាំងបំផុត ដោយសារ កូនៗទាំង៣នាក់របស់គាត់ចេះស្រែករកព្រះនាមរបស់ព្រះអម្ចាស់។ ម្តាយរបស់ខ្ញុំតែងតែឲ្យតម្លៃយ៉ាងខ្លាំង មកលើការអប់រំ ដូចនេះ គ្មានអ្វីដែលមានតម្លៃជាងការដែលកូនៗរបស់គាត់ទទួលបានលទ្ធផលល្អក្នុងការសិក្សា ហើយចេះមើលថែខ្លួនឯងនោះឡើយ។ 
ផ្នត់គំនិតរបស់គាត់ បានធ្វើឲ្យខ្ញុំនឹកចាំ អំពីបទគម្ពីរសុភាសិត ២២:៦ ដែលបានចែងថា “ចូរបង្ហាត់កូនក្មេង ឲ្យប្រព្រឹត្តតាមផ្លូវដែលគួរប្រព្រឹត្ត នោះវានឹងមិនលះបង់ពីផ្លូវនោះដរាបដល់ចាស់”។ បទគម្ពីរនេះមិនមែនជាការសន្យានោះទេ តែជាគោលការណ៍ប្រកបដោយប្រាជ្ញា ហើយក្មេងៗជាច្រើនបានវង្វេងចេញពីព្រះ យ៉ាងហោចណាស់ក្នុងរដូវកាលណាមួយនៃជីវិត ហេតុនេះហើយ គាត់និងឪពុករបស់ខ្ញុំបានខិតខំបង្រៀនយើង តាមរយៈគំរូល្អជាមូលដ្ឋាន ដើម្បីឲ្យយើងមានការបន្ទាបខ្លួន និងស្រឡាញ់ព្រះ ដោយការកោតខ្លាចព្រះអង្គ(ខ.៤)។ សព្វថ្ងៃនេះ ដោយសារព្រះគុណព្រះ ពួកគាត់អាចឃើញយើងចម្រើនវ័យធំឡើង និងមានការលូតលាស់ខាងវិញ្ញាណ តាមរយៈទំនាក់ទំនងផ្ទាល់ខ្លួនជាមួយព្រះអង្គ។ គឺដូចដែលខ.២ បានចែងថា ព្រះទ្រង់គឺជាអ្នកបង្កើតអ្វីៗគ្រប់យ៉ាងមក។ ហើយក្មេងៗខ្លះឆាប់ឆ្លើយតប ចំពោះការបង្រៀនដោយក្តីស្រឡាញ់របស់ព្រះគ្រីស្ទ តែក្មេងខ្លះទៀតប្រហែលជាត្រូវចំណាយពេលយូរជាង ទំរាំតែអាចឮព្រះសូរសៀងរបស់ព្រះអង្គ។ សម្រាប់ក្មេងៗដែលមានតម្លៃបំផុតចំពោះយើង ចូរយើងបន្តអធិស្ឋាន ហើយទុកចិត្តថា ព្រះអង្គនឹងឆ្លើយតប តាមពេលវេលារបស់ព្រះអង្គ។
ការដឹងគុណដែលម្តាយខ្ញុំមានចំពោះព្រះអង្គ ដោយការបន្ទាបខ្លួន បានចង្អុលបង្ហាញយើងឲ្យងាកទៅរកអ្វីដែលសំខាន់បំផុតក្នុងជីវិត។ ការស្រឡាញ់ព្រះអង្គ ដោយការកោតខ្លាច ជួយឲ្យវិញ្ញាណយើងបង្កើតផលផ្លែជាបរិបូរ ក្នុងជីវិតនេះ និងក្នុងជីវិតអស់កល្បជានិច្ចដែលត្រូវមកដល់(ខ.៤)។ ហើយយើងមិនអាចគ្រប់គ្រងមកលើការសម្រេចចិត្តរបស់ក្មេងៗឡើយ តែយើងអាចទុកចិត្តព្រះអង្គ ដោយសង្ឃឹមថា ព្រះអង្គនឹងបន្តធ្វើការក្នុងចិត្តពួកគេ ដោយក្តីស្រឡាញ់។—Katara Patton

