មេរៀនដែលទទួលបានពីរបងផ្ទះ
នៅពេលខ្យល់បក់គំហុកក្នុងខែមិនា បានធ្វើឲ្យរបងព័ទ្ធជុំវិញផ្ទះរបស់យើងដួលរលំខូចអស់មួយផ្នែក ប្រតិកម្មដំបូងបំផុត ដែលខ្ញុំមាននៅពេលនោះ គឺខ្ញុំចង់ស្តីបន្ទោសឲ្យជាងដែលទើបតែបានសង់របងនោះឲ្យខ្ញុំ កាលពីរបីខែមុន។ គិតយូរៗទៅ ទើបខ្ញុំដឹងថា កំហុសគឺមកពីខ្ញុំទេ។ ព្រោះនៅពេលដែលគាត់ធ្វើរបងជិតរួចរាល់ ខ្ញុំបានឃាត់មិនឲ្យគាត់ដកបង្គោលចាស់បួនដើមចោល ដើម្បីយកបង្គោលថ្មីមកដាំជំនួស ដោយចាក់បេតុងនៅជើងបង្គោលទាំងនោះឡើយ។ កាលនោះ ខ្ញុំបានប្រាប់គាត់ថា “សូមគ្រាន់តែសង់របងពីលើបង្គោលចាស់ទាំងនោះបានហើយ។ វានឹងមិនអីទេ។” វាមិនអីមែន តែនៅពេលខ្យល់ខ្លាំងបក់មក ទើបវាមានបញ្ហា។ យ៉ាងណាមិញ ពេលដែលព្រះយេស៊ូវមានបន្ទូលអំពីរឿងអ្នកសង់ផ្ទះពីរនាក់ ទ្រង់បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការសង់ជីវិតរបស់យើងលើគ្រឹះដ៏រឹងមាំ ដោយការស្តាប់បង្គាប់តាមព្រះបន្ទូលទ្រង់។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ដូច្នេះ អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម ខ្ញុំនឹងប្រៀបធៀបអ្នកនោះដូចជាមនុស្សប៉ិនប្រយ័ត្ន ដែលសង់ផ្ទះខ្លួននៅលើថ្ម។ រួចភ្លៀងធ្លាក់មក ទឹកក៏ជន់ ហើយខ្យល់ក៏បក់ប៉ះនឹងផ្ទះនោះ តែមិនបានរលំទេ ពីព្រោះបានសង់លើថ្ម។ ឯអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ តែមិនប្រព្រឹត្តតាម អ្នកនោះធៀបដូចជាមនុស្សល្ងង់ ដែលសង់ផ្ទះរបស់ខ្លួននៅលើខ្សាច់វិញ” (ម៉ាថាយ ៧:២៤-២៦)។ កាលណាខ្យល់ និងភ្លៀងបក់ប៉ះនឹងផ្ទះទាំងនេះ គឺមានតែផ្ទះមួយដែលបានសង់នៅលើថ្មប៉ុណ្ណោះ ដែលនៅឈរមាំ។ ការស្តាប់ព្រះបន្ទូលរបស់ព្រះគឺសំខាន់ណាស់ ប៉ុន្តែ ការប្រព្រឹត្តតាមអ្វីដែលទ្រង់មានបន្ទូល នោះទើបជាគន្លឹះសំខាន់បំផុត ដើម្បីធន់នៅក្នុងព្យុះនៃជីវិតបាន។ ដរាបណាអ្នកនៅមានជីវិត នៅឡើយ សូមចាប់ផ្តើមសង់ផ្ទះនៅលើថ្មដាចុះ។ —David McCasland
Read article