ទៅតាមផ្លូវមួយណា?
ការសួររកផ្លូវ មិនមែនជាអ្វីដែលខ្ញុំចូលចិត្តធ្វើនោះឡើយ ។ ពេលខ្ញុំវង្វេងផ្លូវ ខ្ញុំតែងតែគិតថា បើសិនជាខ្ញុំខំបន្តរកផ្លូវដោយខ្លួនឯងឲ្យយូរបន្តិចទៅ នោះខ្ញុំនឹងរកឃើញផ្លូវជាមិនខានទេ។ ប៉ុន្តែ ភរិយារបស់ខ្ញុំគឺ ម៉ាតេ(Martie) តែងតែឆាប់សួររកផ្លូវ ហើយយល់ថា ខ្ញុំមិនព្រមទទួលស្គាល់ថា ខ្លួនឯងមិនអាចរកផ្លូវធ្វើដំណើរឃើញនោះឡើយ។ នៅទីបំផុត នាងជាមនុស្សដែលឆ្លាតជាងខ្ញុំ ព្រោះនាងអាចរកផ្លូវទៅធ្វើដំណើរបានយ៉ាងឆាប់រហ័ស ដោយគ្មានការព្រួយបារម្ភអ្វីឡើយ ខណៈពេលដែលខ្ញុំនៅតែមិនអាចរកផ្លូវឃើញដោយខ្លួនឯង។ ការគិតថា ខ្លួនឯងជាមនុស្ស ដែលឆ្លាតល្មមនឹងអាចត្រួសត្រាយផ្លូវដោយខ្លួនឯងបាន គឺប្រាសចាកនឹងការដាស់តឿនរបស់ព្រះគម្ពីរ ដែលបានចែងថា “មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អ ដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះ គឺជាសេចក្តីស្លាប់”(សុភាសិត ១៦:២៥)។ ពេលយើងទៅដល់ផ្លូវបំបែក ក្នុងដំណើរនៃជីវិត យើងចាំបាច់ត្រូវឈប់សិន ដើម្បីទូលសូមឲ្យព្រះអម្ចាស់បង្ហាញផ្លូវដល់យើង “ដ្បិតអស់ទាំងផ្លូវរបស់ព្រះយេហូវ៉ាសុទ្ធតែទៀងត្រង់”(ហូសេ ១៤:៩)។ ជីវិតមនុស្សគឺជាការធ្វើដំណើរ ដែលត្រូវមានទិសដៅ។ ជាការចាំបាច់ខ្លាំងណាស់ ដែលយើងត្រូវអនុញ្ញាតឲ្យព្រះដឹកនាំជីវិតយើង ឆ្ពោះទៅរកទំនាក់ទំនងដ៏មានពរ និងសុខសាន្ត ទៅរកការសម្តែងចេញនូវសេចក្តីស្រឡាញ់ និងការបម្រើដ៏មានន័យ ទៅរកការពិសោធន៍ជាមួយព្រះ និងទៅរកគោលដៅសំខាន់ៗជាច្រើនទៀត។ ការសុំឲ្យព្រះបង្ហាញទិសដៅដល់យើង គឺមិនគ្រាន់តែជាគំនិតល្អប៉ុណ្ណោះទេ តែថែមទាំងមានសារៈសំខាន់ណាស់។ “ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត … នោះទ្រង់នឹងដំរង់អស់ទាំងផ្លូវច្រករបស់ឯង”(សុភាសិត ៣:៥-៦)។—Joe Stowell
Read article