តើនរណាបានបង្ហាញសេចក្តីស្រឡាញ់របស់ព្រះដល់អ្នក? 
តើអ្នកនឹងស្រឡាញ់ព្រះអង្គ ដោយការកោតខ្លាចដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យស្រឡាញ់ និងបង្រៀនអ្នកដទៃឲ្យដើរតាមព្រះអង្គផងដែរ។
For further study, read God is Love at DiscoverODB.org.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៣០-៣២ និង ១ពេត្រុស ៤
 

ល្ងាច

តាម​រយៈ​សេចក្តី​មេត្តា​របស់​ព្រះ​អង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

តាម​រយៈ​សេចក្តី​មេត្តា​របស់​ព្រះ​អង្គ (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

November 27, 2025

«មិន​សម្រេច​នឹង​អ្នក​ណា​ដែល​ចង់​បាន ឬ​នឹង​អ្នក​ណា​ដែល​ខំ​រត់​តាម​នោះ​ទេ គឺ​ស្រេច​នឹង​ព្រះ​ដែល​មាន​សេចក្ដី​មេត្តា​ករុណា​វិញ» (រ៉ូម ៩:១៦)។
ព្រះ​ទ្រង់​មិន​ជាប់​ជំពាក់​នឹង​ប្រពៃណី​ដែល​មនុស្ស​បង្កើត ហើយ​ទ្រង់​មិន​មាន​កាតព្វកិច្ច​ដែល​ត្រូវ​ធ្វើ​អ្វីៗ​តាម​ការ​រំពឹង​ចង់​បាន​របស់​យើង​ឡើយ។ 
រឿង​លោក អេសាវ និង​លោក យ៉ាកុប ប្រហែល​ជា​បាន​បក​ស្រាយ​អំពី​បញ្ហា​នេះ​បាន​ច្បាស់​ជាង​រឿង​ផ្សេង​ទៀត​ក្នុង​ព្រះ​គម្ពីរ។ លោក អេសាវ គឺជា​កូន​ច្បង​របស់​លោក អ៊ីសាក ដែល​មាន​លោក អ័ប្រាហាំ ជា​ឪពុក ដែល​ព្រះ​ទ្រង់​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​អ្នក​ទទួល​ព្រះ​បន្ទូល​សន្យា​របស់​ទ្រង់​ឲ្យ​បង្កើត​ប្រជាជាតិ​មួយ និង​នាំ​ព្រះពរ​ដល់​លោកីយ៍​របស់​ទ្រង់ (លោកុប្បត្ដិ ១២:១-៣)។ ក្នុង​នាម​លោក អេសាវ ជា​អ្នក​ស្នង​មរតក​តាម​ប្រពៃណី គាត់​ត្រូវ​ទទួល​ព្រះ​ពរ និង​មរតក​ពី​លោក អ៊ីសាក គឺ​ដូច​ដែល​លោក អ៊ីសាក បាន​ទទួល​មរតក​ពី​លោក អ័ប្រាហាំ ជា​ឪពុក​គាត់​ដែរ។ លោក យ៉ាកុប មិន​គ្រាន់តែ​ជា​ប្អូន តែ​គាត់​ក៏​មាន​ចារិត​លក្ខណៈ​មិន​ល្អ ដោយ​ឈ្មោះ​គាត់​មាន​ន័យ​ថា