
ថ្ងៃនៃចម្រូត
ដោយJennifer Benson Schuldt
October 21, 2014
នៅពេលរសៀលថ្ងៃមួយ នារដូវរំហើយ ខ្ញុំបានបើកឡានកាត់ចំការមួយ ហើយក៏បានឃើញកសិករម្នាក់ចតគ្រឿងម៉ាស៊ីនធំៗមួយចំនួន នៅតាមចិញ្ចើមថ្នល់។ ខ្ញុំក៏បានឃើញមានផ្លាកសញ្ញាគ្រោះថ្នាក់ ដែលមានផ្ទៃពណ៌លឿង និងមានអក្សរសរសេរពីលើថា “ការប្រមូលផលកំពុងដំណើរការ”។ គ្រាន់តែក្រលេកមើលចំការនោះតែបន្តិច ខ្ញុំក៏អាចដឹងភ្លាម ថាម្ចាស់ចំការនោះ បានយកអ្វីមកដាំកាលពីបួនប្រាំខែមុន គឺគាត់បានយកគ្រាប់ពោតតូចៗមកដាំ។ បានជាខ្ញុំអាចដឹងយ៉ាងដូចនេះ ព្រោះខ្ញុំឃើញគាត់កំពុងរៀប ចំបើកបរម៉ាស៊ីនច្រូតកាត់ដើមពោត ដែលកំពុងពេញផ្លែ ក្នុងផ្ទៃដីរាប់ហិចតា។ ថ្វីដ្បិតតែយើង សុទ្ធតែបានដឹងច្បាស់ហើយថា ផ្លែពោត គឺកើតចេញដើមពោត ដែលគេបានដាំ ប៉ុន្តែ ពេលខ្លះយើងមិនព្រមទទួលស្គាល់លទ្ធផល ដែលច្រូតកាត់បានពីការសាបព្រោះ ខាងឯវិញ្ញាណរបស់យើងឡើយ។ លោកសាវ័កប៉ុលចែងថា “កុំឲ្យច្រឡំឡើយ . . . ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ”(កាឡាទី ៦:៧)។ ការរស់នៅដែលបំពេញសេចក្តីប៉ងប្រាថ្នារបស់សាច់ឈាម នាំឲ្យទទួលផលជាសេចក្តីពុករលួយ មានន័យថា យើងកំពុងចង់បានអ្វីដែលមិនមែនជារបស់ផងខ្លួន ដោយគិតតែប្រយោជន៍ផ្ទាល់ខ្លួន ហើយថែមទាំងធ្វើការអាក្រក់ជាច្រើនទៀត(៥:១៩-២១)។ ការដើរតាមការដឹកនាំនៃព្រះវិញ្ញាណ នាំឲ្យបង្កើតផលជាសេចក្តីមេត្រីភាព សប្បុរស ហើយដឹងខ្នាត(៥:២២-២៣)។ ដោយសារព្រះគុណរបស់ព្រះ នោះយើងអាចសម្រេចចិត្ត“ព្រោះគ្រាប់ពូជខាងព្រះវិញ្ញាណ” រួចច្រូតបានជីវិតអស់កល្បជានិច្ច(៦:៨)។ ឧបមាថា ព្រះយេស៊ូវប្រកាសថា ថ្ងៃនេះជា “ថ្ងៃនៃចម្រូត” នៅក្នុងជីវិតរបស់យើង ហើយទ្រង់ឲ្យយើងប្រមូលផលដែលកើតចេញពីការសម្រេចចិត្ត ដែលយើងមានជាប្រចាំថ្ងៃ អស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ តើយើងនឹងបង្ហាញផលផ្លែអ្វីខ្លះដល់ទ្រង់?—Jennifer Benson Schuldt
បទគម្ពីរប្រចាំថ្ងៃ
ដ្បិតពូជណាដែលមនុស្សព្រោះចុះ នោះនឹងច្រូតបានពូជនោះឯងវិញ។ —កាឡាទី ៦:៧