ពេលខ្ញុំបើកភ្នែកព្រឹមៗ ខ្ញុំឃើញបន្ទប់គេង នៅងងឹតនៅឡើយ នោះគឺមកពីខ្ញុំក្រោកពីព្រឹកព្រលឹមពេកហើយ។ ខ្ញុំក៏ដកដង្ហើមធំ រួចតម្រៀបខ្នើយកើយ ដោយសង្ឃឹមថានឹងបានគេងវិញ។ តែគួរឲ្យស្តាយណាស់ ខ្ញុំស្រាប់តែនឹកឃើញថា មានកិច្ចការជាច្រើនសណ្ឋិក ដែលត្រូវធ្វើ។ ខ្ញុំចាំបាច់ត្រូវទៅទិញគ្រឿងទេស ត្រូវយកអាហារទៅឲ្យមិត្តសំឡាញ់ម្នាក់ ត្រូវឆ្លើយតបសំបុត្រអ៊ីមេល ត្រូវរៀបចំពេលណាត់ជួបពេទ្យ ។ល។
ប្រសិនបើអ្នកធ្លាប់មានអារម្មណ៍ថា លំបាកហួសហេតុ ហើយមានការព្រួយបារម្ភ អ្នកក៏ដឹងដែរថា ខ្លួនមានអារម្មណ៍យ៉ាងណា ពេលគេងមិនលក់ ហើយបញ្ឈភ្នែកមើលទៅ ពិដាននោះ។ អ្នកនិពន្ធបទទំនុកដំកើង ជំពូក ១១៩ ក៏ធ្លាប់ដកពិសោធនឹងបញ្ហានេះផងដែរ បានជាគាត់ចែងថា “ទូលបង្គំបានភ្ញាក់មុនពេលព្រលឹមស្រាង ហើយបានបន្លឺឡើងថា ទូលបង្គំបានសង្ឃឹម ដល់ព្រះបន្ទូលទ្រង់” (ខ.១៤៧)។
ព្រះបន្ទូលព្រះបានផ្តល់ឲ្យនូវការកម្សាន្តចិត្តដ៏ពិសេស ដល់អ្នកនិពន្ធបទទំនុកតម្កើង នៅយប់ដែលគាត់គេងមិនលក់។ ទោះបីជាគាត់មិនអាចធ្វើឲ្យបញ្ហារបស់គាត់រលាយសាបសូន្យក៏ដោយ ក៏គាត់បានមានប្រសាសន៍ថា “ទូលបង្គំភ្ញាក់មុនអស់ទាំងយាមយប់ ហើយបើកភ្នែកដើម្បីរំពឹងគិតពីព្រះបន្ទូលទ្រង់ (ខ.១៤៨)។ នៅពេលយប់ គាត់ជញ្ជឹងគិតព្រះបន្ទូលទ្រង់ ម្តងហើយម្តងទៀត ក្នុងគំនិតគាត់។ គាត់បានផ្តោតទៅលើព្រះបន្ទូល ជាជាងផ្តោតទៅលើការព្រួយបារម្ភ។ ការនេះ បាននាំឲ្យគាត់ប្រកាសថា “ឱទូលបង្គំស្រឡាញ់ក្រឹត្យវិន័យរបស់ទ្រង់ណាស់” (ខ.៩៧)។
កាលណាទុក្ខព្រួយធ្វើឲ្យអ្នកគេងមិនលក់ ចូរចាំថា “ព្រះបន្ទូលនៃព្រះ នោះរស់នៅ ហើយពូកែផង”(ហេព្រើរ ៤:១២)។ ចូរជ្រើសរើសបទគម្ពីរណាមួយ មកជញ្ជឹងគិតឲ្យបានស៊ីជម្រៅ។ ការព្រួយបារម្ភរបស់យើង មិនអាចឈ្នះព្រះបន្ទូលព្រះឡើយ! _ Jennifer Benson Schuldt