មនុស្ស​បោក​ប្រាស់។ ការ​ដែល​ព្រះ​ទ្រង់​ជ្រើស​រើស​គាត់ គឺ​ជា​រឿង​ដែល​ហាក់​ដូច​ជា​មិន​គួរ​ឲ្យ​ជឿ តែ​សែ​ស្រឡាយ​នៃ​ព្រះ​បន្ទូល​សន្យា​ត្រូវ​ហូរ​កាត់​តាម​លោក យ៉ាកុប ហើយ​កូន​ចៅ​របស់​គាត់​ប្រែ​ក្លាយ​ជា​សាសន៍​អ៊ីស្រាអែល​ជា​រាស្ត្រ​របស់​ព្រះ។ ជួន​កាល ខ្ញុំ​ពិបាក​ទទួល​យក​ការ​ពិត​នេះ​ដោយ​ឆ្ងល់​ថា ហេតុអ្វី​ព្រះ​ទ្រង់​ជ្រើស​រើស​លោក យ៉ាកុប។ រឿង​នេះ​ហាក់​ដូច​ជា​មិន​យុត្តិធម៌! តែ​ព្រះ​គម្ពីរ​បាន​ប្រាប់​យើង​ថា ទោះ​លោក យ៉ាកុប ជា​ជម្រើស​ដែល​មិន​សម​ទំនង ក៏​ព្រះ​ទ្រង់​បាន​កំណត់​ទុក​ជា​មុន​ថា នឹង​សម្រេច​ព្រះ​បន្ទូល​សន្យា​តាម​រយៈ​លោក យ៉ាកុប ជាជាង​លោក អេសាវ៖ «គ្រា​ដែល​កូន​មិន​ទាន់​កើត​មក​នៅ​ឡើយ ហើយ​មិន​ទាន់​ធ្វើ​ការ​ល្អ ឬ​អាក្រក់​អ្វី...គឺ​ដើម្បី​ឲ្យ​ព្រះដំរិះ​របស់​ព្រះ​ខាង​ឯ​សេចក្ដី​រើស​តាំង​បាន​ជាប់​នៅ មិនមែន​ដោយ​អាង​ការ​ប្រព្រឹត្ត​ទេ គឺ​ដោយ​អាង​ព្រះ​ដែល​ទ្រង់​ហៅ​វិញ» (រ៉ូម ៩:១១-១៣)។ ក្នុង​ការ​ជ្រើសរើស​លោក យ៉ាកុប ព្រះ​ទ្រង់​កំពុង​សម្រេច​គោលបំណង​របស់​ព្រះ​អង្គ តាំង​ពី​អស់កល្បជានិច្ច​មក។ ព្រះ​អង្គ​ក៏​កំពុង​ប្រើ​គោលការណ៍​ដែល​កំណត់​ថា ព្រះ​ទ្រង់​មិន​ជ្រើសរើស​ផ្អែក​ទៅ​លើ​ការ​ប្រព្រឹត្ត​របស់​យើង។ គ្មាន​នរណា​ម្នាក់​ដែល​ស័ក្តិសម​នឹង​ធ្វើ​ជា​កម្ម​សិទ្ធិ​របស់​ព្រះ​អង្គ​ទេ។
នៅ​ត្រង់​ចំណុច​នេះ​ហើយ ដែល​ជួនកាល​យើង​ឃើញ​សាច់រឿង​ក្រឡាប់​ចាក់។ យើង​មើល​ទៅ​លោក យ៉ាកុប ហើយ​ឆ្ងល់​ថា ហេតុអ្វី​ព្រះ​ជ្រើស​រើស​គាត់ តែ​ទន្ទឹម​នឹង​នោះ យើង​គួរតែ​មើល​ទៅ​ព្រះ ហើយ​ស្ញប់​ស្ញែង​ចំពោះ​ព្រះ​គុណ​របស់​ព្រះ​អង្គ​វិញ។ ព្រះ​អង្គ​មាន​បន្ទូល​ថា «‍អញ​នឹង​ផ្សាយ​សេចក្ដី​មេត្តា​ករុណា ដល់​អ្នក​ណា​ដែល​អញ​មេត្តា​ករុណា ក៏​នឹង​មាន​សេចក្ដី​ក្ដួល​អាណិត ដល់​អ្នក​ណា​ដែល​អញ​ក្ដួល​អាណិត» (រ៉ូម ៩:១៥)។ ហើយ​ព្រះ​ទ្រង់​ក៏​បាន​ត្រាស់​ហៅ​យើង ដោយ​សេចក្តី​មេត្តា​ផង​ដែរ ទោះ​យើង​មិន​សម​នឹង​ទទួល​សេចក្តី​មេត្តា​ក៏​ដោយ។
