ការ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​អ្នក

ម៉ាថាយ ៥:៤៣-៤៨ ប៉ុន្តែ ខ្ញុំ​ប្រាប់​ថា ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ …ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នកណា​ដែល​ធ្វើទុក្ខ​បៀតបៀន​ដល់​អ្នក​រាល់​គ្នា​វិញ​។ ម៉ាថាយ ៥:៤៤ សង្គ្រាម​ស៊ីវិល​អាមេរិក​បាន​បណ្តាល​ឲ្យ​ប្រជាជន​មាន​ចិត្ត​ជូរ​ល្វីង​ចំពោះ​គ្នា​ទៅវិញ​ទៅមក។ លោក​ប្រធាន​ធិបតី អ័ប្រាហាំ លីនខិន(Abraham Lincoln) បាន​យល់​ឃើញថា គាត់​គួរតែ​និយាយ​ពាក្យ​សម្តី​ល្អៗ ទៅ​កាន់​ពួក​ខ្មាំង​សត្រូវ នៅ​ក្នុង​ភាគ​ខាង​ត្បូង​នៃ​សហរដ្ឋអាមេរិក​។ ស្រ្តី​ម្នាក់​ដែល​មាន​ការ​ភ្ញាក់​ផ្អើល​ក៏បាន​សួរ​គាត់​ថា ហេតុ​អ្វី​គាត់​និយាយ​ពាក្យ​ល្អៗ​ទៅ​កាន់​សត្រូវ​យ៉ាង​ដូច​នេះ​។ គាត់​ក៏​បាន​ឆ្លើយ​តប​ថា “លោក​ស្រី ពេល​ដែល​ខ្ញុំ​ធ្វើ​ឲ្យ​សត្រូវ​ក្លាយ​ជា​មិត្ត តើ​ខ្ញុំ​មិន​បាន​ឈ្នះ​ពួក​គេ​ទេឬ?” ប៉ុន្មាន​សតវត្សរ៍​ក្រោយមក លោក​គ្រូ ម៉ាទីន លូស័រ ឃីង(Martin Luther King Jr) បាន​នឹក​ចាំ​អំពី​ពាក្យ​សម្តី​ដ៏​មានន័យ​នេះ ហើយក៏​បាន​មាន​ប្រសាសន៍​ថា “នេះ​ជា​អំណាច​នៃ​សេចក្តី​ស្រឡាញ់​ដែល​ប្រោស​លោះ”។ នៅ​ក្នុង​ការ​អំពាវនាវ​ឲ្យ​អ្នកជឿ​ព្រះគ្រីស្ទ​ស្រឡាញ់​ខ្មាំង​សត្រូវ​របស់​ខ្លួន លោក​ឃីង​ក៏បាន​មើលទៅ​ការ​បង្រៀន​របស់​ព្រះអង្គ​។ គាត់​បាន​កត់​សំគាល់​ឃើញថា អ្នក​ជឿ​ប្រហែល​ពិបាក​ស្រឡាញ់​អ្នក​ដែល​បៀតបៀន​ពួ​កគេ តែ​សេចក្តី​ស្រឡាញ់​នេះ​កើត​ចេញពី “ការ​ចុះ​ចូល​បំណង​ព្រះទ័យ​ព្រះ ទាំងស្រុង និង​ជាប់​លាប់​។ លោក​ឃីង ក៏​បាន​លើកយក​សេចក្តី​បង្រៀន​របស់​ព្រះយេស៊ូវ នៅ​លើ​ភ្នំ​មក​ចែក​ចាយ ដែល​ក្នុង​នោះ ព្រះអង្គ​មាន​បន្ទូល​ថា “ត្រូវ​ស្រឡាញ់​ពួក​ខ្មាំង​សត្រូវ … ហើយ​ត្រូវ​អធិស្ឋាន ឲ្យ​អ្នកណា​ដែល​ធ្វើទុក្ខ​បៀតបៀន​ដល់​អ្នក​រាល់​គ្នា​វិញ ដើម្បី​ឲ្យ​បាន​ធ្វើ​ជា​កូន​របស់​ព្រះវរបិតា​នៃ​អ្នក​រាល់​គ្នា ដែល​គង់នៅ​ស្ថាន​សួគ៌”(ម៉ាថាយ ៥:៤៤-៤៥)។…