
ល្អ ហើយច្រើន
ដោយJoe Stowell
September 12, 2014
ខ្ញុំត្រូវតែទទួលស្គាល់ថា ខ្ញុំពិតជាចូលចិត្តញាំរបស់ផ្អែមណាស់។ ក្នុងចំណោមស្ករគ្រាប់ទាំងអស់ ដែលខ្ញុំចូលចិត្ត ស្ករគ្រាប់ហ្គូត អែន ភ្លែនធី(Good & Plenty) ស្ទើរតែក្លាយជាប្រភេទស្ករគ្រាប់ដែលខ្ញុំចូលចិត្តបំផុត! ដូចនេះ ខ្ញុំពិតជាត្រេកអរខ្លាំងណាស់ ពេលដែលបានញាំស្ករគ្រាប់ដ៏ផ្អែមទាំងនោះ។ មានរបស់ល្អជាច្រើន ដែលយើងអាចរកបាន ក្នុងជីវិត ប៉ុន្តែ របស់ល្អខ្លះមិនអាចស្ថិតស្ថេរយូរឡើយ គឺមិនខុសពីស្ករគ្រាប់ហ្គូត អែន ភ្លែនធីឡើយ។ យើងប្រហែលជាចាត់ទុករបស់ខ្លះ ជារបស់ដែលល្អបំផុត ប៉ុន្តែ ពេលដែលយើងបាត់បង់វាទៅ យើងមានអារម្មណ៍ថា ទទេ ហើយថែមទាំងស្តាយក្រោយទៀតផង។ ហេតុនេះហើយ បានជាខ្ញុំមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលដែលបានឮអ្នកនិពន្ធទំនុកដំកើងប្រកាសថា “ខ្ញុំបានទូលដល់ព្រះយេហូវ៉ាថា ទ្រង់ជាព្រះអម្ចាស់នៃទូលបង្គំ ក្រៅពីទ្រង់ ទូលបង្គំរកសេចក្តីល្អមិនបានឡើយ”(ទំនុកដំកើង ១៦:២)។ យើងសុទ្ធតែដឹងថា ព្រះទ្រង់ល្អ។ ប៉ុន្តែ តើយើងបានស្រឡាញ់ទ្រង់ ហើយរាប់ទ្រង់ជាមិត្តល្អបំផុត ក្នុងជីវិតយើងឬទេ? អ្នកនិពន្ធទំនុកដំកើងបានពន្យល់ថា ព្រះទ្រង់ល្អ ព្រោះទ្រង់ការពារយើង(ខ.១) ទ្រង់ប្រទាននូវការល្អដល់យើង(ខ.២) ទ្រង់ជួយគំនិត និងបង្រៀនយើង(ខ.៧) ហើយទ្រង់ជាព្រះដែលបង្ហាញឲ្យយើងឃើញ “ផ្លូវនៃជីវិត” ហើយបំពេញយើង ដោយសេចក្តីអំណរ ក្នុងព្រះវត្តមានទ្រង់(ខ.១១)។ ដូចនេះ ព្រះទ្រង់ល្អណាស់! តែគួរឲ្យស្តាយណាស់ ដែលជាញឹកញាប់ យើងបានបណ្តោយឲ្យរបស់ដែលមិនសូវល្អ មកជំនួសព្រះ ក្នុងជីវិតរបស់យើង។ របស់ទាំងនោះមិនអាចស្ថិតស្ថេរបានឡើយ ដូចនេះ យើងនឹងខកចិត្តនៅពេលណាមួយ ជាមិនខាន។ មានតែព្រះទេ ដែលពិតជាល្អ ចំពោះយើង! ហើយទ្រង់អាចប្រទាននូវការល្អជាច្រើន លើសពីសេចក្តីត្រូវការរបស់យើង។–Joe Stowell
បទគម្ពីរប្រចាំថ្ងៃ
ទ្រង់ជាព្រះអម្ចាស់នៃទូលបង្គំ ក្រៅពីទ្រង់ ទូលបង្គំរកសេចក្តីល្អ មិនបានឡើយ។–ទំនុកដំកើង ១៦:២