ភាពមិនគ្រប់លក្ខណ៍
តារាភាពយន្តដ៏ល្បីល្បាញម្នាក់ បានអត្ថាធិប្បាយថា គាត់ចូលចិត្តសម្តែងតួ “ដែលមិនល្អឥតខ្ចោះ” នៅក្នុងខ្សែភាពយន្ត ព្រោះទស្សនិកជន នឹងមានការយល់ដឹងច្បាស់ជាង អំពីតួអង្គដែលមិនល្អឥតខ្ចោះ។ មនុស្សយើងភាគច្រើនយល់ថា ការយល់ដឹងអំពីមនុស្សដែលមិនល្អឥតខ្ចោះ គឺមានភាពងាយស្រួលជាង ព្រោះយើងដឹងថា ខ្លួនយើង មិនល្អឥតខ្ចោះឡើយ។ នៅក្នុងរឿង ដែលបានកត់ទុកក្នុងព្រះគម្ពីរ ព្រះបានរាប់បញ្ចូលមនុស្សដែលមានល្បិចកល មានភាពខ្សោយ មិនអាចទុកចិត្តបាន ហើយមានកំហឹង។ ឧទាហរណ៍ លោកយ៉ាកុប ជាអ្នកដែលបានបោកប្រាស់ឪពុករបស់ខ្លួន ដើម្បីឲ្យបានទទួលព្រះពរ(លោកុប្បត្តិ ២៧:១-២៩)។ បន្ទាប់មក មានមនុស្សម្នាក់ទៀត គឺលោកគេឌាន ដែលមិនបានជឿព្រះច្បាស់ ហើយក៏បានសូមឲ្យទ្រង់ធ្វើទីសំគាល់ពីរដង ដើម្បីឲ្យបញ្ជាក់ថា ទ្រង់ពិតជាស្មោះត្រង់ ចំពោះព្រះបន្ទូលសន្យារបស់ទ្រង់មែន(ពួកចៅហ្វាយ ៦:៣៩)។ នៅក្នុងរឿងក្រោយមកទៀត លោកពេត្រុសខ្លាចមានគ្រោះថ្នាក់ បានជាបដិសេធថា មិនស្គាល់មិត្តសម្លាញ់ខ្លួន និងព្រះអម្ចាស់(ម៉ាកុស ១១:៦៦-៧២)។ ប៉ុន្តែ ពេលដែលយើងបានអានសាច់រឿងរបស់ពួកគេ ពីដើមដល់ចប់ នោះយើងសង្កេតឃើញថា អ្នកទាំងនេះអាចជម្នះលក្ខណៈខ្វះខាតរបស់ខ្លួន ដោយជំនួយពីព្រះ ហើយនៅទីបំផុត ពួកគេសុទ្ធតែមានប្រយោជន៍ចំពោះទ្រង់។ នោះជាអ្វីដែលកើតឡើង ពេលដែលពួកគេមិនបានពឹងផ្អែកលើសមត្ថភាពខ្លួនឯង តែបានពឹងផ្អែកព្រះវិញ។ យើងម្នាក់ៗសុទ្ធតែមានភាពមិនគ្រប់លក្ខណ៍ ពីកំណើតមក គឺមិនខុសពីអស់អ្នកដែលបានរស់នៅ ក្នុងសម័យរាប់ពាន់ឆ្នាំមុនទេ។…
Read article