យើងបានហៅណូអែលថា រដូវកាលនៃការឲ្យ។ ភាគច្រើន យើងខំរកនឹក ថាតើមិត្តភ័ក្រ និងក្រុមគ្រួសារយើងចង់បានអំណោយអ្វីខ្លះ ប៉ុន្តែ អំណោយទាំងអស់ដែលយើងជូនទៅពួកគេ មិនសុទ្ធតែមានតម្លៃស្មើគ្នាឡើយ។ មានអំណោយខ្លះ យើងឲ្យទៅគេ ដើម្បីបំពេញតាមសេចក្តីត្រូវការ ឬការចង់បានរបស់គេ។ អំណោយទាំងនោះមានដូចជា ឧបករណ៍សម្រាប់ហាត់ប្រាណ ឬសៀវភៅដែលនិយាយអំពីការសម្រកទម្ងន់ជាដើម។ អំណោយដទៃទៀត ជាអំណោយដែលអ្នកឲ្យចង់បានសម្រាប់ខ្លួនឯង។ ប៉ុន្តែ អំណោយដែលល្អបំផុត ជាអំណោយដែលទទួលបានពីអ្នកដែលស្រឡាញ់យើង ហើយដឹងថាយើងចង់បានអ្វី។
ក្នុងពិធីបុណ្យណូអែលឆ្នាំមុន គ្រូគង្វាលរបស់ខ្ញុំ គឺលោកជីម សេមរ៉ា(Jim Samra) បានលើកទឹកចិត្តយើង ឲ្យគិតអំពីការយាងមកនៃព្រះគ្រីស្ទ តាមរបៀបមួយទៀត។ យើងដឹងថា ព្រះយេស៊ូវជាអំណោយដ៏គ្រប់លក្ខណ៍ដែលព្រះប្រទានមកយើង(រ៉ូម ៦:២៣) ប៉ុន្តែ មានការមួយទៀតដែលលោកគ្រូជីមចង់ឲ្យយើងគិត។ គាត់មានប្រសាសន៍ថា ការយាងចុះមករបស់ទ្រង់ ក៏អាចមានលក្ខណៈដូចជា អំណោយដែលទ្រង់ថ្វាយទៅព្រះវរបិតាផងដែរ។ ព្រះយេស៊ូវស្រឡាញ់ព្រះវរបិតាទ្រង់ ហើយជ្រាបថា សម្រាប់យើងដែលជាស្នាព្រះហស្តទ្រង់ ការអ្វីដែលព្រះបិតាចង់បានបំផុត គឺការផ្សៈផ្សាឲ្យយើងបានជានឹងទ្រង់ឡើងវិញ។ ដោយសារព្រះយេស៊ូវ បានយាងមកយកកំណើតជាមនុស្ស នោះយើងអាចក្លាយជាដង្វាយបរិសុទ្ធ ឥតសៅហ្មង ហើយឥតកន្លែងបន្ទោសបាន នៅចំពោះទ្រង់(កូល៉ុស ១:២២)។
ពេលណាយើងគិតថា ខ្លួនយើងជាអំណោយសម្រាប់ព្រះ ពេលនោះយើងក៏ចង់ក្លាយជាអំណោយដ៏មានតម្លៃ “ដើម្បីឲ្យបានដើរបែបគួរនឹងព្រះអម្ចាស់ ទាំងគាប់ចិត្តដល់មនុស្សទាំងអស់ ឲ្យបានបង្កើតផលក្នុងគ្រប់ទាំងការល្អ ហើយឲ្យស្គាល់ព្រះកាន់តែច្បាស់ឡើង”(ខ.១០)។ —Julie Ackerman Link