ថ្ងៃទី ២០ និង២១ ខែឧសភា ឆ្នាំ ១៩២៧ គឺជាថ្ងៃជាប្រវត្តិសាស្រ្ត នៅក្នុងវិស័យអាកាសចរណ៍ ពេលដែលលោកឆាល លីនបឺក(Charles Lindbergh) បានបើកយន្តហោះតែម្នាក់ឯង ឆ្លងកាត់មហាសមុទ្រអាត្លង់ទិច ដោយគ្មានការឈប់សម្រាកតាមផ្លូវ។ កាលពីមុន ធ្លាប់មានអ្នកផ្សេងបើកយន្តហោះកាត់មហាសមុទ្រអាត្លង់ទិចដែរ ប៉ុន្តែ គ្មាននរណាធ្លាប់បើកបរតែម្នាក់ឯង ដូចគាត់ទេ។ ដូចនេះ លោកលីនបឺកបានសម្រេចជោគជ័យជាប្រវត្តិសាស្រ្ត នៅពេលដែលគាត់ចុះចត នៅអាកាសយាន្តដ្ឋាន ឡឺ ប៊ូហ្គេត(Le Bourget Field) នៅទីក្រុងប៉ារីស មានមនុស្សរាប់ពាន់នាក់ បានទះដៃអបអរសាទរ ការធ្វើដំណើរដ៏ជោគជ័យរបស់គាត់។
ហើយពេលដែលគាត់ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ គេក៏បានផ្តល់កិត្តយសឲ្យគាត់ ដោយការដើរដង្ហែរជាក្បួន និងឲ្យរង្វាន់គាត់ សម្រាប់សេចក្តីក្លាហាន និងការមានម្ចាស់ការ។ ទោះបីជាលោកលីនបឺកអាចមានគ្រោះថ្នាក់ នៅក្នុងការបើកបរយន្តហោះតែម្នាក់ឯងក៏ដោយ ក៏ការរស់នៅ ក្នុងលោកិយដែលពេញដោយអំពើបាប អាចមានគ្រោះថ្នាក់ជាងនេះទៅទៀត។ ទោះបីជាយ៉ាងណាក៏ដោយ ត្រង់ចំណុចនេះ អ្នកដើរតាមព្រះគ្រីស្ទ អាចមានការលើកទឹកចិត្ត និងការកម្សាន្តចិត្ត ព្រោះយើងមិនចាំបាច់ត្រូវ “ធ្វើដំណើរតែម្នាក់ឯង” ឡើយ។
នៅពេលយប់ មុនពេលគេយកទ្រង់ទៅឆ្កាង ព្រះយេស៊ូវបានសន្យាថា ទ្រង់នឹងមិនបោះបង់ចោលយើងឡើយ ហើយទ្រង់នឹងចាត់ព្រះវិញ្ញាណទ្រង់ឲ្យចុះមក ឲ្យគង់នៅជាមួយយើង និងសណ្ឋិតក្នុងយើងម្នាក់ៗ(យ៉ូហាន ១៤:១៦-១៧)។ ក្រោយមក សាវ័កប៉ុលក៏បានបញ្ជាក់ផងដែរថា “តើអ្នករាល់គ្នាមិនដឹងទេឬអី ថាខ្លួនអ្នករាល់គ្នាជាព្រះវិហារនៃព្រះ ហើយថា ព្រះវិញ្ញាណនៃព្រះ ទ្រង់សណ្ឋិតក្នុងអ្នករាល់គ្នា?”(១កូរិនថូស ៣:១៦)។
ចូរយើងមានចិត្តក្លាហានឡើង ទោះលោកិយនេះ ដែលមានពេញដោយភាពអស់សង្ឃឹម និងបញ្ហាយ៉ាងណាក៏ដោយ។ ព្រះវិញ្ញាណបរិសុទ្ធទ្រង់គង់ក្នុងយើង ទ្រង់ផ្តល់ឲ្យយើងនូវសន្តិភាព និងការកម្សាន្តចិត្ត(យ៉ូហាន ១៤:២៦-២៧)។ តើអ្នកអរព្រះគុណទ្រង់ទេ ពេលដែលទ្រង់មិនទុកឲ្យអ្នកធ្វើដំណើរតែម្នាក់ឯង?–Bill Crowder