ព្រឹក

ការជួបជុំគ្នា
April 27, 2014
ក្នុងអំឡុងពេលបម្រើការ ជាអ្នកផ្សាយព្រះបន្ទូលក្នុងជួរទ័ព នៅបន្ទាយ YMCA ក្នុងប្រទេសអេស៊ីព្ទ លោកអូសវល ឆេមប័រ(Oswald Chambers ឆ្នាំ១៩១៥-១៩១៧)គាត់បានធ្វើឲ្យប៉ះពាល់ចិត្តទាហានជាច្រើន ដែលក្រោយមក ពួកគេបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១។ នៅថ្ងៃទី៦ វិច្ឆិការ ឆ្នាំ១៩១៦ លោកឆាមប័របានកត់ចុះក្នុងសៀវភៅកំណត់ហេតុថា “យើងទទួលសំបុត្រមួយច្បាប់ ពីមិត្តភ័ក្តម្នាក់ ដែលជាជនជាតិញូហ្សៀឡិន។ គាត់បានប្រាប់ថា លោក ធេដ ស្ត្រែក(Ted Strack)បានពលីជីវិតហើយ។ ដូចនេះ លោក ធេដ ស្ត្រែកបានទៅនៅជាមួយព្រះយេស៊ូវហើយ។” គាត់បានរៀបរាប់ទៀតថា ... លោកធេដ មានរូបសម្បត្តិ និងអត្តចរិតល្អ និងជាពួកបរិសុទ្ធដ៏តូចម្នាក់ ដែលមានចិត្តក្លាហាន គួរជាទីរាប់អាន។ សូមអរគុណព្រះអម្ចាស់ ដែលនៅនឹកចាំពីគាត់ … ពួកគេកំពុងទៅជួបជុំគ្នានៅនគរស្ថានសួគ៌ម្តងមួយៗ”។ ពេលយើងកំពុងកើតទុក្ខចំពោះការស្លាប់របស់អ្នកជាទីស្រឡាញ់ នោះយើងត្រូវប្រកាន់ខ្ផាប់តាមបន្ទូលសន្យារបស់ព្រះយេស៊ូវ អំពីជីវិតអស់កល្បជានិច្ច។ ក័ណ្ឌគម្ពីរវិវរណៈបានកត់ត្រាថា ព្រះបានបើកសម្តែង ឲ្យលោកយ៉ូហានឃើញមនុស្សមួយហ្វូងយ៉ាងធំ គេមកពីគ្រប់សាសន៍ គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅជុំវិញបល័ង្ករបស់ព្រះអម្ចាស់(៧:៩)។ បទគម្ពីរនេះបានពិពណ៌នាអំពីការជួបជុំគ្នាដ៏មានអំណរអស់កល្ប ដែលនឹងកើតមានជាពិត ពេលដែល“កូនចៀមដែលនៅកណ្តាលបល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេទៅដល់រន្ឋទឹកនៃជីវិត (៧:១៧)។ មរណៈភាពនៃអ្នកជឿម្នាក់ៗ នៅក្នុងព្រះគ្រីស្ទ គឺជាការប្រាប់ទុកជាមុន អំពីថ្ងៃដែលយើងនឹងចូលរួមជាមួយពួកគេ នៅក្នុងការជួបជុំជាមួយព្រះអម្ចាស់នៅនគរស្ថានសួគ៌។ បើថ្ងៃនេះយើងមានសេចក្តីទុក្ខ នោះសូមយើងមានសង្ឃឹមឡើង ដោយដឹងថា “គ្រីស្ទបរិស័ទកំពុងទៅជួបជុំគ្នានៅនគរស្ថានសួគ៌ម្តងមួយៗ”។—David McCasland
បទគម្ពីរប្រចាំថ្ងៃ
កូនចៀមដែលនៅកណ្តាលបល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេ ទៅដល់រន្ឋទឹកនៃជីវិត។- វិវរណៈ ៧:១៧
ប្រភេទ
ល្ងាច

