
តើខ្ញុំចូលចិត្តជួយគេច្រើនពេកឬ?
ដោយDavid H. Roper
April 6, 2014
តើ មនុស្សយើង អាចចូលចិត្តជួយគេច្រើនពេកឬ? តើការដែលយើងចូលចិត្តជួយច្រើនពេក អាចធ្វើឲ្យអ្នកដទៃកាន់តែពិបាករស់នៅមែនទេ? ពិតមែនហើយ បើសិនជាការចូលចិត្តជួយច្រើនពេក ក្លាយជាការរំខាន ការឈ្លានពាន ឬធ្វើឲ្យអ្នកដទៃធុញថប់ ឬមួយត្រួតត្រាអ្នកដទៃ ឬគ្រប់គ្រងគេឯងនោះ។ បើយើងជួយអ្នកដទៃ ដោយសារយើងមានចិត្តថប់បារម្ភ នោះមានន័យថា យើងកំពុងតែព្យាយាមជួយខ្លួនឯងទេ។ ដូចនេះ តើធ្វើដូចម្តេច ឲ្យយើងអាចដឹងថា បំណងចិត្ត និងការបម្រើរបស់យើង ពិតជានិមិត្តរូបតំណាងឲ្យសេចក្តីស្រឡាញ់ដ៏ឥតលក្ខខណ្ឌរបស់ព្រះមែន? តើធ្វើដូចម្តេច ឲ្យយើងអាចស្រឡាញ់អ្នកដទៃដោយបំណងចិត្តដ៏បរិសុទ្ធ?(សុភាសិត ១៦:២ ២១:២ និង ១កូរិនថូស ៤:៥)។ ពេលយើងអធិស្ឋាន យើងអាចទូលសូមព្រះអម្ចាស់ ឲ្យបើកបង្ហាញឲ្យយើងដឹង ថាតើយើងកំពុងតែធ្វើឲ្យគេឈឺចាប់ ឬជំពប់ដួលឬទេ(ទំនុកតម្កើង ១៣៩:២៣-២៤)។ យើងអាចទូលសូមឲ្យព្រះអម្ចាស់ជួយយើង ដើម្បីឲ្យយើងអាចបង្ហាញសេចក្តីស្រឡាញ់ ដែលតែងតែអត់ធ្មត់ ហើយក៏សប្បុរស ... មិនចេះឈ្នានីស មិនចេះអួតខ្លួន ក៏មិនដែលមានចិត្តធំផង មិនដែលប្រព្រឹត្តបែបមិនគួរសម មិនដែលរកប្រយោជន៍ផ្ទាល់ខ្លួន មិនរហ័សខឹង មិនប្រកាន់ទោស(១កូរិនថូស ១៣:៤-៥)។ កាលប្រឹងប្រែងជួយអ្នកដទៃ ជាពិសេសមនុស្សដែលយើងស្រឡាញ់ជាងគេ គឺមិនអាចឲ្យយើងជៀសផុតទាំងស្រុង ពីការថប់បារម្ភឡើយ។ ប៉ុន្តែ ដោយសារព្រះគុណព្រះ យើងអាចចាប់ផ្តើមស្រឡាញ់ ដោយសេរី ដោយមិនចង់បានសំណងមកវិញ គឺដូចដែលព្រះអម្ចាស់បានស្រឡាញ់យើងដែរ។ ជាការពិតណាស់ យើងអាចសាកល្បង និងវាស់ស្ទង់មើលការរីកចម្រើនរបស់យើងបាន ដោយពិនិត្យមើលរបៀបដែលយើងឆ្លើយតប ពេលគេមិនទទួលស្គាល់ និងមិនឲ្យរង្វាន់យើង បន្ទាប់ពីបានជួយគេ(លូកា ១៤:១២-១៤)។ ព្រះអម្ចាស់អើយ សូមជួយយើងខ្ញុំឲ្យមានសេចក្តីស្រឡាញ់ ដោយបំណងចិត្តដ៏បរិសុទ្ធ និងដោយគិតប្រយោជន៍អ្នកដទៃ។ សូមជួយឲ្យយើងខ្ញុំស្រឡាញ់ដោយឥតលក្ខខណ្ឌ ដោយមិនគិតតែចង់បានប្រយោជន៍មកវិញ។ _ David Roper
បទគម្ពីរប្រចាំថ្ងៃ
សូមពិនិត្យ មើលឲ្យបានស្គាល់ចិត្តទូលបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ សូមទតមើលបើមានអំពើអាក្រក់ ណានៅក្នុងទូលបង្គំ ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច។-ទំនុកតម្កើង ១៣៩:២៣-២៤