មានពេលមួយ កូនស្រីរបស់ខ្ញុំ គឺមេលីស្សា(Melisa)កំពុងជាប់រវល់ ត្រៀមខ្លួនសម្រាប់ភាពពេញវ័យ គឺមិនខុសពីមិត្តភ័ក្ររបស់នាងឡើយ។ នៅសាលារៀន នាងបានប្រុងប្រៀបខ្លួនដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ ដោយជ្រើសរើសមុខវិជ្ជាឲ្យបានត្រឹមត្រូវ ហើយបានចុះឈ្មោះប្រលង ដើម្បីចូលរៀននៅសកលវិទ្យាល័យACT។ នៅក្រៅថ្នាក់រៀន មេលីស្សាកំពុងរៀនជំនាញខាង សង្គម ដើម្បីឲ្យនាងមានទំនាក់ទំនងល្អជាមួយអ្នកដទៃ ដោយចំណាយពេលជាមួយមិត្តភ័ក្រ មិត្តរួមថ្នាក់ និងមិត្តរួមក្រុមជាដើម។ នៅកន្លែងធ្វើការវិញ នាងកំពុងរៀនជំនាញទំនាក់ទំនង ដែលនាងចាំបាច់ត្រូវចេះ សម្រាប់ធ្វើការងារពេលអនាគត។ ចំណែកនៅផ្ទះវិញ មេលីស្សាកំពុងត្រៀមខ្លួនសម្រាប់ជីវិតគ្រួសារពេលអនាគត ដោយដកពិសោធអំពីរបៀបដែលគ្រួសារគ្រីស្ទបរិស័ទមានទំនាក់ទំនងនឹងគ្នា។
ការត្រៀមខ្លួនសម្រាប់ការរស់នៅ ជាមនុស្សពេញវ័យ តម្រូវឲ្យមានការខិតខំធ្វើកិច្ចការ ហើយមេលីស្សាក៏កំពុងតែមានការរីកចម្រើនយ៉ាងប្រសើរ ក្នុងការត្រៀមខ្លួននេះ។ ប៉ុន្តែ មានពេលមួយ ការត្រៀមខ្លួនទាំងប៉ុន្មានខាងលើ មិនមែនជាអ្វីដែលនាងត្រូវការឡើយ។ ព្រោះនៅឆ្នាំ ២០០២ ពេលដែលនាងបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់រថយន្ត ក្នុងវ័យ១៧ឆ្នាំ មានតែការត្រៀមខ្លួនចូលនគរស្ថានសួគ៌ប៉ុណ្ណោះ ដែលជាការត្រៀមខ្លួនដ៏សំខាន់ចំពោះនាង។ ពេលដែលការប្រលងដ៏ពិត អំពីការត្រៀមខ្លួនបានមកដល់ភ្លាមៗ នៅពេលល្ងាចថ្ងៃមួយ ក្នុងខែមិថុនាដ៏ស្រស់បំព្រង គឺនៅពេលដែលទ្វារស្ថានសួគ៌បានបើកចំហរសម្រាប់មេលីស្សា នាងមានការត្រៀមខ្លួនរួចជាស្រេចហើយ។ នាងបានទទួលជឿព្រះយេស៊ូវ ហើយបានជឿថា ការលះបង់ព្រះជន្មនៃព្រះយេស៊ូវ នៅលើឈើឆ្កាងបានលោះបាបរបស់នាងហើយ(យ៉ូហាន ៣:១៦ រ៉ូម ៥:៨-៩)។
ពេលមេលីស្សាជួបការល្បងលរនៅទីបំផុត ដើម្បីបញ្ជាក់ពីការត្រៀមខ្លួន នោះនាងមានការត្រៀមខ្លួនរួចជាស្រេចហើយ។ ចុះចំណែកអ្នកវិញ?-Dave Branon