
ចូរពិចារណា អំពីពពក
ដោយDavid H. Roper
September 7, 2014
ជាច្រើនឆ្នាំកន្លងទៅ ថ្ងៃមួយ ខ្ញុំនិងកូនប្រុសទាំងពីររបស់ខ្ញុំ បាននាំគ្នាទម្រេតខ្លួន នៅលើស្មៅនៅក្នុងទីធ្លាក្រោយផ្ទះ ដើម្បីមើលពពករសាត់នៅលើមេឃ។ កូនប្រុសច្បងក៏បានសួរខ្ញុំថា “ប៉ា ហេតុអ្វីបានជាពពកអណ្តែតនៅលើមេឃ?” ពេលនោះ ខ្ញុំចង់ចែករំលែកចំណេះដឹងរបស់ខ្ញុំឲ្យវាស្តាប់ដែរ ប៉ុន្តែ កាលនោះ ខ្ញុំមិនដឹងថា ត្រូវឆ្លើយប្រាប់វាយ៉ាងដូចម្តេចទេ បានជាខ្ញុំប្រាប់វាថា “កូនអើយ ប៉ាក៏មិនដឹងដែរ។ តែ ប៉ានឹងខំស្វែងរកចម្លើយពេលក្រោយ”។ ក្រោយមក ខ្ញុំក៏បានរកឃើញថា តាមការបកស្រាយអំពីបាតុភូតធម្មជាតិ ចំហាយទឹកដែលហួតចេញពីទឹកដែលមាននៅលើដី អណ្តែតឡើងទៅលើអាកាសផ្តុំគ្នា បង្កើតបានជាពពក ហើយចំហាយក្តៅដែលហើរឡើងទៅលើមេឃ ក៏បានរួមចំណែក នៅក្នុងការធ្វើឲ្យពពកអណ្តែតនៅអាកាសផងដែរ។ ប៉ុន្តែ ការបកស្រាយតាមបែបវិទ្យាសាស្រ្ត មិនអាចផ្តល់ចម្លើយគ្រប់គ្រាន់ឡើយ។ ពពកអណ្តែត ដោយសារព្រះបានប្រើប្រាជ្ញាទ្រង់ ដើម្បីតាក់តែងច្បាប់ធម្មជាតិ ដែលនាំឲ្យបាតុភូតធម្មជាតិកើតឡើង ហើយបើកសម្តែង “កិច្ចការអស្ចារ្យរបស់ព្រះដ៏មានដំរិះសព្វគ្រប់”(យ៉ូប ៣៧:១៦)។ ដូចនេះ យើងអាចចាត់ទុកពពកជានិមិត្តរូប ឬទីសំគាល់នៃលក្ខណៈដ៏ល្អ និងព្រះគុណរបស់ព្រះ នៅក្នុងការបង្កើតលោកិយ។ ដូចនេះ បើសិនជានៅថ្ងៃមួយ អ្នកបានគយគន់រូបភាពដែលលេចឡើងក្នុងពពក សូមនឹកចាំថា ព្រះដែលបានធ្វើឲ្យរបស់សព្វសារពើ មានភាពស្រស់ស្អាត បានធ្វើឲ្យពពកអណ្តែតលើអាកាស។ ការនេះបានកើតឡើង ដើម្បីឲ្យយើងស្ញើចសរសើរ និងស្រឡាញ់ទ្រង់។ ផ្ទៃមេឃសម្តែងពីសិរីល្អរបស់ព្រះ រួមជាមួយនឹងពពកគ្រប់ប្រភេទ គ្រប់សណ្ឋាន ដែលអណ្តែតនៅនាអាកាស។–David Roper
បទគម្ពីរប្រចាំថ្ងៃ
តើលោកយល់ពីទំងន់នៃពពកជាយ៉ាងណា គឺជាកិច្ចការអស្ចារ្យរបស់ព្រះដ៏មានដំរិះសព្វគ្រប់ឬទេ?–យ៉ូប ៣៧:១៦