ថ្មីៗនេះ ខ្ញុំបានអានបទគម្ពីរទំនុកតម្កើងជំពូក១៣១ ដែលស្ថិតនៅក្នុងចំណោមបទទំនុកតម្កើង ដែលខ្ញុំចូលចិត្តជាងគេ ។ កាលពីមុន ខ្ញុំគិតថា បទគម្ពីរនេះបានលើកទឹកចិត្តឲ្យខ្ញុំយល់ថា សេចក្តីអាថ៌កំបាំង ជាលក្ខណៈពិសេសមួយ នៅក្នុងចំណោម លក្ខណៈសម្បតិ្តរបស់ព្រះ ។ បទគម្ពីរនេះបានលើកទឹកចិត្តខ្ញុំ ឲ្យមានការសម្រាក់នៅក្នុងគំនិត ពេលដែលខ្ញុំអាចយល់ថា ព្រះទ្រង់កំពុងធ្វើការរបស់ទ្រង់ ក្នុងសកលលោកដែលទ្រង់បានបង្កើត ។
ទោះជាយ៉ាងណាក៏ដោយ ក្រោយមក ខ្ញុំក៏បានសង្កេតឃើញថា ស្តេចដាវីឌក៏បានបើកសម្តែងអំពីផ្នែកម្ខាងទៀត នៃវិញ្ញាណស្ងប់រំងាប់របស់ទ្រង់ ឲ្យខ្ញុំបានដឹងថា ខ្ញុំមិនអាចយល់អំពីការគ្រប់យ៉ាងដែលព្រះកំពុងធ្វើក្នុងខ្ញុំឡើយ ទោះបីជាខ្ញុំព្យាយាមស្វែងយល់យ៉ាងណាក៏ដោយ ។
ស្តេចដាវីឌបានធ្វើការប្រៀបប្រដូច កូនដែលផ្តាច់ដោះ(ដែលលែងមានតម្រូវការដូចមុន) ទៅនឹងវិញ្ញាណដែលបានរៀននូវមេរៀនដដែល។ ការប្រៀបប្រដូចនេះ គឺជាការត្រាសហៅឲ្យខ្ញុំរៀនបន្ទាបខ្លួន អត់ធ្មត់ និងស្កប់ចិត្ត ទោះស្ថិតក្នុងស្ថានភាពណាក៏ដោយ ហើយទោះបីជាខ្ញុំមិនបានយល់អំពីហេតុផលរបស់ព្រះក៏ដោយ ។ គំនិតរបស់ខ្ញុំមិនអាចយល់អំពីហេតុផលរបស់ព្រះឲ្យអស់ឡើយ ។
ពេលដែលខ្ញុំសួរថា “តើហេតុអ្វីបានជាខ្ញុំត្រូវរងទុក្ខយ៉ាងដូចនេះ? ហេតុអ្វីបានជាខ្ញុំមានការថប់បារម្ភយ៉ាងនេះ?” ព្រះវរបិតាទ្រង់ក៏បានឆ្លើយថា “ឱកូនសំឡាញ់អើយ ទោះបិតាពន្យល់កូន ក៏កូននៅតែមិនអាចយល់បានដែរ ។ ចូរគ្រាន់តែទុកចិត្តលើបិតាចុះ !”
ដូចនេះ ពេលដែលខ្ញុំបានពិចារណាអំពីគំរូរបស់ស្តេចដាវីឌហើយ ខ្ញុំក៏សួរខ្លួនឯងថា តើខ្ញុំអាច“ទុកចិត្តលើព្រះអម្ចាស់” ក្នុងស្ថានភាពដែលខ្ញុំកំពុងជួបប្រទះឬទេ?(ខ.៣)។ តើខ្ញុំអាចរង់ចាំ ដោយសេចក្តីជំនឿ និងការអត់ធ្មត់ ដោយគ្មានជិនណាយ និងសង្ស័យ អំពីប្រាជ្ញារបស់ព្រះឬទេ? តើខ្ញុំអាចទុកចិត្តទ្រង់ នៅពេលដែលទ្រង់កំពុងធ្វើការល្អក្នុងខ្ញុំ តាមបំណងព្រះទ័យដែលអាចទទួលយកបាន និងល្អឥតខ្ចោះដែរឬទេ? – David Roper