ប្រឈមមុខនឹងភាពភ័យខ្លាច
អ្នកម្តាយម្នាក់ប្រាប់កូនប្រុសអាយុ៥ឆ្នាំ អោយទៅយកស៊ុបប៉េងប៉ោះមួយកំប៉ុងនៅក្នុងទូរ។ កូនប្រុសបដិសេធនិងតវ៉ាថា៖ «វាងងឹតណាស់នៅទីនោះ»។ ម្តាយប្រាប់ចន្នីជាកូនថា៖ វាមិនអីទេ កុំខ្លាចអី។ ព្រះយេស៊ូនៅទីនោះ។ ដូច្នេះ ចន្នីបើកទ្វារយឺតៗ ហើយឃើញថា វាងងឹតមើលមិនឃើញសោះ ចន្នីស្រែកថា៖ «ព្រះយេស៊ូអើយ ជួយហុចស៊ុបប៉េងប៉ោះខ្ញុំមួយកំប៉ុង?»។ សាច់រឿងដ៏គួរអោយអស់សំណើចនេះ ធ្វើអោយខ្ញុំនឹកដល់លោកគេឌាន។ ព្រះអម្ចាស់លេចមកគេឌាន ដោយហៅគាត់ថា៖ «នែអ្នកពូកែក្លាហានអើយ ព្រះយេហូវ៉ាទ្រង់គង់ជាមួយនឹងឯង» (ចៅហ្វាយ ៦:១២) ហើយគាត់អោយរំដោះជនជាតិអ៊ីស្រាអែលចេញពីកណ្តាប់ដៃរបស់ពួកម៉ាឌាន(ខ១៤)។ តែគេឌានទូលព្រះអម្ចាស់ថា៖ «ទូលបង្គំជាគ្រួក្រជាងគេក្នុងពួកម៉ាណាសេ ហើយទូលបង្គំក៏ជាអ្នកតូចបំផុតក្នុងពួកផ្ទះឪពុកទូលបង្គំផង» (ខ១៥)។ ទោះជាព្រះអម្ចាស់មានបន្ទូលតបថា៖ «អញនឹងនៅជាមួយនឹងឯង ឯងនឹងវាយសាសន៍ម៉ាឌាន ដូចជាវាយនឹងមនុស្សតែម្នាក់» (ខ១៦) តែគាត់នៅតែភ័យខ្លាច។ នោះគាត់ទទូចសុំទ្រង់សម្តែងព្រះគុណ និងទីសំគាល់អោយគាត់បានដឹងផង(ខ១៧; ៣៦-៤០)។ ដូច្នេះហេតុអ្វីបានជាព្រះអម្ចាស់ហៅគេឌានដែលភ័យខ្លាចថា អ្នកពូកែក្លាហានទៅវិញ? ពីព្រោះថ្ងៃមួយគេឌាននឹងក្លាយជាមនុស្សក្លាហានដោយសារទ្រង់ជួយគាត់។ យើងមិនខុសពីគេឌានដែលសង្ស័យពីសមត្ថភាព និងសក្តានុពលរបស់ខ្លួន។ តែកុំអោយសង្ស័យថា ព្រះជាម្ចាស់មិនអាចធ្វើអ្វីនឹងអ្នកបានឡើយ បើកាលណាយើងទុកចិត្ត និងស្តាប់បង្គាប់ទ្រង់។ ព្រះរបស់គេឌានក៏ដូចជាព្រះរបស់យើងដែរ បើព្រះអាចជួយគេឌានបាន ព្រះអង្គក៏អាចជួយយើងបានដែរ។ Albert Lee
Read article