ការប្រែចិត្តជឿព្រះ
មុននឹងធ្វើដំណើរទៅប្រទេសណាមួយ ខ្ញុំនិងស្វាមីរបស់ខ្ញុំបានទៅធនាគា ដើម្បីប្តូរប្រាក់ដុល្លា ទៅជាប្រាក់របស់ប្រទេសណាដែលយើងនឹងទៅលេងកំសាន្ត។ យើងធ្វើបែបនេះ ដើម្បីឲ្យយើងអាចបង់ប្រាក់ នៅក្នុងការចំណាយផ្សេងៗ នៅក្នុងប្រទេសនោះ។ ពេលយើងក្លាយជាគ្រីស្ទបរិស័ទ មានការផ្លាស់ប្តូរមួយបែបទៀតកើតឡើង។ ជីវិតរបស់យើង ដូចជាក្រដាស់ប្រាក់ ដែលយើងយកទៅដូរ ដើម្បីឲ្យបានក្រដាស់ប្រាក់មួយប្រភេទទៀត។ យើងលះបង់ជីវិតចាស់របស់យើង ដើម្បីទទួលបាននូវជីវិតថ្មីមួយទៀត ដើម្បីឲ្យយើងអាចចាប់ផ្តើម“ចាយ”ជីវិតរបស់យើង នៅក្នុងនគរមួយទៀត។ យើងមិនត្រូវចាយជីវិតរបស់យើង ដើម្បីបំពេញបំណងរបស់លោកិយឡើយ ផ្ទុយទៅវិញ យើងត្រូវចាប់ផ្តើមចំណាយជីវិតរបស់យើង ដើម្បីបំពេញបំណងព្រះទ័យរបស់ព្រះគ្រីស្ទ។ លោកសាវ័កប៉ុលបានធ្វើជាគំរូដ៏ល្អ ដែលបង្ហាញអំពីភាពខុសគ្នានេះ។ បន្ទាប់ពីជីវិតរបស់គាត់បានផ្លាស់ប្រែ ពេលគាត់កំពុងធ្វើដំណើរទៅទីក្រុង ដាម៉ាស់(កិច្ចការ ជំពូក៩) គាត់ក៏បានចាប់ផ្តើមចំណាយជីវិតរបស់គាត់ តាមរបៀបខុសពីមុន។ គាត់ឈប់តាមចាប់ខ្លួនគ្រីស្ទបរិស័ទដាក់គុក ឬតាមសម្លាប់ពួកគេទៀតហើយ ផ្ទុយទៅវិញ គាត់បានតាមរកអ្នកមិនជឿព្រះ ដើម្បីនាំគេឲ្យប្រែចិត្តជឿព្រះ។ គឺដូចដែលគាត់បានសរសេរសំបុត្រ ទៅកាន់ពួកជំនុំក្រុងកូរិនថូសថា “ឯខ្ញុំៗសុខចិត្តនឹងចែកចាយ ហើយនឹងត្រូវហិនអស់រលីងទៅចុះ ដោយព្រោះព្រលឹងរបស់អ្នករាល់គ្នា”(២កូរិនថូស ១២:១៥)។ ការគ្រប់យ៉ាងដែលគាត់បានធ្វើ គឺសម្រាប់ស្អាងវិញ្ញាណកូនខាងវិញ្ញាណរបស់គាត់(ខ.១៤,១៩)។ ការប្រែចិត្តជឿព្រះ គឺមិនគ្រាន់តែជាការផ្លាស់ប្តូរជោគវាសនារបស់យើងប៉ុណ្ណោះទេ តែថែមទាំងជាការផ្លាស់ប្តូររបៀបចំណាយជីវិតរបស់យើងជារៀងរាល់ថ្ងៃផងដែរ។ —Julie Ackerman Link
Read article