
ការជួយឲ្យឆ្លងឧបសគ្គរួច
ដោយDennis Fisher
October 8, 2014
កាលកូនស្រីរបស់ខ្ញុំ ដេប៊ី(Debbie)នៅតូច នាងបានចូលរៀនរបាំបាឡេ។ មានការហាត់រាំមួយបែប ដែលតម្រូវឲ្យនាងលោតរំលងកំរាលរមូលមួយដុំ។ ក្នុងការព្យាយាមជាលើកទី១ នាងក៏បានលោតប៉ះកំរាលមួយដុំនោះ ហើយថយមកវិញ។ នាងបានអង្គុយនៅលើកំរាលឥដ្ឋ មួយស្របក់ ដោយស្រឡាំងកាំង ហើយនាងក៏ចាប់ផ្តើមយំ។ រំពេចនោះ ខ្ញុំក៏ប្រញាប់លើកនាងឲ្យក្រោកឡើង ហើយនិយាយលួងនាង។ បន្ទាប់មក ខ្ញុំក៏កាន់ដៃនាង ហើយរត់ទៅជាមួយនាង រហូតទាល់តែនាងអាចលោតរំលងកំរាលមួយដុំនោះ ដោយជោគជ័យ។ ដូចនេះ ដេប៊ីត្រូវការការលើកទឺកចិត្តពីខ្ញុំ ដើម្បីផ្លោះឧបសគ្គ ដែលនៅពីមុខនាង។ ខណៈដែលលោកយ៉ូហាន-ម៉ាកុស កំពុងធ្វើការជាមួយលោកប៉ុល ក្នុងដំណើរបេសកកម្មលើកទី១ គាត់បានជួបប្រទះឧបស័គ្គដ៏ធំមួយ ក្នុងដំណើរនោះ។ ពេលគាត់ជួបការលំបាកកាន់តែខ្លាំង នៅតាមផ្លូវ គាត់ក៏បោះបង់ការងារចោល។ ក្រោយមក លោកបាណាបាសក៏បានព្យាយាមរាប់បញ្ចូលលោកម៉ាកុស ក្នុងដំណើរបេសកម្មជាលើកទី២របស់ប៉ុល ហើយការប្រកែកគ្នាក៏កើតមានឡើង។ លោកបាណាបាសចង់ផ្តល់ឱកាសលើកទី២ដល់លោកម៉ាកុស ប៉ុន្តែ សាវ័កប៉ុលមិនមានទំនុកចិត្តចំពោះគាត់ទៀតទេ។ ទីបំផុត ពួកគេក៏បានចែកគ្នាជាពីរក្រុម ដែលក្នុងនោះ លោកបាណាបាសក៏បាននាំលោកម៉ាកុសទៅជាមួយ ក្នុងដំណើរបេសកកម្មរបស់ខ្លួន(កិច្ចការ ១៥:៣៦-៣៩)។ ព្រះគម្ពីរមិនបានចែងអំពីការឆ្លើយតបរបស់យ៉ូហាន-ម៉ាកុសយ៉ាងណាទេ នៅពេលដែលលោកបាណាបាសបានជួយឲ្យគាត់ឆ្លងឧបសគ្គនៃការងារបម្រើព្រះ។ តែយ៉ាងណាក៏ដោយ គាត់ប្រាកដជាបានឆ្លងកាត់ឧបសគ្គនោះរួចហើយ បានជាក្រោយមក លោកប៉ុលបានសរសេរថា យ៉ូហាន-ម៉ាកុស “មានប្រយោជន៍ក្នុងការងារខ្ញុំ” (២ធីម៉ូថេ ៤:១១)។ ពេលយើងឃើញអ្នកជឿណាម្នាក់កំពុងជួបបរាជ័យ យើងគួរតែផ្តល់ជំនួយដល់គាត់។ តើលោកអ្នកដឹងថា មានអ្នកណាខ្លះ ដែលកំពុងត្រូវការជំនួយរបស់អ្នក ដើម្បីផ្លោះឧបសគ្គ? –Dennis Fisher
បទគម្ពីរប្រចាំថ្ងៃ
មានគ្នា២នាក់ នោះវិសេសជាងនៅតែឯង . . . . ដ្បិតបើដួល នោះម្នាក់នឹងជ្រោងគ្នាឡើងវិញ។—សាស្តា ៤:៩-១០