
ទស្សនៈថ្មី អំពីការផ្លាស់ប្តូរ
ដោយJulie Ackerman Link
April 12, 2014
ខ្ញុំធ្លាប់ឮគេនិយាយថា មនុស្សយើងស្អប់ការផ្លាស់ប្តូរ ប៉ុន្តែ ជាទូទៅ យើងមិនចង់មានការផ្លាស់ប្តូរ ពេលដែលយើងយល់ថា ការផ្លាស់ប្តូរនោះធ្វើឲ្យស្ថានភាពរបស់យើងកាន់តែអាក្រក់ ជាជាងធ្វើឲ្យល្អឡើង។ យើងមានចិត្តអន្ទះសាចង់ផ្លាស់ប្តូរការងារ ពេលការផ្លាស់ប្តូរនោះ នាំឲ្យបានប្រាក់ខែ និងឥទ្ធិពលច្រើនជាងមុន។ យើងរីករាយនៅក្នុងការរើទៅនៅផ្ទះដែលធំជាងមុន និងមានទីតាំងល្អជាមុន។ ដូចនេះ យើងមិនបានស្អប់ការផ្លាស់ប្តូរជាទូទៅទេ ពោលគឺយើងស្អប់តែការផ្លាស់ប្តូរ ដែលបណ្តាលឲ្យមានការខាតបង់ ដែលជួនកាល ជាការខាងបង់ខាងសាច់ឈាម ខាងផ្លូវអារម្មណ៍ ឬខាងផ្លូវចិត្ត។ ការផ្លាស់ប្តូរ គឺជាអ្វីដែលយើងមិនអាចជៀសរួច ហើយក៏ជាការចាំបាច់ផងដែរ។ បើអ្វីៗគ្រប់យ៉ាង នៅតែដដែលៗជានិច្ច នោះគ្មាននរណាម្នាក់មានការលូតលាស់ឡើយ។ ប៉ុន្តែ យើងមានអ្នកគង្វាលម្នាក់ ដែលដឹកនាំយើង ឲ្យឆ្លងកាត់ការផ្លាស់ប្តូរ និងនាំយើងទៅកាន់កន្លែងដែលប្រសើរជាងមុន។ ទំរាំតែទៅដល់កន្លែងនោះ យើងអាចជួបការលំបាកជាច្រើន គឺមិនខុសពីការដែលរាស្រ្តអ៊ីស្រាអែល ធ្វើដំណើរចូលទឹកដីសន្យាឡើយ។ ពួកគេរអ៊ូរទាំ ពេលពួកគេជួបស្ថានភាពដែលលំបាកជាងមុន(និក្ខមនំ ១៥:២៤ ជនគណនា ១៤:២)។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវយកគំរូតាមព្រះយេស៊ូវ។ បន្ទាប់ពីទ្រង់ក្លាយជាអ្នកដឹកនាំដែលមានមនុស្សជាច្រើនដើរតាម មិនទាន់បានមួយសប្តាហ៍ផង ទ្រង់ក៏ប្រែក្លាយជាអ្នកដែលត្រូវមនុស្សគ្រប់គ្នាបោះបង់ចោល។ អ្នកគង្វាលដ៏ល្អបានក្លាយជាកូនចៀមដែលត្រូវថ្វាយជាយញ្ញបូជានៅថ្ងៃបុណ្យរំលង នៅចន្លោះពេលថ្ងៃសុក្រនៃស្លឹកចាក និងថ្ងៃអាទិត្យដ៏ល្អ។ ដោយសារព្រះគ្រីស្ទព្រមទទួលការឈឺចាប់ ព្រះក៏បានលើកតម្កើងទ្រង់ឲ្យបានគង់នៅកន្លែងខ្ពស់បំផុត(យ៉ូហាន ១០:១ ភីលីព ២:៨-៩)។ ការផ្លាស់ប្តូរទាំងអស់ មិនមែនសុទ្ធតែនាំឲ្យយើងសប្បាយរីករាយឡើយ ប៉ុន្តែ បើសិនជាមាននរណាម្នាក់ដែលស្រឡាញ់យើង ព្រមដឹកនាំយើង នោះយើងមិនចាំបាច់ត្រូវខ្លាចការផ្លាស់ ប្តូរឡើយ។_ Julie Ackerman Link
បទគម្ពីរប្រចាំថ្ងៃ
ឯខ្ញុំជាអ្នកគង្វាលល្អ ខ្ញុំស្គាល់ចៀមរបស់ខ្ញុំ ហើយចៀមក៏ស្គាល់ខ្ញុំដែរ។- យ៉ូហាន ១០:១៤