ក្រុមចម្រៀងដ៏ពិសេស

ពេល​ដែល​លោក មីជ មីលល័រ(Mitch Miller) បាន​ទទួល​មរណៈ​ភាព ក្នុង​ខែ​កក្កដា ឆ្នាំ២០១០ មនុស្ស​ភាគ​ច្រើន​ដែល​ស្គាល់​គាត់ បាន​នឹក​ចាំ​ថា គាត់​ជា​អ្នក​ដែល​អញ្ជើញ​គេ​រាល់​គ្នា ឲ្យ​ច្រៀង​ជា​មួយ​គាត់។ កម្មវិ​ធី ច្រៀង​ជា​មួយលោកមីជ គឺ​ជា​កម្ម​វិធី​ទូរទស្សន៍​ដ៏​មានប្រ​ជាប្រិយ​ភាព​របស់​គាត់ នៅ​​ទសវត្សរ៍​ឆ្នាំ ១៩៦០។ នៅ​ក្នុង​កម្ម​វិធី​ទូរទស្សន៍​នេះ ក្រុម​បុរស​បាន​ច្រៀង​ប​ទ​ខ្លី ដែល​កំពុង​ពេញ​និយម ហើយ​គេ​ក៏​បាន​ដាក់​អក្សរ នៅ​លើ​កញ្ចក់​ទូរ​ទស្សន៍​សម្រាប់​ឲ្យ​អ្នក​ទស្សនា​ច្រៀង​ជា​មួយ​ដែរ។ ការសែត ឡូស អ៊ែនជែលេស ថែម(Los Angeles Times) បាន​ចុះ​ផ្សាយ​ដំណឹង​មរណៈ​ភាព​របស់​គាត់ ដោយ​ដក​ស្រង់​សម្តី​​របស់​លោក​មីល​ល័រ ដែល​ក្នុង​នោះ គាត់បា​ន​ជឿ​ថា មូល​ហេតុ​ដែ​ល​នាំ​ឲ្យ​កម្ម​វិធី​របស់​គាត់​ទទួល​ជោគ​ជ័យ គឺ​ដោយ​សារ​បទ​ខ្លី​របស់​គាត់ ដែល​ច្រៀង​ថា “ខ្ញុំ​តែង​តែ​មាន​គម្រោងជួល​អ្នក​ចម្រៀងដែ​លមាន​​សណ្ឋាន​ខុស​ៗ​គ្នា គឺ​មាន​ខ្លះ​ខ្ពស់ ខ្លះ​ទាប​ ខ្លះ​ក្បាល​ទំ​ពែក ខ្លះ​ស្គម ខ្លះ​ធាត់ មនុស្ស​មាន​សណ្ឋានខុស​ៗ​គ្នា​អញ្ចឹង”។ តាម​រយៈ​ការ​បង្រួប​បង្រួម​អ្នក​ចម្រៀង​ដែល​មាន​រូប​រាង្គ​ខុស​ៗ​ដូ​ច​នេះ បទ​ចម្រៀង​ដ៏​ពិរស​ក៏បា​ន​បន្លឺ​ឡើង ហើយ​គេ​ក៏បាន​អញ្ជើញ​ទស្ស​និក​ជនទាំង​​អស់​ ឲ្យ​​ម​ក​​ចូល​​រួម។

ក្នុង​បទ​គម្ពីរ​រ៉ូម​ ជំពូក​១៥ សាវ័ក​ប៉ុល​បាន​បង្រៀន​គ្រីស្ទ​បរិស័ទ​ទាំង​អស់ ឲ្យ​មាន​ការ​រួប​រួម​គ្នា គឺ​ដូច​ដែល​គាត់​មាន​ប្រសាសន៍​ថា “ដើម្បី​​​ឲ្យ​​អ្នក​រាល់​គ្នា​ព្រម​ព្រៀង​មូល​មាត់​តែ​មួយ​នឹង​សរសើរដំកើង ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់គ្នា”​(ខ.៦)។ គាត់​ក៏បា​ន​ដក​ស្រង់​បទ​គម្ពីរ​សញ្ញា​ចាស់​មួយ​ចំនួន ដែល​ចែង​អំពី​ការ​ដែល​សាសន៍​ដទៃ និង​សាសន៍​យូដា​រួប​រួ​ម​គ្នា​ច្រៀង​សរសើរ​ដំកើង​ព្រះ(ខ.៩-១២)។ កាល​ពី​មុន​គេ​គិត​ថា សាសន៍​ដទៃ និង​សាសន៍​យូដា​មិន​ដែល​អាច​រួប​រួម​គ្នាដូ​ច​នេះ​ឡើយ ប៉ុន្តែ ពេល​ដែល​ពួក​គេ​ចាប់​ផ្តើម​អរ​ព្រះគុណ​ព្រះ​ជា​មួយ​គ្នា សម្រាប់​សេចក្តី​មេត្តា ដែល​ទ្រង់​បាន​សម្តែង​ចេញ​តាម​រយៈ​ព្រះ​គ្រីស្ទ ការ​រួប​រួម​គ្នា​ក៏​បាន​កើត​មាន។ យើង​ក៏​អាច​មាន​ជីវិត​ពេញ​ដោយ​អំណរ សន្តិ​ភាព និង​សេច​ក្តីសង្ឃឹម​ “ដោយ​អំណាច នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ”(ខ.១៣) ដូច​ពួក​គេ​ដែរ។

យើង​ជា​ក្រុម​ចម្រៀង​ដ៏​ពិសេស ដែល​មាន​អភ័យ​ឯក​សិទ្ធិ​ច្រៀងស​រសើរ​ដំកើង​ព្រះ​ជា​មួយគ្នា!–David McCasland

More articles