
ការប្តេជ្ញាថា នឹងយកចិត្តទុកដាក់
ដោយDavid C. McCasland
June 26, 2014
ក្នុងអំឡុងពេលជាច្រើនខែ បន្ទាប់ពីម្តាយក្មេករបស់ខ្ញុំបានលាចាកលោក យើងបានទទួលកាតប៉ុស្តាល់ និងសំបុត្រមួយចំនួន ពីក្រុមការងារមើលថែរអ្នកជម្ងឺ ដែលបានមើលថែរគាត់ ដោយសេចក្តីស្រឡាញ់ និងបានដើរជាមួយគ្រួសារយើង ក្នុងដំណើរឆ្ពោះទៅរកការបាត់បង់។ ក្នុងចំណោមសំបុត្រនោះ មានសំបុត្រមួយបានចែកចាយអំពីដំណោះស្រាយល្អ ក្នុងពេលកាន់ទុក្ខ។ ក្នុងសំបុត្រមួយទៀត គេបានសរសេរថា “ពេលថ្ងៃបុណ្យខួបកំណើតរបស់ម្តាយអ្នកឈានជិតមកដល់ យើងបាននឹកចាំគាត់ ហើយយើងបានអធិស្ឋាន និងគិតអំពីអ្នក និងគ្រួសារអ្នក”។ ក្រុមអ្នកមើលថែរដ៏ល្អទាំងនេះបានដឹងថា ការកាន់ទុក្ខ គឺជាដំណើរការមួយដែលចេះតែបន្តទៅមុខ ដែលតម្រូវឲ្យមានការបន្តជួយ និងគាំទ្រ។ ពួកគេបានបង្ហាញនូវចិត្តក្តួលអាណិតដ៏ជ្រាវជ្រៅ តាមរយៈការគ្រប់យ៉ាងដែលពួកគេបានធ្វើសម្រាប់យើង។ ពេលដែលសាវ័កប៉ុលប្រាប់យើងថា “ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះ ទើបបានសំរេចតាមក្រឹត្យវិន័យនៃព្រះគ្រីស្ទ”(កាឡាទី ៦:២) នោះគឺគាត់កំពុងតែប្រាប់យើង អំពីចំណុចសំខាន់បំផុតនៃការរស់នៅក្នុងព្រះវិញ្ញាណ។ ផ្ទុយពីការប្រព្រឹត្ត តាមនិស្ស័យសាច់ឈាម ដែលបង្ហិនបង្ហោច និងអាត្មានិយម(កាឡាទី ៥:១៩-២១) ផលផ្លែនៃព្រះវិញ្ញាណ ដែលមាននៅក្នុង និងតាមរយៈយើង មានដូចជា “សេចក្តីស្រឡាញ់ អំណរអរ មេត្រីភាព អត់ធ្មត់ សុភាព សប្បុរស ស្មោះត្រង់ ស្លូតបូត ហើយដឹងខ្នាត”(ខ.២២-២៣)។ សេរីភាពដ៏អស្ចារ្យ ដែលយើងមានក្នុងព្រះគ្រីស្ទ អនុញ្ញាតឲ្យយើងបម្រើគ្នាទៅវិញទៅមក ដោយសេចក្តីស្រលាញ់(ខ.១៣)។ ពាក្យលើកទឹកចិត្ត ដែលយើងនិយាយទៅកាន់មិត្តភ័ក្រដែលកំពុងឈឺចាប់ គឺប្រៀបបាននឹងទឹកភ្លៀងដែលធ្វើឲ្យមានភាពស្រស់ថ្លាឡើងវិញ។ ពេលយើងបន្តយកចិត្តទុកដាក់ ដោយការប្រព្រឹត្តរបស់យើង ការនោះនឹងរីកលូតលាស់ ទៅជាការប្រោសឲ្យជា និងសេចក្តីស្រឡាញ់ ដែលទ្រទ្រង់ជីវិត។-David McCasland
បទគម្ពីរប្រចាំថ្ងៃ
ចូរយកអាសាគ្នាទៅវិញទៅមក យ៉ាងនោះទើបបានសំរេចតាមក្រឹត្យវិន័យនៃព្រះគ្រីស្ទ។-កាឡាទី ៦:២