នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ស្រែករកជំនួយរបស់ព្រះអង្គ

ស្រែករកជំនួយរបស់ព្រះអង្គ

ដោយPatricia Raybon

November 25, 2025

១សាំយ៉ូអែល ៧:៧-១២
ព្រះយេហូវ៉ាទ្រង់បានជួយយើងខ្ញុំ ដរាបដល់ឥឡូវនេះ។ ១សាំយ៉ូអែល ៧:១២ 
កាលប៉ុន្មានឆ្នាំមុន ខ្ញុំចង់ទូលសូមព្រះអម្ចាស់ជួយខ្ញុំបញ្ចប់ការតែងនិពន្ធ ឲ្យទាន់ពេលកំណត់ តែខ្ញុំយល់ឃើញថា ការទូលសូមដូចនេះមិនមែនជាទង្វើដែលសមរម្យទេ។ ខ្ញុំប្រាប់ខ្លួនឯងថា អ្នកដទៃមានតម្រូវការដែលសំខាន់ជាងនេះ ដូចជា បញ្ហាគ្រួសារ វិបត្តិសុខភាព ការខកចិត្តក្នុងការងារ និងតម្រូវការផ្នែកហិរញ្ញវត្ថុជាដើម។ ខ្ញុំក៏ប្រឈមមុខដាក់បញ្ហាទាំងអស់នេះដែរ។ ប៉ុន្តែ ការទូលសូមព្រះអង្គជួយឲ្យខ្ញុំបញ្ចប់ការតែងនិពន្ធឲ្យទាន់ពេលកំណត់ ហាក់ដូចជារឿងតូចតាចពេក សម្រាប់ឲ្យខ្ញុំទូលសូមឲ្យព្រះអង្គជួយ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំក៏បានផ្លាស់ប្តូរទស្សនៈរបស់ខ្ញុំ បន្ទាប់ពីខ្ញុំរកឃើញគំរូជាច្រើនក្នុងព្រះគម្ពីរប៊ីប ដែលក្នុងនោះ ព្រះទ្រង់បានជួយរាស្រ្តរបស់ទ្រង់ ទោះពួកគេជួបបញ្ហាប្រឈមអ្វីក៏ដោយ។ 
ក្នុងរឿងមួយនោះ ពួកអ៊ីស្រាអែលមានការអស់សង្ឃឹម នៅពេលដែលពួកគេប្រឈមមុខដាក់ការវាយប្រហាររបស់ពួកសាសន៍ភីលីស្ទីន នៅក្នុងតំបន់មីសប៉ា។ ពួកអ៊ីស្រាអែលក៏បានអង្វរដល់ហោរាសាំយូអែលថា “សូមកុំឲ្យលោកឈប់លែងអំពាវនាវដល់ព្រះយេហូវ៉ា ជាព្រះនៃយើងរាល់គ្នាឡើយ ដើម្បីឲ្យទ្រង់ជួយសង្គ្រោះយើងរាល់គ្នា ឲ្យរួចពីកណ្ដាប់ដៃនៃពួកភីលីស្ទីន”(១សាំយូអែល ៧:៨)។ ហោរាសាំយូអែលក៏បានឆ្លើយតប ដោយយកកូនចៀមមួយក្បាលមកធ្វើយញ្ញបូជាថ្វាយដល់ព្រះ ដោយទូលអង្វរសូមព្រះអង្គជួយពួកអ៊ីស្រាអែល ហើយព្រះអម្ចាស់ក៏បានឆ្លើយតបការអធិស្ឋានរបស់គាត់(ខ.៩)។
កាលហោរាសាំយូអែល "កំពុងតែថ្វាយដង្វាយដុត នោះពួកភីលីស្ទីនចូលមកដល់ជិតដើម្បីច្បាំងនឹងពួកអ៊ីស្រាអែលហើយ តែនៅថ្ងៃនោះ ព្រះយេហូវ៉ាទ្រង់ធ្វើឲ្យមានផ្គរលាន់ ជាយ៉ាងខ្លាំងត្រង់ពីលើពួកភីលីស្ទីន ឲ្យគេបាក់ទ័ពខ្ចាត់ខ្ចាយចេញ”(ខ.១០)។ 
ក្រោយមក “សាំយូអែល លោកយកថ្មដាក់នៅកណ្ដាលមីសប៉ា នឹងស៊េន ហើយក៏ហៅថ្មនោះ ឈ្មោះថា អេបេន-អេស៊ើរ ដោយថា ព្រះយេហូវ៉ាទ្រង់បានជួយយើងខ្ញុំ ដរាបដល់ឥឡូវនេះ”(ខ.១២)។ ហោរាសាំយូអែលបានយកថ្មដាក់នៅទីនោះ ទុកជាការរំឭកអំពីការដែលព្រះទ្រង់ជួយរាស្រ្តទ្រង់។ អេបេន-អេស៊ើ មានន័យថា “ថ្មនៃការជួយសង្គ្រោះ”។
ការទូលសូមព្រះអង្គជួយយើង គឺជាទង្វើដ៏ត្រឹមត្រូវជានិច្ច ទោះក្នុងរឿងតូច ឬធំក្តី។ ចូរយើងស្រែករកព្រះអង្គ នៅថ្ងៃនេះ។—Patricia Raybon

តើអ្នកត្រូវការជំនួយអ្វីពីព្រះអង្គ? តើហេតុអ្វីអ្នកចាំបាច់ត្រូវស្រែករកព្រះអង្គ? 
ឱព្រះនៃសេចក្តីស្រឡាញ់ សូមព្រះអង្គជួយទូលបង្គំនៅថ្ងៃនេះ។ ទូលបង្គំត្រូវការព្រះអង្គ!
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ២៤-២៦ និង ១ពេត្រុស ២
 

ល្ងាច

រស់នៅ​ស្របតាម​សេចក្តី​ពិត  (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

រស់នៅ​ស្របតាម​សេចក្តី​ពិត (សៀវភៅសេចក្ដីពិតសម្រាប់ជីវិត)

ដោយAlistair Begg

November 25, 2025

«បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម​នោះ​មាន​ពរ​ហើយ» (យ៉ូហាន ១៣:‌១៧)។
តើ​អ្នក​អាច​ប្រាប់​អំពី​ពេល​ដែល​មនុស្ស​ម្នាក់​ដែល​អ្នក​មិន​ស្គាល់​ដើរ​មក​រក​អ្នក​ភ្លាមៗ ហើយ​សួរ​អ្នក​អំពី​មូល​ហេតុ​ដែល​អ្នក​ជឿ​ព្រះ​យេស៊ូវ​គ្រីស្ទ និង​ជំនឿ​គ្រីស្ទាន​ដែរ​ឬទេ? ខ្ញុំ​ស្រមៃ​ថា អ្នក​មាន​បទ​ពិសោធន៍​មិន​ច្រើន​ទេ ទាក់​ទង​នឹង​រឿង​នេះ។ យើង​ត្រូវ​ត្រៀម​ខ្លួន​សម្រាប់​ការ​សន្ទនា​ដូច​នេះ ជាក់​ស្ដែង​សាវ័ក ពេត្រុស បាន​ប្រាប់​យើង​ឲ្យ​ត្រៀម​ខ្លួន​ជាស្រេច ដើម្បី​ប្រាប់​គេ​អំពី​មូល​ហេតុ​ដែល​យើង​មាន​ក្តី​សង្ឃឹម (១ពេត្រុស ៣:‌១៥)។ ប៉ុន្តែ ភាគ​ច្រើន យើង​មាន​ឱកាស​ពន្យល់​អំពី​ជំនឿ​របស់​យើង​មិន​មែន​នៅ​ក្នុង​ការ​ជួប​ដោយ​ចៃដន្យ​ជាមួយ​មនុស្ស​ដែល​យើង​មិន​ស្គាល់​នោះ​ទេ តែ​នៅ​ក្នុង​របៀប​ដែល​យើង​រស់នៅ​ជា​រៀង​រាល់​ថ្ងៃ នៅ​ចំពោះ​មុខ​មនុស្ស​ដែល​យើង​ស្គាល់​ច្បាស់។ 
