រឿងនិទានពីរក្នុងទីក្រុងតែមួយ
បទគម្ពីរយ៉ូណាសអាចដកស្រង់ចេញខ្សែវីដេអូមួយរឿងបាន។ សាច់រឿងនេះស្តីអំពីហោរាម្នាក់រត់គេចពីព្រះជាម្ចាស់ រួចត្រូវព្យុះបក់បោកប៉ះ ហើយត្រីធំក៏លេបគាត់ចូលក្នុងពោះទៀត តែព្រះជាម្ចាស់បានទុកជីវិតគាត់ គាត់នាំប្រជាជននៅក្នុងទីក្រុងមួយប្រែចិត្ត។ តែសាច់រឿងបន្តទៀតនៅក្នុងគម្ពីរណាហ៊ុម មិនសូវមានគេស្គាល់ទេ។ លោកណាហ៊ុមបំពេញព័ន្ធកិច្ចនៅក្រុងនីនីវ៉េ គឺដូចជាលោកយ៉ូណាសដែរ ប្រហែលជា១០០ឆ្នាំក្រោយមក។ ពេលនោះប្រជាជនក្រុងនីនីវ៉េមិនខ្វល់ពីការប្រែចិត្តឡើយ ហេតុដូច្នេះហើយ លោកណាហ៊ុមបានថ្កោលទោសពួកគេ ហើយប្រកាសពីការជំនុំជំរះទីក្រុងនោះ។ ចំពោះអ្នកក្រុងដែលមិនប្រែចិត្ត លោកប្រកាសថា៖ «ព្រះយេហូវ៉ាទ្រង់យឺតនឹងខ្ញាល់ ហើយមានព្រះចេស្តាយ៉ាងធំ ទ្រង់មិនលះលែងទោសរបស់មនុស្សឡើយ» (ណាហ៊ុម ១:៣)។ ទោះជាយ៉ាងនេះក្តី ក៏លោកបានប្រកាសព្រះរាជសារពេញដោយក្តីមេត្តា។ ដើម្បីលួងលោមចិត្តជនជាតិយូដា លោកបានប្រកាសថា៖ «ព្រះយេហូវ៉ាទ្រង់ល្អ ទ្រង់ជាទីពឹងមាំមួននៅគ្រាលំបាក ក៏ស្គាល់អស់អ្នកដែលយកទ្រង់ជាទីពឹងផ្អែក» (ណាហ៊ុម១:៧)។ តាមរយៈរឿងរបស់លោកយ៉ូណាស និងណាហ៊ុម យើងបានឃើញមនុស្សជំនាន់ថ្មីកើតឡើង ហើយពួកគេបានឆ្លើយតបចំពោះព្រះជាម្ចាស់។ ជីវិតខាងវិញ្ញាណរបស់មនុស្សម្នាក់មិនអាចផ្ទេរទៅមនុស្សម្នាក់ទៀតបានទេ យើងត្រូវតែជ្រើសរើសបម្រើព្រះជាម្ចាស់ចេញពីដួងចិត្តយើងផ្ទាល់។ ព្រះបន្ទូលទ្រង់នៅតែថ្មីស្រស់នៅថ្ងៃនេះ ដូចជារាប់រយឆ្នំាមុនដែរ ដូចជាការជំនុំជំរះពួកមនុស្សមិនប្រែចិត្ត តែទ្រង់មានក្តីមេត្តាចំពោះពួកមនុស្សប្រែចិត្ត។ តែអ្នកនឹងរើសយកមួយណា? Dennis Fisher
Read article