
នៅក្នុងព្រះហស្តព្រះជានិច្ច
ដោយRandy Kilgore
October 9, 2014
ក្នុងអំឡុងរយៈពេលនៃការសិក្សាឆ្នាំទី១របស់ខ្ញុំ នៅសា លាព្រះគម្ពីរ មានមិត្តភក្តិថ្មីរបស់ខ្ញុំម្នាក់ បានរៀបរាប់អំពីជីវិតរបស់នាងឲ្យខ្ញុំស្តាប់។ ពេលប្តីរបស់នាងបោះបង់ នាងចោល នាងត្រូវចិញ្ចឹមកូនតូចៗពីរនាក់តែម្នាក់ឯង។ នាងអាចរកចំណូលបានតែបន្តិចបន្តួចប៉ុណ្ណោះ ដូច្នេះ នាងមានឱកាសតិចណាស់ នៅក្នុងការគេចចេញពីភាពក្រីក្រ និងគ្រោះថ្នាក់ទាំងឡាយ នៅក្នុងតំបន់ដែលនាងរស់នៅ។ ក្នុងនាមជាឪពុកម្នាក់ ខ្ញុំមានការប៉ះពាល់ចិត្ត ពេលបានឮនាងនិយាយអំពីក្តីបារម្ភ ដែលនាងមានចំពោះកូនៗរបស់នាង បានជាខ្ញុំសួរនាងថា “តើអ្នកអាចរ៉ាប់រងការទាំងអស់នេះដោយរបៀបណា?” នាងហាក់ដូចជាភ្ញាក់ផ្អើល ចំពោះសំណួរនេះ ហើយក៏បានឆ្លើយថា “យើងធ្វើអ្វីដែលយើងអាចធ្វើបាន ហើយខ្ញុំត្រូវថ្វាយពួកគេ ទៅក្នុងព្រះហស្តព្រះ។” ទំនុកចិត្តដែលនាងមានចំពោះព្រះ ក្នុងគ្រាមានទុក្ខលំបាក បានធ្វើឲ្យខ្ញុំនឹកចាំពីទំនុកចិត្តដែលលោកយ៉ូបមានចំពោះព្រះ(១:៦-២២)។ មួយឆ្នាំក្រោយមក នាងបានទូរស័ព្ទមកខ្ញុំ ដើម្បីអញ្ជើញឲ្យខ្ញុំទៅចូលរួមពិធីបុណ្យសព នៅផ្ទះរបស់នាង បន្ទាប់ពីកូនប្រុសរបស់នាងបានបាត់បង់ជីវិត ក្នុងការបាញ់សម្លាប់ពីក្នុងឡាន នៅតាមផ្លូវ។ ខ្ញុំក៏បានអធិស្ឋានសូមឲ្យខ្ញុំមានពាក្យ សម្រាប់កំសាន្តចិត្តនាង និងសូមឲ្យខ្ញុំមានប្រាជ្ញា ដើម្បីកុំឲ្យព្យាយាមពន្យល់អំពីរឿងដែលមិនអាចពន្យល់បាននោះ។ ទោះបីជាយ៉ាងណាក៏ដោយ ពេលខ្ញុំនៅជួយរំលែកទុក្ខនាងនៅថ្ងៃនោះ ខ្ញុំមានសេចក្តីស្ញប់ស្ញែង ពេលបានឃើញនាងនៅតែបន្តកំសាន្តចិត្តអ្នកឯទៀត ដូចកាលពីមុន ដូចនេះ ទំនុកចិត្តដែលនាងមានចំពោះព្រះ មិនបានរង្គោះរង្គើ ដោយសារព្យុះដ៏អាក្រក់ ដែលបានបក់បោកមកនោះឡើយ។ ដល់ពេលដែលខ្ញុំត្រូវលានាង នាងក៏បាននិយាយប្រាប់ខ្ញុំថា “កូនប្រុសរបស់ខ្ញុំនៅតែស្ថិតក្នុងព្រះហស្តព្រះជានិច្ច”។ ពាក្យនេះបានបង្ហាញអំពីជម្រៅនៃសេចក្តីជំនឿរបស់នាង ក្នុងពេលដ៏សោកសៅ។ នាងមិនខុសពីលោកយ៉ូបទេ ព្រោះនាង “មិនបានធ្វើបាបឡើយ ក៏មិនបានប្រកាន់ទោសដល់ព្រះដែរ”(ខ.២២)។ យ៉ាងណាមិញ យើងក៏អាចមានសេចក្តីជំនឿដែលមិនរង្គើ តាមរយៈការដើរជាមួយនឹងព្រះអម្ចាស់ ជាប្រចាំថ្ងៃផងដែរ។ —Randy Kilgore
បទគម្ពីរប្រចាំថ្ងៃ
ក្នុងគ្រប់សេចក្តីទាំងនោះ យ៉ូបមិនបានធ្វើបាបឡើយ ក៏មិនបានប្រកាន់ទោសដល់ព្រះដែរ។ —យ៉ូប ១:២២