របៀប​ដែល​យើង​រស់​នៅ និង​ការ​អ្វី​ដែល​យើង​ជឿ​គួរ​តែ​បាន​ឆ្លុះ​បញ្ចាំង​អំពី​ចំណង​ទំនាក់​ទំនង​ដែល​យើង​មាន​ជាមួយ​ព្រះ​គ្រីស្ទ។ នេះ​ជា​មូល​ហេតុ​ដែល​សាវ័ក ពេត្រុស មាន​ប្រសាសន៍​ថា គ្រីស្ទ​បរិស័ទ​គឺ​ជា «រាស្ត្រ​ដ៏​ជា​កេរ្តិ៍​អាករ​នៃ​ព្រះ» (១ពេត្រុស ២:៩)។ ទំនាក់​ទំនង​ដែល​យើង​មាន​ជាមួយ​ព្រះ​យេស៊ូវ​ក្នុង​នាម​យើង​ជា​អ្នក​នៅ​ជាប់​ក្នុង​ព្រះ​អង្គ និង​ជា​កម្មសិទ្ធិ គឺ​អាច​ឲ្យ​យើង​យល់​បាន។ បាន​សេចក្តី​ថា យើង​មិនអាច​ជឿ​អ្វី​ក៏​បាន​តាម​ទំនើង​ចិត្ត ហើយ​យើង​អាច​មាន​ទស្សនៈ​អំពី​ទំនាក់​ទំនង​ប្ដី​ប្រពន្ធ រឿង​ផ្លូវ​ភេទ បញ្ហា​ហិរញ្ញវត្ថុ ឬអ្វី​ផ្សេង​ទៀត តាម​ការ​នឹកឃើញ​របស់​យើង​ឡើយ។ ទស្សនៈ​របស់​យើង​គឺ​ត្រូវ​ឆ្លុះបញ្ចាំង​អំពី​ព្រះ​យេស៊ូវ​ដែល​ទ្រង់​ជា​ព្រះ​មេស្ស៊ី និង​ជា​គ្រូ​របស់​យើង។ តែ​ព្រះ​អង្គ​គ្រាន់​តែ​សព្វ​ព្រះ​ទ័យ​ឲ្យ​ពួក​សាវ័ក​របស់​ទ្រង់ ស្គាល់​សេចក្តី​ពិត​ប៉ុណ្ណោះ​ទេ។ ពួក​គេ​ក៏​ចាំបាច់​ត្រូវ​រស់នៅ​ស្រប​តាម​សេចក្តី​ពិត​ដែល​ថា «បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម​នោះ​មាន​ព​រហើយ»។ ការ​ជឿ​ត្រូវតែ​នាំ​ឲ្យ​មាន​ការ​ប្រព្រឹត្ត​ល្អ។ យើង​ក៏​មិន​អាច​មាន​អាកប្បកិរិយា​ដាក់​អ្នក​ដទៃ តាម​ទំនើង​ចិត្ត​ឡើយ។ ការ​ប្រព្រឹត្ត​របស់​យើង​ត្រូវ​តែ​ឆ្លុះ​បញ្ចាំង​អំពី​ព្រះ​យេស៊ូវ ដែល​ជា​ព្រះ​អង្គ​សង្គ្រោះ​ដែល​បាន​លះ​បង់​ព្រះ​ជន្ម។
សាសនា​ជា​ច្រើន និង​ទស្សនៈ​វិជ្ជា​ដែល​មិន​ជឿ​ព្រះ​ក្នុង​សម័យ​បច្ចុប្បន្ន មិន​បាន​តម្រូវ​ឲ្យ​អ្នក​មាន​របៀប​រស់នៅ តាម​បែប​ណា​មួយ​ទេ ពោល​គឺ​ពួក​គេ​បើក​ឲ្យ​អ្នក​រស់នៅ​តាម​ទំនើង​ចិត្ត។ (តាម​ពិត ពួក​គេ​ជា​ច្រើន​បាន​បង្កើត​គោល​ការណ៍​ណែនាំ​ថា អ្នក​អាច​ធ្វើ​អ្វី​ដែល​ហាក់ដូចជា​ត្រឹមត្រូវ​ចំពោះ​អ្នក)។ ប៉ុន្តែ ការ​ត្រាស់​ហៅ​ឲ្យ​គ្រីស្ទ​បរិស័ទ​រស់​នៅ​ជា​សិស្ស​របស់​ព្រះ​គ្រីស្ទ មាន​ភាព​ខុស​ប្លែក​ពី​គោល​ការណ៍​នេះ​ទាំង​ស្រុង