ថ្មីៗនេះ ខ្ញុំបានអានអត្ថបទមួយ ដែលនិយាយអំពីការដែលមនុស្សងាយប្រើព្រះបន្ទូល តាមរបៀបខុសឆ្គង។ យើងប្រហែលជាព្យាយាមកាត់ស្រាយបទគម្ពីរ ឲ្យស្របតាមទស្សនៈរបស់យើង ជាជាងបកស្រាយបទគម្ពីរនោះ តាមបំណងព្រះហឫទ័យព្រះ។ អ្នកខ្លះបានប្រើព្រះគម្ពីរ ដើម្បីការពាររឿងអ្វីមួយ ខណៈពេលដែលអ្នកដទៃបានប្រើព្រះគម្ពីរដើម្បីវាយប្រហារមកលើរឿងនោះទៅវិញ។ ភាគីទាំងសងខាងសុទ្ធតែដកស្រង់បទគម្ពីរ ដើម្បីគាំទ្រទស្សនៈរៀងៗខ្លួន ប៉ុន្តែ អ្នកទាំងពីរមិនអាចត្រូវទាំងពីរនាក់បានឡើយ។
ពេលយើងប្រើព្រះបន្ទូល យើងចាំបាច់ត្រូវប្តេជ្ញាចិត្តថា យើងនឹងមិនបន្ថែមបន្ថយអត្ថន័យ ដ៏ពិតនៃបទគម្ពីរ ដែលយើងកំពុងប្រើនោះឡើយ។ បើសិនជាយើងប្រើព្រះបន្ទូល មិនបានត្រឹមត្រូវ នោះមានន័យថា យើងក៏បានកាត់ស្រាយព្រះបន្ទូលខុស ដែលទីបំផុត យើងអាចឈានទៅរកការបង្រៀនខុស អំពីលក្ខណៈសម្បត្តិរបស់ព្រះ។
ហេតុនេះហើយ បានជាសាវ័កប៉ុលបានលើកទឹកចិត្តដល់លោកធីម៉ូថេថា “ចូរខំប្រឹងនឹងថ្វាយខ្លួនដល់ព្រះ ទុកជាមនុស្សដែលបានល្បងលជាប់ហើយ ជាអ្នកធ្វើការ ដែលមិនត្រូវខ្មាសឡើយ ដោយកាត់ស្រាយព្រះបន្ទូលនៃសេចក្តីពិតយ៉ាងត្រឹមត្រូវ”(២ធីម៉ូថេ ២:១៥)។ គន្លឹះជាអាទិភាព ដើម្បីឲ្យយើងអាចក្លាយជាអ្នកបម្រើ ដែលមិនត្រូវខ្មាស និងអាចទទួលយកបាន គឺយើងត្រូវតែបកស្រាយ(ឬ“កាត់ស្រាយ”) ព្រះបន្ទូលរបស់ព្រះឲ្យបានត្រឹមត្រូវ។ នៅពេលយើងសិក្សាព្រះបន្ទូល យើងត្រូវពឹងផ្អែកលើព្រះវិញ្ញាណ ដែលទ្រង់ជាអ្នកបណ្តាលឲ្យគេតែងព្រះគម្ពីរ ដើម្បីឲ្យយើងទទួលបានចំណេះដឹង និងប្រាជ្ញា។
យើងអាចប្រើពាក្យសម្តី និងការប្រព្រឹត្តរបស់យើង ជាឱកាស ដើម្បីបកស្រាយព្រះបន្ទូល តាមរបៀបដែលពិតជាអាចឆ្លុះបញ្ចាំង ឲ្យគេស្គាល់បំណងព្រះហឫទ័យ។ នេះជាឯកសិទ្ធិអស្ចារ្យបំផុតមួយ ក្នុងចំណោមឯកសិទ្ធិដ៏អស្ចារ្យទាំងឡាយ នៃជីវិតគ្រីស្ទបរិស័ទ។—Bill Crowder