នៅ​ពេល​ដែល​យើង​បាន​ដឹង​ច្បាស់​អំពី​ភាព​ទាល់ច្រក​របស់​យើង មុន​ពេល​យើង​ក្លាយ​ជា​កូន​របស់​ព្រះ គឺ​យើង​ដឹង​ថា យើង​បាន​បះបោរ​ដែល​សម​នឹង​ទទួល​ការ​ថ្កោល​ទោស សេចក្តី​ក្រោធ និង​សេចក្តី​ស្លាប់ យើង​អាច​ចាប់​ផ្ដើម​យល់ អំពី​ភាព​ធំ​ប្រសើរ​នៃ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​មេត្តា​របស់​ព្រះ​ចំពោះ​យើង។ យើង​ឈប់​សួរ​ថា ហេតុ​អ្វី​ព្រះ​ទ្រង់​មិន​បង្ហាញ​សេចក្តី​មេត្តា​ដល់​អ្នក​ខ្លះ គឺ​យើង​ចាប់​ផ្ដើម​ឆ្ងល់​ថា ហេតុអ្វី​ព្រះ​ទ្រង់​បង្ហាញ​សេចក្តី​មេត្តា​ដល់​នរណា​ម្នាក់។ នេះ​ជា​រឿង​ដែល​យើង​គួរ​តែ​មាន​ការ​ដឹង​គុណ​ដ៏​ជ្រាល​ជ្រៅ ដោយ​សារ​ព្រះ​អង្គ​បាន​ធ្វើ​ឲ្យ​យើង​ក្លាយ​ជា​អ្នក​ស្នង​មរតក​ជា​កូន​របស់​ព្រះ។ 
អ្នក​មិន​អាច​ធ្វើ​អ្វីមួយ ដើម្បី​ឲ្យ​ព្រះ​អង្គ​ទទួល​យក​អ្នក​នោះ​ឡើយ។ អ្នក​មិន​អាច​ធ្វើ​ការ​ប៉ះ​ប៉ូវ​សម្រាប់​ការ​បះបោរ​របស់​អ្នក​សោះ​ឡើយ។ ព្រះ​អង្គ​បាន​ទទួល​អ្នក​ចូល​ក្នុង​គ្រួសារ​ព្រះ​អង្គ ផ្អែក​ទៅ​លើ​មូលដ្ឋាន​តែ​មួយ​ប៉ុណ្ណោះ​គឺ សេចក្តី​មេត្តា​របស់​ព្រះ​អង្គ​ដែល​បាន​ប្រទាន​មក​ដោយ​ឥត​គិត​ថ្លៃ និង​មិន​សម​ទទួល។ គឺ​ដូច​ដែល​អ្នក​និពន្ធ​ទំនុក​សកល​បាន​សរសេរ​ថា «ព្រះ​យេស៊ូវ​បាន​បង់​ថ្លៃ​លោះ​ទាំង​ស្រុង»។126 សេចក្តី​ពិត​នេះ​នឹង​ធ្វើឲ្យ​អ្នក​មាន​ការ​បន្ទាប​ខ្លួន នៅ​ថ្ងៃ​ដ៏​រីក​រាយ និង​មាន​សង្ឃឹម​នៅ​ពេល​ដែល​អ្នក​មើល​ឃើញ​បាប​របស់​អ្នក សេចក្តី​សង្គ្រោះ​មិន​ដែល​កើត​ឡើង​ពី​ទង្វើ​ល្អ​របស់​អ្នក​ទេ តែ​កើត​ឡើង​ពី​សេចក្តី​មេត្តា​របស់​ព្រះ​អង្គ​តែ​ប៉ុណ្ណោះ។


ខ​គម្ពីរ​សញ្ជឹងគិត៖ រ៉ូម ៩:១-១៨
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ៖ ២កូរិនថូស ១៧:១៨ និង​លូកា ៨:១-២៥

ប្រភេទ