នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ចូររាប់ព្រះពររបស់អ្នក

ចូររាប់ព្រះពររបស់អ្នក

ដោយAlyson Kieda

November 26, 2025

អែសរ៉ា ៣:១,៤-៦,៩-១១
រួចបណ្ដាជនក៏ស្រែកឡើង ជាសំរែកយ៉ាងខ្លាំង ក្នុងកាលដែលគេសរសើរដល់ព្រះយេហូវ៉ាយ៉ាងនោះ។ អែសរ៉ា ៣:១១
កាលពីតូច ខ្ញុំស្រឡាញ់បទចម្រៀងទំនុកសកលចាស់ មានចំណងជើងថា “ចូររាប់ព្រះពររបស់អ្នក”។ បទចម្រៀងនេះលើកទឹកចិត្តមនុស្សឲ្យរាប់ព្រះពររបស់ខ្លួនម្តងមួយៗ នៅពេលដែល “ត្រូវខ្យល់ព្យុះបក់បោកពួកគេចុះឡើង” ហើយពួកគេ “គិតថា ខ្លួនបានបាត់បង់អ្វីៗគ្រប់យ៉ាង”។ ជាច្រើនឆ្នាំក្រោយមក នៅពេលដែលស្វាមីរបស់ខ្ញុំ មានការបាក់ទឹកចិត្ត គាត់ច្រើនតែសុំឲ្យខ្ញុំច្រៀងបទចម្រៀងដ៏សាមញ្ញនេះ ឲ្យគាត់ស្តាប់។ បន្ទាប់មក ខ្ញុំក៏បានជួយគាត់រាប់ព្រះពរដែលគាត់បានទទួល។ ការអនុវត្តន៍ដូចនេះបានជួយបង្វែងគំនិតគាត់ ឲ្យងាកចេញពីទុក្ខលំបាក និងការសង្ស័យ ហើយផ្ដោតគំនិតរបស់គាត់ ទៅលើព្រះអម្ចាស់ និងហេតុផលដែលត្រូវអរព្រះគុណព្រះអង្គវិញ។
កណ្ឌគម្ពីរអែសរ៉ា បានពិពណ៌នាអំពីរាស្រ្តរបស់ព្រះ ដែលកំពុងប្រឈមមុខដាក់បញ្ហាដ៏លើសលប់ តាមរយៈការផ្តោតទៅលើព្រះចេស្តា និងការផ្គត់ផ្គង់របស់ព្រះអង្គ។ បន្ទាប់ពីពួកគេបានស៊ូទ្រាំនឹងការរស់នៅជាឈ្លើយសឹក ក្នុងចក្រភពបាប៊ីឡូន ស្តេចស៊ីរូសក៏បានអនុញ្ញាតពួកគេឲ្យវិលត្រឡប់ទៅទឹកដីអ៊ីស្រាអែលវិញ ដើម្បីសាងសង់ព្រះវិហារឡើងវិញ(អែសរ៉ា ១-២)។ ពួកគេមួយចំនួនតូចប៉ុណ្ណោះ ដែលបានធ្វើមាតុភូមិនិវត្តន៍(២:៦៤)។ ទោះពួកគេមានការភ័យខ្លាច ចំពោះសាសន៍ដទៃដែលរស់នៅជុំវិញពួកគេ ហើយមានកិច្ចការធំមួយនៅចំពោះមុខក៏ដោយ ក៏ពួកគេបានសាងសង់អាសនាឡើងវិញ ហើយបានសង់គ្រឹះព្រះវិហារ(៣:៣,១០)។ បន្ទាប់មក “គេក៏ច្រៀងឆ្លើយគ្នា ដោយពាក្យសរសើរ ហើយអរព្រះគុណដល់ព្រះយេហូវ៉ាថា ទ្រង់ប្រកបដោយករុណាគុណ សេចក្ដីសប្បុរសនៃទ្រង់នៅអស់កល្បជានិច្ច ដល់ពួកអ៊ីស្រាអែល រួចបណ្ដាជនក៏ស្រែកឡើង ជាសំរែកយ៉ាងខ្លាំង ក្នុងកាលដែលគេសរសើរដល់ព្រះយេហូវ៉ា”(៣:១១)។
បើអ្នកមានការបាក់ទឹកចិត្ត ឬប្រឈមមុខដាក់ឧបសគ្គដែលហាក់ដូចជាមិនអាចជម្នះបាន ចូរបង្វែរគំនិតរបស់អ្នកមកផ្ដោតទៅលើព្រះអម្ចាស់វិញ។ “ចូររាប់ព្រះពររបស់អ្នកចុះ ហើយអ្នកនឹងមានការភ្ញាក់ផ្អើល ពេលដែលបាននឹកចាំ អំពីការអ្វីដែលព្រះអម្ចាស់បានធ្វើ” ហើយនៅតែបន្តធ្វើ សម្រាប់អ្នកដែលស្រឡាញ់ព្រះអង្គ។—Alyson Kieda

