
មិនអាចគ្រប់គ្រង មិនអាចដឹងជាមុន
ដោយBill Crowder
June 7, 2014
ក្នុងជីវិតមនុស្ស មានរឿងដែលគួរឲ្យភ្ញាក់ផ្អើលជាច្រើនកើតឡើង ហើយមានការភ្ញាក់ផ្អើលខ្លះ បានដឹកនាំជីវិត ទៅតាមទិសដៅដែលយើងមិនចង់ទៅ។ ខ្ញុំនៅចាំថា កាលពីបួនប្រាំទសវត្សរ៍មុន គ្រួសាររបស់ខ្ញុំបានជួបរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ពេលឪពុករបស់ខ្ញុំបាត់បង់ការងារ ដោយមិនបានធ្វើអ្វីខុស។ យើងជួបការលំបាកយ៉ាងខ្លាំង ដោយសារក្នុងផ្ទះយើង មានក្មេងៗជាច្រើនដែលគាត់ត្រូវចិញ្ចឹម។ ទោះគាត់ដឹងច្បាស់ថា ការបាត់បង់ការងាររបស់គាត់បានកើតឡើង ដោយមិនបានដឹងជាមុន ហើយគាត់មិនអាចគ្រប់គ្រង់វាបានទេ ក៏គាត់នៅតែដឹងថា គាត់អាចជឿជាក់លើការរៀបចំដែលព្រះមាន សម្រាប់អនាគតរបស់គាត់។ ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ យើងត្រូវតែទទួលស្គាល់ថា ក្នុងជីវិតរបស់យើង មានការជាច្រើន ដែលយើង “មិនអាចគ្រប់គ្រង់បាន ហើយមិនអាចដឹងជាមុន”។ ស្ថិតក្នុងស្ថានភាពបែបនោះ សូមយើងប្រាជ្ញាពីបទគម្ពីរយ៉ាកុប ៤:១៣-១៥ ដែលបានចែងថា “ឥឡូវនេះ ឯពួកអ្នកដែលថា ថ្ងៃនេះ ឬថ្ងៃស្អែកយើងនឹងទៅឯក្រុងណាមួយ ហើយនិងនៅស្រុកនោះអស់១ឆ្នាំ ដើម្បីនឹងរកស៊ីឲ្យបានចំណេញ អ្នករាល់គ្នាមិនដឹង ជានឹងកើតមានយ៉ាងណាដល់ថ្ងៃស្អែកទេ … គួរតែបាននិយាយដូច្នេះវិញថា បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ”។ ត្រង់ចំណុចនេះ សាវ័កយ៉ាកុបានសរសេរបទគម្ពីរនេះ សម្រាប់អ្នកដែលរៀបគម្រោង ដោយមិនបានអនុញ្ញាតឲ្យព្រះដឹកនាំ។ តើការរៀបគម្រោងសម្រាប់ពេលអនាគត ជាទង្វើខុសឆ្គងឬ? ជាការពិតណាស់ វាមិនមែនជាទង្វើខុសឆ្គងទេ។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវមានប្រាជ្ញា គឺមិនត្រូវភ្លេចថា ព្រះអាចអនុញ្ញាតឲ្យហេតុការណ៍អ្វីមួយកើតឡើង “ដោយយើងមិនអាចគ្រប់គ្រង់ ឬមិនអាចដឹងជាមុន” ពេលដែលទ្រង់សព្វព្រះទ័យនឹងឲ្យវាកើតឡើង។ និយាយរួម ការគ្រប់យ៉ាងដែលកើតឡើង គឺសម្រាប់សេចក្តីល្អបំផុត ដល់អ្នកដែលស្រឡាញ់ទ្រង់ ទោះបីជានៅពេលនោះ យើងពិបាកនឹងយល់ក៏ដោយ។ យើងត្រូវតែទុកចិត្តទ្រង់ និងផែនការណ៍ ដែលទ្រង់មានសម្រាប់អនាគតយើង។ -Bill Crowder
បទគម្ពីរប្រចាំថ្ងៃ
គួរតែបាននិយាយដូច្នេះវិញថា បើយើងរស់នៅ ហើយព្រះអម្ចាស់ទ្រង់សព្វព្រះហឫទ័យ នោះយើងនឹងធ្វើការនេះ ឬការនោះ។ -យ៉ាកុប ៤:១៥