
ពេលទាល់ច្រក
ដោយJennifer Benson Schuldt
June 25, 2014
នៅពេលព្រឹកថ្ងៃអាទិត្យ លោក ឌី អ៊ែល មូឌី(D. L. Moody) បានចូលទៅក្នុងផ្ទះមួយ នៅរដ្ឋឈីកាហ្គូ ដើម្បីនាំក្មេងៗមួយចំនួន ទៅចូលរួមសាលារៀនថ្ងៃអា ទិត្យ។ នៅទីនោះ មានមនុស្សប្រុសបីនាក់ បានរុញគាត់ផ្ទប់នឹងគៀនជ្រុងជញ្ជាំងបន្ទប់ ហើយគម្រាមគាត់។ លោកមូឌីក៏និយាយថា “តើពួកលោកមិនអាចបើកឱកាស ឲ្យខ្ញុំអធិ ស្ឋានទេឬ?” ពួកគេក៏ព្រមឲ្យគាត់អំពាវនាវរកព្រះ ហើយលោកមូឌីក៏បានខំអធិស្ឋានឲ្យពួកគេអស់ពីចិត្ត ហើយពួកគេក៏បានចាកចេញពីបន្ទប់នោះ។ បើសិនជាខ្ញុំនៅក្នុងស្ថានភាពរបស់លោកមូឌីវិញ ខ្ញុំប្រហែលជាស្រែកហៅឲ្យគេជួយ ឬស្វែងរកច្រកចេញតាមទ្វារក្រោយហើយ។ ខ្ញុំប្រហែលជាមិនបានអនុវត្តតាមបង្គាប់ ដែលព្រះយេស៊ូវមានចំពោះពួកសិស្សថា “ចូរអធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខអ្នក”(លូកា ៦:២៨)។ ការអធិស្ឋានឲ្យអ្នក ដែលប្រព្រឹត្តចំពោះយើងដោយការស្អប់ខ្ពើម គឺជាវិធី “ប្រព្រឹត្តល្អចំពោះអ្នកដែលស្អប់យើង”(ខ.២៧)។ ព្រះយេស៊ូវបានពន្យល់ថា គ្រីស្ទបរិស័ទគ្មានគុណបំណាចអ្វី ពីការប្រព្រឹត្តល្អ ចំពោះអ្នកដែល “ធ្វើល្អ”ឡើយ។ ទ្រង់មានបន្ទូលថា “ដ្បិតទាំងមនុស្សមានបាបក៏ប្រព្រឹត្តដូច្នោះដែរ”(ខ.៣៣)។ ទោះជាយ៉ាងណាក៏ដោយ ការឲ្យពរដល់អ្នកដែលបៀតបៀនយើង(រ៉ូម ១២:១៤) ញែកយើងចេញពីពួកគេ ហើយចងភ្ជាប់យើងជាមួយនឹងព្រះដ៏ខ្ពស់បំផុត ព្រោះព្រះទ្រង់មានព្រះទ័យមេត្តាករុណា ទោះមនុស្សអាក្រក់យ៉ាងណាក៏ដោយ(លូកា ៦:៣៥)។ នៅថ្ងៃនេះ បើអ្នកមានអារម្មណ៍ថា “ទាល់ច្រក” ដោយសារនរណាម្នាក់ នោះចូរស្វែងរកសុវត្ថិភាព បើស្ថានភាពនោះតម្រូវឲ្យអ្នកស្វែងរកសុវត្ថិភាព ហើយចូរអនុវត្តតាមសេចក្តីបង្រៀននៃព្រះយេស៊ូវ ដែលបានឲ្យយើងអធិស្ឋានឲ្យអ្នកនោះ(លូកា ២៣:៣៤)។ ការអធិស្ឋានគឺជាការការពារខ្លួនដ៏ល្អបំផុតរបស់អ្នក។-Jennifer Benson Schuldt
បទគម្ពីរប្រចាំថ្ងៃ
ចូរ…អធិស្ឋានឲ្យអ្នកណាដែលធ្វើទុក្ខអ្នក។-លូកា ៦:២៨