មុនពេលខ្ញុំរៀបការ ពេលស្វាមីរបស់ខ្ញុំមានការណាត់ជួប ជាមួយខ្ញុំ ខ្ញុំក៏បានយល់ថា នោះជារឿងដោយចៃដន្យទេ តែពីរបីខែក្រោយមក ខ្ញុំក៏បានដឹងថា តាមពិតស្វាមីរបស់ខ្ញុំបានរៀបចំពេលវេលាទុកជាមុន បានយ៉ាងល្អសម្រាប់ការជួបគ្នាពេលនោះ។ កាលនោះ គាត់បានមើលឃើញខ្ញុំ ពីឡៅតឿនៃព្រះវិហារ ទាំងបានរំពឹងទុកមុន ថាខ្ញុំនឹងចេញទៅតាមច្រកទ្វារមួយណា ហើយគាត់ក៏បានប្រញាប់ចុះតាមជណ្តើរ ទាំងពីរជាន់នោះ ហើយក៏បានមកដល់ច្រកទ្វារមុនខ្ញុំបន្តិច។ គាត់ក៏ឈរផ្អែកលើទ្វារ ហើយចាប់ផ្តើមការសន្ទនាជាមួយខ្ញុំ រួចបបួលខ្ញុំទៅញាំអាហារពេលល្ងាច។ ពេលនោះខ្ញុំគិតថា ការណាត់ជួបនេះ គ្រាន់តែជារឿងចៃដន្យប៉ុណ្ណោះ តែតាមពិត គាត់បានរៀបគម្រោងទុកមុនជាស្រេច។ នេះជាការរៀបចំពេល ដ៏ល្អឥតខ្ចោះមែន។
ការរៀបចំពេលវេលាដ៏ល្អឥតខ្ចោះ កម្រកើតមានណាស់ ជាពិសេសចំពោះមនុស្សយើង។ ប៉ុន្តែ ព្រះទ្រង់មានបំណងព្រះហឫទ័យ និងផែនការដ៏ជាក់លាក់សម្រាប់យើង ហើយការកំណត់ពេលវេលារបស់ទ្រង់ ក៏តែងតែល្អឥតខ្ចោះជានិច្ច។
យើងបានសង្កេតឃើញថា ការកំណត់ពេលដ៏ល្អឥតខ្ចោះបានកើតមាន ចំពោះតួរអង្គមួយចំនួនក្នុងព្រះគម្ពីរ ដូចជា អ្នកបម្រើរបស់លោកអ័ប្រាហាំដែលបានអធិស្ឋានរកភរិយាឲ្យអ៊ីសាក់។ ព្រះទ្រង់ក៏បានឆ្លើយតបការអធិស្ឋានរបស់គាត់ ដោយបាននាំស្រីក្រមុំម្នាក់ឲ្យមកជួបគាត់(លោកុប្បត្តិ ២៤)។ ចំណែកឯលោកយ៉ូសែបវិញ ត្រូវបានគេយកទៅលក់ជាទាសករ ត្រូវគេចោទបង្ខុស ហើយចាប់ដាក់គុកទៀត។ ប៉ុន្តែ នៅទីបំផុត ព្រះទ្រង់បានប្រើគាត់ ដើម្បីជួយជីវិតមនុស្សជាច្រើន នៅអំឡុងពេលមានអំណត់(៤៥:៥-៨ ៥០:២០)។ ហើយយើងមានការស្ងប់ស្ងែងចំពោះសេចក្តីក្លាហានរបស់ព្រះនាងអេសធើរ ពេលដែលលោកម៉ាដេកាយបានរំឭកព្រះនាងថា “ព្រះនាងបានតាំងឡើងក្នុងរាជ្យ សម្រាប់ពេលនេះឯងទេដឹង”(នាងអេសធើរ ៤:១៤)។
តើលោកអ្នកមានការខកចិត្ត ចំពោះផែនការ ដែលព្រះរៀបចំជាជំហានៗសម្រាប់ជីវិតអ្នកឬ? “ចូរទុកចិត្តនឹងព្រះអម្ចាស់ចុះ”(ទំនុកដំកើង ៣៧:៣)។ ព្រះទ្រង់នឹងបើកទ្វារ តាមពេលដែលទ្រង់បានកំណត់ យ៉ាងល្អឥតខ្ចោះ។ —Cindy Hess Kasper