
សេចក្តីអំណរ
ដោយJulie Ackerman Link
December 16, 2014
បន្ទាប់ពីអ័ដាំម និងនាងអេវ៉ាមិនស្តាប់បង្គាប់ព្រះ សេចក្តីអំណរក៏បានបាត់បង់។ ព្រះបានបណ្តេញពួកគេចេញពីសួនច្បារ ដែលជាទីលំនៅរបស់ពួកគេ ដើម្បីការពារមិនឲ្យមានហេតុការណ៍កាន់តែអាក្រក់ កើតឡើងនៅទីនោះ។ ព្រោះថា ពួកគេបានញាំផ្លែនៃដើមដឹងខុសត្រូវហើយ ដូចនេះបើពួកគេញាំផ្លែនៃដើមជីវិតទៀតនោះ នោះពួកគេនឹងត្រូវរស់នៅ ក្នុងសេចក្តីទុក្ខវេទនាជារៀងរហូត។ ការមានជីវិតរស់នៅ ខាងក្រៅសួនច្បារ គឺមិនមានភាពងាយស្រួលទេ ព្រោះអ័ដាំម និងនាងអេវ៉ាត្រូវខិតខំធ្វើការ ដើម្បីចិញ្ចឹមជីវិត។ ម្យ៉ាងទៀត សេចក្តីស្លាប់កើតមានគ្រប់ទីកន្លែង ហើយមានសត្វសាហាវដែលចាប់សត្វដទៃទៀតជាអាហារ។ ពួកគេជួបហេតុការណ៍កាន់តែអាក្រក់ ពេលដែលកូនប្រុសច្បងរបស់ខ្លួន បានសម្លាប់កូនប្រុសប្អូន។ តើមានអ្វីដែលអាក្រក់ជាងនេះទៀត? អំពើបាបបានចាក់ទំលុះជីវិតរបស់ពួកគេ ហើយអ្នកទាំងពីរមិនអាចឃាត់សេចក្តីអំណរមិនឲ្យរីងស្ងួតបានឡើយ។ ប៉ុន្តែ ព្រះទ្រង់បានរៀបផែនការ ដើម្បីស្អាងឲ្យមានសេចក្តីអំណរឡើងវិញ។ សេចក្តីអំណរបានបាត់បង់ នៅក្នុងសួនច្បារ ពេលដែលសេចក្តីស្លាប់បានចូលមក ប៉ុន្តែ សេចក្តីអំណរបានវិលត្រឡប់មកវិញ តាមរយៈការចាប់កំណើតនៃព្រះរាជបុត្រារបស់ព្រះ។ គឺដូចដែលមានសេចក្តីចែងថា “ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា”(លូកា ២:១០)។ ពេលព្រះយេស៊ូវទ្រង់ពេញវ័យ ទ្រង់បានប្រោសមនុស្សឈឺឲ្យជា និងមនុស្សខ្វាក់ឲ្យមើលឃើញ ហើយបានប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ ប៉ុន្តែ នេះគ្រាន់តែជាដើមចមនៃការដែលត្រូវមកប៉ុណ្ណោះ។ ព្រះទ្រង់បានយាងចូលមក ក្នុងលោកិយនេះ ទ្រង់បានជ្រាបអំពីទុក្ខសោករបស់យើង ទ្រង់បានឈ្នះសេចក្តីស្លាប់ ទ្រង់បានប្រទានសេចក្តីសង្ឃឹមថា ទ្រង់នឹងបញ្ចប់ការឈឺចាប់ តាមបន្ទូលសន្យារបស់ទ្រង់ ហើយលប់បំបាត់ទុក្ខសោក និងសេចក្តីស្លាប់(យ៉ូហាន ១១:២៥-២៦ ១កូរិនថូស ១៥:៣-៤ វិវរណៈ ២១:៤)។ ការនេះក៏បានបញ្ជាក់ច្បាស់ថា ណូអែលជារដូវកាលនៃក្តីអំណរ!—Julie Ackerman Link
បទគម្ពីរប្រចាំថ្ងៃ
មើល ខ្ញុំមកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា។—លូកា ២:១០