
កំហុសដែលលាក់កំបាំង
ដោយDave Branon
September 5, 2014
មានកំហុសឆ្គងមួយ បានកើតឡើងក្នុងវិស័យកីឡា តែវាមិនមែនជាកំហុស ដែលបានកើតមានជាលើកទីមួយ ហើយក៏មិនមែនជាលើកចុងក្រោយដែរ។ ប៉ុន្តែ ការលើកយករឿងនេះមកនិយាយ ប្រហែលជាអាចជួយយើង មិនឲ្យមានកំហុសដ៏អាម៉ាស់ដូចនេះដែរ។ គេបានកត់សំគាល់ឃើញថា គ្រូបង្វឹកបាល់ទាត់មហាវិទ្យាល័យម្នាក់ មានបុគ្គលិកលក្ខណៈជាគ្រីស្ទបរិស័ទដ៏ល្អ ប៉ុន្តែ ក្រោយមក គាត់ក៏បានលាឈប់ពីការងារ ដោយក្តីអាម៉ាស់ បន្ទាប់ពីគេបានរកឃើញថា គាត់បានបំពានច្បាប់ ដែលបានចែងយ៉ាងច្បាស់ ដោយសមាគមន៍ជាតិអត្តពលិក នៃមហាវិទ្យាល័យ។ មានអត្ថបទទស្សនាវត្តីមួយ បានធ្វើសេចក្តីសន្និដ្ឋានថា “ភាពស្អាតស្អំរបស់គាត់ ស្ថិតនៅក្នុងចំណោមរឿងដ៏គួរឲ្យសង្ស័យបំផុត ក្នុងកីឡាបាល់ទាត់មហាវិទ្យាល័យ”។ ពេលនោះ ជាពេលដ៏អាម៉ាស់បំផុត សម្រាប់គ្រូបង្វឹករូបនេះ ប៉ុន្តែ យើងក៏ត្រូវមានការប្រុងប្រយ័ត្នផងដែរ ព្រោះនរណាក៏អាចជួបរឿងដ៏អាម៉ាស់ដូចនេះដែរ។ អារក្សតែងតែតាមល្បួងយើងម្នាក់ៗ ឲ្យធ្វើអ្វីមួយលួចលាក់ នៅក្នុងជីវិតរបស់យើង ដែលនាំឲ្យប៉ះពាល់ព្រះកិត្តិនាមរបស់ព្រះអម្ចាស់។ ជាការពិតណាស់ យើងសុទ្ធតែអាចធ្វើឲ្យខ្លួនឯងមានភាពស្អាតស្អំ ឬមានទីបន្ទាល់ល្អតែសម្បកក្រៅ។ យើងសុទ្ធតែងាយរងគ្រោះ ដោយសារការល្បួងផ្សេងៗ។ ដូចនេះ តើយើងអាចឈ្នះការល្បួងដោយរបៀបណា? ដើម្បីឈ្នះការល្បួង យើងត្រូវទទួលស្គាល់ថា ការល្បួងអាចកើតមានចំពោះមនុស្សគ្រប់គ្នា(១កូរិនថូស ១០:១៣)។ យើងត្រូវដឹងអំពីគ្រោះថ្នាក់ ដែលបណ្តាលមកពីការចាញ់ការល្បួង(យ៉ាកុប ១:១៣-១៥)។ យើងត្រូវចេះជួយជ្រោងគ្នាឡើង(សាស្តា ៤:៩-១២)។ ហើយយើងត្រូវទូលសូមឲ្យព្រះជួយយើង ដើម្បីកុំឲ្យដួលចុះ(ម៉ាថាយ ២៦:៤១)។ មានតែព្រះគុណ និងអំណាចរបស់ព្រះទេ ដែលអាចជួយយើង មិនឲ្យដួលចុះ ហើយជួយលើកយើងឡើង ពេលយើងដួល។–Dave Branon
បទគម្ពីរប្រចាំថ្ងៃ
មានពរហើយ មនុស្សណាដែលស៊ូទ្រាំនឹងសេចក្តីល្បួង។–យ៉ាកុប ១:១២