តើការរាប់ព្រះពររបស់អ្នក បានជួយអ្នកក្នុងស្ថានភាពដ៏ពិបាក ដូចម្តេចខ្លះ? 
តើអ្នកចង់អរព្រះគុណព្រះអង្គ សម្រាប់ការអ្វីខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំឲ្យមានចិត្តដឹងដឹងគុណ និងសរសើរដំកើងព្រះអង្គ 
ដោយដឹងថា ព្រះអង្គជានរណា និងបានធ្វើការអ្វីខ្លះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ២៧-២៩ និង ១ពេត្រុស ៣
 

ល្ងាច

ហេតុអ្វី​ត្រូវ​ចែករំលែក? (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ហេតុអ្វី​ត្រូវ​ចែករំលែក? (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

November 26, 2025

«អ្នក​រាល់​គ្នា​នឹង​បាន​ចំរើន​កាន់​តែ​ច្រើន​ឡើង​គ្រប់​ជំពូក សំរាប់​ជា​ការ​សទ្ធា​គ្រប់​យ៉ាង ដែល​នឹង​បង្កើត​សេចក្ដី​អរ​ព្រះ​គុណ​ដល់​ព្រះ ដោយ​សារ​យើង​រាល់គ្នា» (២កូរិនថូស ៩:១១)។
ព្រះ​ទ្រង់​មិនមែន​ជា​អង្គ​បុគ្គល​មាន​អំណាច​បំផុត ដែល​បំបិទ​សិទ្ធិ​យើង​មិន​ឲ្យ​មាន​អំណរ​នោះ​ទេ។ ព្រះ​អង្គ​មិន​បាន​សុំ​ឲ្យ​យើង​អត់ធ្មត់​ចំពោះ​ការ​រស់នៅ​ដែល​ធ្វើ​ឲ្យ​ខក​ចិត្ត​ដោយ​យើង​អង្គុយ​នៅ​ស្ងៀម ហើយ​ធ្វើ​ពុត​ជា​មាន​សុភមង្គល​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​បាន​ផ្គត់​ផ្គង់​យើង​ជា​បរិបូរ។ យើង​មិន​ចាំ​បាច់​ត្រូវ​ខ្មាស​អៀន​ចំពោះ​អ្វីៗ​ដែល​ព្រះ​អង្គ​បាន​ប្រទាន តែ​យើង​ត្រូវ​ចែក​រំលែក​ពួក​វា​ដល់​អ្នក​ដទៃ។
មូល​ហេតុ​ដែល​ព្រះ​អង្គ​ប្រទាន​អ្វី​គ្រប់​យ៉ាង​ដែល​យើង​ត្រូវ​ការ (ហើយ​ជា​ញឹកញាប់​ព្រះ​អង្គ​ប្រទាន​លើស​តម្រូវ​ការ!) គឺ​ដើម្បី​ឲ្យ​យើង​អាច​ចែក​រំលែក​របស់​ទាំង​នោះ​ដល់​អ្នក​ដទៃ។ សាវ័ក ប៉ុល មាន​ប្រសាសន៍​ថា ពេល​ណា​ព្រះ​អង្គ​ប្រទាន​ពរ​យើង​ឲ្យ «ចម្រើន​កាន់​តែ​ច្រើន​ឡើង​គ្រប់​ជំពូក សម្រាប់​ជា​ការ​សទ្ធា​គ្រប់​យ៉ាង ដែល​នឹង​បង្កើត​សេចក្ដី​អរ​ព្រះ​គុណ​ដល់​ព្រះ ដោយ​សារ​យើង​រាល់​គ្នា»។ អ្វីៗ​ដែល​យើង​បាន​ទទួល​ជា​អំណោយ​មក​ពី​ព្រះ នោះ​យើង​ក៏​ត្រូវ​ឲ្យ​ទៅ​គេ​ធ្វើ​ជា​អំណោយ​មក​ពី​ព្រះ​អង្គ​ផង​ដែរ។ កណ្ឌ​គម្ពីរ​យ៉ាកុប​ក៏​បាន​និយាយ​អំពី​រឿង​នេះ ដោយ​សំណួរ​ចាក់​ចុច​ចិត្ត​ថា «បង​ប្អូន​អើយ បើ​អ្នក​ណា​ថា​ខ្លួន​មាន​សេចក្ដី​ជំនឿ​តែ​មិន​ប្រព្រឹត្ត​តាម នោះ​តើ​មាន​ប្រយោជន៍​អ្វី តើ​សេចក្ដី​ជំនឿ​អាច​នឹង​ជួយ​សង្គ្រោះ​អ្នក​នោះ​បាន​ដែរ​ឬ?» (យ៉ាកុប ២:១៤)។ ច្បាស់​ណាស់ គឺ​គ្មាន​ប្រយោជន៍​ទាល់​តែ​សោះ! ក្នុង​ការ​ទទួល​ខុស​ត្រូវ ក្នុង​ការ​ជួយ​យក​អសារ​អ្នក​ខ្វះខាត យើង​មិន​គ្រាន់តែ​បណ្ដាល​ឲ្យ​មាន​ការ​សរសើរ​តម្កើង​ព្រះ តែ​យើង​ក៏​បង្ហាញ​ភស្តុតាង​បញ្ជាក់​ថា យើង​ពិត​ជា​មាន​ជំនឿ​លើ​ព្រះ​មែន។
ព្រះ​ទ្រង់​មិន​គ្រាន់តែ​បាន​ប្រទាន​យើង​នូវ​ធន​ធាន តែ​ដោយ​ព្រះ​គុណ​របស់​ព្រះ យើង​ក៏​ចាំ​បាច់​ត្រូវ​មាន​ចិត្ត​សប្បុរស​ពិត​ប្រាកដ​ដោយ​មាន​ការ​លះបង់ ដើម្បី​ឲ្យ​អ្នកដទៃ​អាច​ទទួល​បាន​ព្រះពរ (២កូរិនថូស ៨:១-៣)។ ព្រះ​អង្គ​គឺ​ជា​អ្នក​ដែល «អាច​នឹង​ធ្វើ​ឲ្យ​គ្រប់​ទាំង​ព្រះ​គុណ​បាន​ចម្រើន​ដល់​អ្នក​រាល់​គ្នា ប្រយោជន៍​ឲ្យ​មាន​ទាំង​អស់​គ្រប់​គ្រាន់​ជា​និច្ច ដើម្បី​ឲ្យ​បាន​ចម្រើន​ឡើង​ខាង​ឯ​ការ​ល្អ​គ្រប់​ជំពូក» (៩:៨)។ 
ចិត្ត​ដែល​សប្បុរស​ការពារ​យើង​ឲ្យ​រួច​ពី​ភាព​អាត្មា​និយម និង​ចិត្ត​ដែល​ចង់​មាន​ទ្រព្យ​សម្បត្តិ​ច្រើន សម្រាប់​ខ្លួន​ឯង។ យើង​រក​ឃើញ​អំណរ​នៃ​ព្រះ​ពរ​ព្រះ មិន​មែន​នៅ​ក្នុង​ការ​សង់​គ្រឹះ​ហិរញ្ញវត្ថុ ដើម្បី​ឲ្យ​យើង​អាច​ចូល​និវត្ត នៅ​កន្លែង​ដែល​ល្អ​អស្ចារ្យ បន្សល់​ទុក​កេរមរតក ឬ​ស្វែង​រក​ការ​កម្សាន្ត​ចិត្ត ក្នុង​គណនី​សន្សំ​នៅ​ធនាគារ​នោះ​ឡើយ។ ផ្ទុយ​ទៅ​វិញ ព្រះ​អង្គ​បាន​ត្រាស់​ហៅ​យើង​ឲ្យ​ចែក​រំលែក​ទ្រព្យ​សម្បត្តិ​ដែល​ព្រះ​អង្គ​ប្រទាន​យើង​ក្នុង​ពេល​បច្ចុប្បន្ន ដើម្បី​ឲ្យ​អ្នកដទៃ​បាន​ចូល​ទៅ​ក្នុង​ក្តី​អំណរ​នៃ​ព្រះពរ​នោះ ដែល​ជា​ការ​រក​ឃើញ​ការ​ស្កប់​ចិត្ត​ពិត​ប្រាកដ ក្នុង​ព្រះ​ដែល​ជា​អ្នក​ផ្គត់​ផ្គង់។
បើ​យើង​ស្មោះ​ត្រង់ មូល​ហេតុ​ដែល​យើង​ច្រើន​តែ​ជៀស​វាង​ការ​ចែក​រំលែក​ទ្រព្យ​សម្បត្តិ ដោយ​ចិត្ត​សប្បុរស គឺ​ដោយ​សារ​យើង​គិត​ថា ព្រះ​ទ្រង់​ប្រហែល​ជា​ទុក​ឲ្យ​យើង​រីង​ស្ងួត បន្ទាប់​ពី​យើង​បាន​ចែករំលែក​ដល់​គេ​ហើយ។ តែ​ព្រះ​គម្ពីរ​បាន​ធានា​យើង​ថា ព្រះ​ដែល​យក​ព្រះ​ទ័យ​ទុកដាក់​ចំពោះ​យើង កាល​យើង​នៅ​តូច ទ្រង់​ក៏​នឹង​ផ្គត់​ផ្គង់​យើង​នៅ​ពេល​យើង​មាន​វ័យ​ចាស់​ផង​ដែរ (អេសាយ ៤៦:៤)។ 
យើង​អាច​រក​ឃើញ​ក្តី​អំណរ នៅ​ក្នុង​ការ​រំដោះ​ខ្លួន​ចេញ​ចំណង​នៃ​របស់​កម្មសិទ្ធិ​របស់​យើង។ អ្នក​មាន​ឯកសិទ្ធិ និង​ការ​ទទួលខុសត្រូវ​ក្នុង​រស់នៅ​ជា​អ្នក​មាន​ខាង​ការ​ប្រព្រឹត្ត​ល្អ និង​មាន​ចិត្ត​អន្ទះសា​ចង់​ចែករំលែក ទោះ​អ្នក​បាន​ទទួល​ច្រើន ឬ​បាន​តិច​ក្តី។ ចូរ​ទូល​សូម​ព្រះ​ប្រទាន​ព្រះ​គុណ ដើម្បី​ឲ្យ​អ្នក​ចែក​រំលែក​ដោយ​ចិត្ត​ក្លៀវក្លា ដោយ​គ្មាន​ការ​ស្ទាក់​ស្ទើរ និង​ចាំ​ថា អ្នក​មិនអាច​ចែក​រំលែក លើស​ពី​សមត្ថភាព​ដែល​ព្រះ​អង្គ​អាច​ផ្គត់​ផ្គង់​អ្នក​នោះ​ឡើយ។ 


ខ​គម្ពីរ​សញ្ជឹង​គិត៖ ២កូរិនថូស ៩:៦-១៥
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ៖ ២របាក្សត្រ ១៥-១៦ និង​លូកា ៧:២៤-៥០

ប្រភេទ