សេចក្តីសម្អប់ ដែលបំផ្លាញខ្លួនឯង
ដោយDennis Fisher
April 27, 2014
លោកចច វ៉ាស៊ីនតោន ខាវ័រ (George Washington Carver ឆ្នាំ១៨៦៤-១៩៤៣) បានយកឈ្នះការប្រកាន់ពូជសាសន៍ដ៏ធ្ងន់ធ្ងរ ដោយកសាងខ្លួន ឲ្យក្លាយជាអ្នកជំនាញផ្នែកអប់រំ ដ៏ល្បីល្បាញ នៅសហរដ្ឋ អាមេរិក។ ដើម្បីជៀសវាងការឆ្លើយតបទៅគេវិញ ដោយ ភាពល្វីងជូរចត់ លោកខាវ័របានសរសេរពាក្យប្រកបដោយប្រាជ្ញាថា “សេចក្តីសម្អប់នៅក្នុងចិត្តបុគ្គលណា នឹងបំផ្លាញបុគ្គលនោះឯង"។ ក្នុងកណ្ឌគម្ពីរនាងអេសធើរ យើងអាចដឹងថា តើអ្នកដែលមានសេចក្តីសម្អប់ បាននាំឲ្យមានភាពហិនវិនាសខ្លាំងប៉ុណ្ណា ចំពោះខ្លួនឯង។ លោកម៉ាដេកាយ ជាជនជាតិយូដា ដែលមិនព្រមឱនក្បាលគោរពលោកហាម៉ាន ដែលជាមន្ត្រីជាន់ខ្ពស់ ដែលលើកតម្កើងខ្លួនក្នុងព្រះរាជវាំងនៃចក្រភពពើស៊ី។ ការនេះក៏បានធ្វើឲ្យហាម៉ានខឹងសម្បា ហើយក៏បានបំភាន់ការពិត ដើម្បីឲ្យគេយល់ថា លោកម៉ាដេកាយ និងសាសន៍របស់លោក ជាការគំរាមកំហែងដល់ចក្រភពពើរស៊ី(៣:៨-៩)។ ពេលផែនការណ៍នេះបានសម្រេច លោកហាម៉ានក៏បានទូលសូមស្តេចពើស៊ី ឲ្យកាត់ទោសប្រហារជីវិតជនជាតិយូដាទាំងអស់។ ព្រះរាជាក៏បានប្រកាសរាជក្រឹត្យដើម្បីសម្រេចការនោះ ប៉ុន្តែ មុនគេអនុវត្តច្បាប់នោះជាផ្លូវការណ៍ ព្រះនាងអេសធើរក៏បានធ្វើអន្តរាគមន៍ ហើយផែនការណ៍អាក្រក់របស់ហាម៉ាន ក៏ត្រូវលាតត្រដាងឡើង(៧:១-៦)។ ព្រះរាជាក្រោធយ៉ាងខ្លាំង បានជាទ្រង់ឲ្យគេយកហាម៉ានទៅប្រហារជីវិត នៅលើបង្គោលដែលគាត់បម្រុងទុកសម្រាប់ព្យួរកលោកម៉ាដាកាយ(៧:៧-១០)។ ពាក្យសម្តីរបស់លោកខាវ័រ និងទង្វើរបស់លោកម៉ាដាកាយ បានរំព្ញកយើងថា សេចក្តីសម្អប់នាំមកនូវក្តីហិនវិនាសសម្រាប់ខ្លួនឯង។ បើតាមបទគម្ពីរ យើងត្រូវបំបាត់សេចក្តីសម្អប់ ដោយធ្វើអំពើល្អស្នងនឹងអំពើអាក្រក់។ សាវ័កប៉ុលមានប្រសាសន៍ថា “កុំឲ្យធ្វើការអាក្រក់ស្នង នឹងការអាក្រក់ឡើយ”(រ៉ូម ១២:១៧)។ ពេលយើងទាស់ចិត្តនឹងនរណាម្នាក់ យើង“មិនត្រូវសងសឹកឡើយ”(ខ.១៩)។ ផ្ទុយទៅវិញ ចូរធ្វើទង្វើដែលត្រឹមត្រូវ(ខ.១៧) ដើម្បីឲ្យយើងអាចរស់នៅដោយ “សុខសាន្តជាមួយមនុស្សទាំងអស់”(ខ.១៨)។ _ Dennis Fisher
បទគម្ពីរប្រចាំថ្ងៃ
កុំឲ្យធ្វើការអាក្រក់ស្នងនឹងការអាក្រក់ឡើយ។- រ៉ូម ១២:១៧