ការស្វែងរកភាពស្ងប់ស្ងាត់

កញ្ញាមេក ហាត់ឈីងសិន(Meg Hutchinson) ដែល​ជា​អ្នក​ចម្រៀង​មួយ​រូប បាន​និយាយ​ថា “បទ​ចម្រៀង​បន្ទាប់​ដែល​ខ្ញុំ​នឹង​ថត គឺ​ជា​បទ​ដែល​​មាន​​តែ​ភាព​ស្ងប់​ស្ងាត់ រយៈ​ពេល​៤៥​នាទី ព្រោះ​នោះ​ជា​អ្វី​ ដែល​​មនុស្ស​ភាគ​ច្រើន​​មិន​មាន នៅ​ក្នុង​សង្គម​យើង” ។

គេ​ពិត​ជា​ពិបាក​ស្វែង​រក​ភាព​ស្ងប់​ស្ងាត់​​ណាស់ ។ គេ​ទទួល​ស្គាល់​ថា ទីក្រុង​ទាំង​ឡាយ មាន​ពេញ​ទៅ​ដោយ​សំឡេង​រំខា​ន​​យ៉ាង​ខ្លាំង ព្រោះទីក្រុង​ជា​ទី​ប្រជុំ​នៃ​​​ការ​​ធ្វើ​ចរាចរណ៍​ និង​មនុស្ស ។​ គេ​ហាក់​ដូចជា​មិន​អាច​គេច​ចេញ​ពីសំឡេង​តន្រ្តី​លាន់​រំពង សម្លេង​ម៉ាស៊ីន​ទ្រហឹង និង​ស​ម្លេង​ឮ​ៗ​ដទៃ​ទៀត​ឡើយ ។ ប៉ុន្តែ ប្រភេទ​នៃសំឡេង​ដែល​ធ្វើ​ឲ្យ​មាន​គ្រោះ​ថ្នាក់ ដល់​សុខ​ភាព​ខាង​វិញ្ញាណ​របស់​យើង គឺ​មិន​មែន​ជាសំឡេង ដែល​យើង​មិន​អាច​គេច​ចេញ​នោះ​ឡើយ តែ​ជាសំឡេង​ដែល​យើង​បាន​អញ្ជើញ​ឲ្យ​ចូ​​ល​ ក្នុង​ជីវិត​របស់​ខ្លួន ។​ មាន​អ្នក​ខ្លះ​ប្រើសំឡេង ដើម្បី​បំបាត់​ភាព​ឯកកោ ដូច​ជាសំឡេង​ទូរទស្សន៍ និង​វិទ្យុ ដែល​នាំ​ឲ្យ​យើង​ច្រឡំ​ថា​ មាន​អ្នក​នៅ​កំដរ​យើងជា​ដើម ។​ អ្នក​ខ្លះ​ទៀត​ប្រើសំឡេង ដើម្បី​ជួ​យ​ឲ្យ​ខ្លួន​ឯង​ឈប់​គិត គឺ​ដូច​ជាសំឡេង​ដទៃ​ទៀត ឬ​យោបល់ ដែល​ធ្វើ​ឲ្យ​យើង​ឈប់​គិត​អំពី​ខ្លួន​ឯង ។ ចំណែក​ឯ​អ្នក​ខ្លះ​ទៀត​បាន​ប្រើសំឡេង ដើម្បី​កុំ​ឲ្យ​ខ្លួន​ស្តាប់​ឮសំឡេង​ព្រះ គឺដោយ​​ការ​ជជែកគ្នា​​ឥត​ឈប់​របស់​ខ្លួន ។ សូម្បី​តែ​នៅ​ពេល​យើង​កំពុង​ជជែក​គ្នា​អំពី​ព្រះ​ក៏​ដោយ ក៏សំឡេង​នេះ​បាន​រារាំង​មិន​ឲ្យ​យើង​ស្តាប់​ឮ​ព្រះ​មាន​បន្ទូល​មក​កាន់យើងផង​ដែរ ។​

ប៉ុន្តែ​ ព្រះ​យេស៊ូវ​បាន​​យាង​ទៅ​​​កន្លែង​ស្ងប់​ស្ងាត់ ដើម្បី​បន្ត​ការ​សន្ទនា​ជា​មួយ​ព្រះ​វរបិតា (ម៉ាកុស ១:៣៥) ទោះ​បី​ជា​ពេលនោះ ទ្រង់​កំពុង​មាន​ការ​រវល់​បំផុត​ក៏​ដោយ។ ទោះ​បី​ជា​យើង​មិន​អាច​រក​បាន​កន្លែង​ដ៏​ស្ងប់ស្ងាត់​ មួយ​រយភាគ​រយ​ក៏​ដោយ ក៏​យើង​ចាំ​បាច់​ត្រូវ​ស្វែង​រក​កន្លែង​ស្ងប់​ស្ងាត់​សម្រាប់​វិញ្ញាណ​របស់​យើង​ដែរ(ទំនុកតម្កើង ១៣១​:២) គឺ​កន្លែង ដែល​យើង​អាច​ផ្តោត​ទៅ​រក​ព្រះ​ទាំង​ស្រុង ។​ – Julie Ackerman Link

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles