ក្នុងព្រះវិហាររបស់យើង ជាញឹកញាប់ យើងនាំគ្នា ច្រៀងបទដ៏ពិរស របស់លោករ៉ន់(Ron) និងអ្នកស្រី ខារ៉ូល ហារីស(Carol Harris) ដែលមានចំណងជើងថា “នៅកន្លែងនេះ”។ បទនេះផ្តើមដោយពាក្យថា “នៅកន្លែងនេះ មានក្តីស្រឡាញ់ដ៏គ្រប់គ្រាន់សម្រាប់ខ្ញុំ”។
បទនេះបានក្រើនរំឭកខ្ញុំថា ទោះបីជាការជួបជុំគ្នាថ្វាយបង្គំ ជាមួយគ្រីស្ទបរិស័ទដទៃទៀត នាំឲ្យមានការលើកទឹកចិត្តដ៏អស្ចារ្យក៏ដោយ ក៏យើងចាំបាច់ត្រូវដឹងថា ព្រះយេស៊ូវកំពុងមានវត្តមាននៅទីនោះ។ ប៉ុន្តែ ទ្រង់មិនគ្រាន់តែមានវត្តមានជាមួយយើងក្នុងព្រះវិហារប៉ុណ្ណោះទេ តែថែមទាំង នៅក្នុងបន្ទប់ទាំងអស់នៃជីវិតរបស់យើងផងដែរ។
ខ្ញុំមិនដឹង ថាតើអ្នកកំពុងអានអត្ថបទនេះ នៅកន្លែងណាទេ តើនៅក្នុងចង្រ្កានបាយ ក្នុងហាងកាហ្វេ ក្នុងមន្ទីឃុំឃាំង ឬក្នុងបន្ទាយទាហាន? អ្នកប្រហែលជាកំពុងនៅមន្ទីរពេទ្យ ឬនៅក្នុងតុលាការ។ វាអាចជាបន្ទប់មួយ ដែលឆ្លុះ បញ្ចាំង អំពីការអ្វីដែលត្រឹមត្រូវ ក្នុងជីវិតអ្នក ឬជាកន្លែងដែលដំណាងឲ្យការគ្រប់យ៉ាងដែលមិនត្រឹមត្រូវ។ ហើយអ្នកប្រហែលជាមានការភ័យខ្លាច។
បន្ទាប់ពីព្រឹត្តិការណ៍នៃការជាប់ឆ្កាងរបស់ព្រះយេស៊ូវបានបញ្ចប់ទៅ ពួកសិស្សរបស់ទ្រង់ បានជួបជុំគ្នា នៅក្នុងបន្ទប់ធម្មតាមួយ។ សាវ័កយ៉ូហានបានកត់ទុកអំពីការនេះថា “កាលទ្វារទាំងអស់ នៅកន្លែងដែលពួកសិស្សប្រជុំគ្នា បានបិទ(ចាក់គន្លឹះ) ដោយព្រោះខ្លាចសាសន៍យូដា នោះព្រះយេស៊ូវទ្រង់យាងមកឈរនៅកណ្តាលពួកសិស្ស មានព្រះបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខចុះ”(យ៉ូហាន ២០:១៩)។ មួយសប្តាហ៍ក្រោយមក ការនេះ បានកើតឡើងម្តងទៀត ពេលដែលព្រះយេស៊ូវយាងកាត់តាមទ្វារ ដែលពួកគេបានបិទដាក់គន្លឹះ ហើយប្រទាននូវសន្តិភាព តាមរយៈព្រះវត្តមានរបស់ទ្រង់(ខ.២៦-២៩)។
ទោះបីជាអ្នកកំពុងស្ថិតនៅទីណាក៏ដោយ ក៏នៅថ្ងៃនេះ “មានសេចក្តីសង្ឃឹម និងអំណាចដ៏គ្រប់គ្រាន់ ល្មមនឹងអាចបណ្តេញភាពងងឹតចេញ ដ្បិតព្រះយេស៊ូវដ៏ជាអម្ចាស់ ទ្រង់គង់នៅក្នុង បន្ទប់នេះដែរ”។-David McCasland