ព្រោះ​ចំណុច​ស្នូល​នៃ​ភាព​ជា​សិស្ស​នេះ គឺ​ជា​ការ​ត្រាស់​ហៅ​ឲ្យ​ដើរ​តាម​ក្សត្រ​មួយ​អង្គ​ដែល​មិន​មែន​ជា​ខ្លួន​យើង​ទេ។ ការ​ត្រាស់​ហៅ​ឲ្យ​រស់​នៅ​ជា​គ្រីស្ទ​បរិស័ទ គឺ​មិន​គ្រាន់តែ​ជា​ការ​ជឿ​ដំណឹង​ល្អ តែ​ក៏ «ប្រព្រឹត្ត​បែប​គួរ​នឹង​ដំណឹង​ល្អ​របស់​ព្រះ​គ្រីស្ទ» (ភីលីព ១:២៧)។
យើង​រាល់​គ្នា​សុទ្ធ​តែ​មាន​ចំណុច​ខ្វះ​ខាត។ តើ​អ្នក​មាន​នរណា​ម្នាក់​ជួយ​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​អាច​ជួយ​ពិនិត្យ​មើល​អាកប្បកិរិយា​ណា​ខ្លះ​ដែល​មិន​ស័ក្តិសម​នឹង​ដំណឹងល្អ​ឬទេ? ចូរ​យើង​ពួត​ដៃ​គ្នា​ជាមួយ​បង​ប្អូន​ប្រុស​ស្រី​ក្នុង​ព្រះ​គ្រីស្ទ ដោយ​បញ្ចេញ​ពន្លឺ​នៃ​ព្រះ​បន្ទូល​ព្រះ​ដល់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ព្យាយាម​ធ្វើ​ឲ្យ​គេ​មើល​ឃើញ​សេចក្តី​ពិត​រស់​ក្នុង​យើង។ 
ពួក​ជំនុំ​នៃ​ព្រះ គឺ​ជា​ឧបករណ៍​ជា​បឋម​ដែល​ព្រះ​ទ្រង់​ប្រើ ដើម្បី​ឈោង​ចាប់​លោកីយ៍​របស់​ព្រះ​អង្គ។ អ្នក​ជា​ផ្នែក​មួយ​នៃ​ពួកជំនុំ។ តែ​បើ​អ្នក​មិន​រស់​នៅ​ស្រប​តាម​ដំណឹងល្អ​ទេ កុំ​រំពឹង​ថា មនុស្ស​នៅ​ជុំវិញ​អ្នក​នឹង​សួរ​អ្នក​អំពី​ដំណឹង​ល្អ​នោះ​ឡើយ ព្រោះ​ពួក​គេ​កាន់តែ​មិន​ចង់​ប្រែ​ចិត្ត និង​ជឿ​ដំណឹង​ល្អ៖
អ្នក​កំពុង​សរសេរ​ដំណឹង​ល្អ 
មួយ​ថ្ងៃ​មួយ​ជំពូក 
តាម​រយៈ​ការ​ប្រព្រឹត្ត​របស់​អ្នក
តាម​រយៈ​ពាក្យ​សម្ដី​របស់​អ្នក។
មនុស្ស​អាន​ដំណឹងល្អ​ដែល​អ្នក​សរសេរ
ទោះ​ដោយ​ចិត្ត​ស្មោះ​ត្រង់ ឬ​អត់​ក្តី
ចូរ​និយាយ​ចេញ​មក! តើ​ដំណឹងល្អ​ជា​អ្វី
បើ​យោង​តាម​ជីវិត​អ្នក?125


ខ​គម្ពីរ​សញ្ជឹងគិត៖ យ៉ូហាន ១៣:៣១-៣៥
គម្រោង​អាន​ព្រះ​គម្ពីរ​រយៈ​ពេល១ឆ្នាំ៖ ២របាក្សត្រ ១៣-១៤ និង​លូកា ៧:១-២៣

ប្រភេទ